ភ្នំពេញៈ ការ​ប្រកួត​ហ្វុតសាល​ពាន​រង្វាន់​ស្ពនស័រ (Sponsor Futsal Cup) ឆ្នាំ ២០១៧ ប្រចាំ​មណ្ឌល​ខេត្ត​សៀមរាប បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង ២ ដែល​ត្រូវ​ឡើង​មក​ប្រកួត​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ហើយ ប៉ុន្តែ​មិន​មែន​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ សៀមរាប​អេហ្វស៊ី នោះ​ទេ។

តាមរយៈ​ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​ចំនួន ៤០ នៅ​លើ​ទីលាន​ក្នុង​ក្លិប​កីឡា​យុវជន កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ក្រុម Garuda FC និង​ក្រុម Next Step FC គឺជា​បេក្ខភាព ដែល​ឈ្នះ​កៅអី​ទាំង ២ ប្រចាំ​នៅ​មណ្ឌល​រៀមរាប ប៉ុន្តែ​សៀមរាប​អេហ្វស៊ី ដែល ធ្លាប់​ទទួល​បាន​តំណែង​ជើងឯក ប្រចាំ​មណ្ឌល​សៀមរាប និង​បាន​លេខ ៣ ទូទាំង​ប្រទេស កាល​ឆ្នាំ ២០១៦ បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

ក្រុម​សៀមរាប​អេហ្វស៊ី បាន​ដាក់ ២ ក្រុម ចូលរួម​ប្រកួត​នៅ​ឆ្នាំនេះ គឺ Siem Reap FC និង Siem Reap FC (A) ដើម្បី​រក្សា​តំណែង​ជើងឯក​របស់​ខ្លួន ប៉ុន្តែ​តាម​ការ​ប្រកួត​ជាក់​ស្តែង គឺ Siem Reap FC (A) បាន​ចាញ់​ក្រុម Garuda FC ១-០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

ការទម្លាក់​ជើងឯក​ឆ្នាំ​ចាស់ សៀមរាប​អេហ្វស៊ី បាន​ធ្វើ​ឲ្យ​ក្រុម Garuda FC ក្លាយជា​ក្រុម ដែល​ឈ្នះ​គ្រប់ការ​ប្រកួត មុន​ពេល​ពួកគេ​បន្ត​យក​ឈ្នះ​ក្រុម Next Step FC ៤-៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ អម​ជាមួយ​ប្រាក់​រង្វាន់ ២ លាន​រៀល ឯ​ក្រុម​លេខ ២ Next Step FC ក៏​ទទួល​បាន​ប្រាក់​រង្វាន់ ១,៦ លាន​រៀល ផងដែរ។

បន្ថែម​លើ​នេះ​ក្រុម Garuda FC និង​ក្រុម Next Step FC បាន​ក្លាយជា​បេក្ខភាព ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ តំណាង​ឲ្យ​មណ្ឌល​ខេត្ត​សៀមរាប ជាមួយ​ក្រុម​ខ្លាំង​ចំនួន ៨ មក​ពី​មណ្ឌល​ផ្សេងៗ​ទៀត ខណៈ Rooling FC និង​ក្រុម Home Sport FC ជា​ក្រុម​ឈ្នះ​កៅអី​នៅ​មណ្ឌល​ភ្នំពេញ ហើយ​ក្រុម Sisophon FC និង​ក្រុម Family FC ជា​ក្រុម​តំណាង​ឲ្យ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​មណ្ឌល​ខេត្ត​ព្រៃវែង និង​មណ្ឌល​ខេត្ត​ព្រះសីហនុ នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​ខ្លាំង​នៅ​ឡើយ​ទេ។

ជាមួយ​នឹង​ការ​ទទួល​បាន​ឱកាស​មក​ឡើង​ប្រកួត​នៅ​ជុំ​ផ្តាច់ព្រ័ត្រ​នេះ ប្រធាន​ក្រុម​នៃ​ក្រុម Next Step FC ប្រាក់ ចាន់នី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «សមាជិក​ក្នុង​ក្រុម Next Step និង Garuda FC សុទ្ធ​តែ​អ្នក​ស្គាល់គ្នា ព្រោះ​ធ្លាប់​លេង​ជាមួយ​គ្នា​ញឹកញាប់ ហើយ​ក្រុម​ទាំង ២ នេះ​មាន​កម្រិត​លេង​មិន​លើស​គ្នា​ប៉ុន្មាន​ទេ ព្រោះ​កីឡាករ​ភាគ​ច្រើន​លេង​បាន​ល្អ និង​មាន​បទពិសោធ​លេង​ច្រើន​ដូចគ្នា»។

កីឡាករ ប្រាក់ ចាន់នី បាន​បន្ថែម​ថា៖ «យ៉ាងណា​ក៏ដោយ ក្រុម​ដែល​យើង​ត្រូវ​ជួប​នៅ​ជុំ​ផ្តាច់ព្រ័ត្រ មក​ពី​មណ្ឌល​ផ្សេង​ទៀត សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង ពិសេស​ក្រុម​នៅ​មណ្ឌល​ភ្នំពេញ ហេតុនេះ​យើង​ត្រូវតែ​បង្កើន​ការ​ហ្វឹកហាត់​បន្ថែម​ទៀត ព្រោះ​កន្លង​មក​សមាជិក​ក្រុម​របស់​យើង​មិនសូវ​បាន​ហាត់​ជុំគ្នា​ទេ ដោយសារ​មាន​រវល់​រៀងៗ​ខ្លួន ហើយ​ក្រុម​យើង​ក៏មិន​សូវមាន​បទពិសោធ​លេង​នៅ​តារាង​តូច​ប៉ុន្មាន​ដែរ គឺ​យើង​ភាគច្រើន​យើង​លេង​នៅ​តារាង​ធំ ក្នុង​នោះ​ក្រុម​ខ្ញុំ ក៏​ធ្លាប់​បាន​ចូល​លេង​ក្នុង​វគ្គ​ជម្រុះ​ពាន​សម្តេច ហ៊ុន សែន និង​លីក ២ ផងដែរ»៕