ភ្នំពេញៈ ក្រុម​អត្តពលិក​កីឡា​សូហ្វតិន្នីស​កម្ពុជា នឹង​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍ The 7th Thailand Open International Soft Tennis Championship 2018 នៅ​ទីក្រុង Nakhon Ratchasima ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ។

សម្រាប់​ការប្រកួត​នេះ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា ដែល​ទើបតែ​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ ក្នុង​អាណត្តិ​ទី ២ ថ្មី ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២២ ដោយ​បាន​ដាក់​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ ជំនួស​ប្រធាន​ចាស់ លោក​ឧត្តម​សេនីយ៍​ឯក ឈឹម ជួន ដែល​បាន​ទទួល​មរណភាព កាល​ពី​ឆ្នាំ ២០១៦ នោះ គឺ​បាន​បញ្ជូន​អត្តពលិក របស់​ខ្លួន ១៨ នាក់ គ្រូបង្វឹក ៤ នាក់ រួម​ជាមួយ​មន្ត្រី​កីឡា និង​ប្រធាន​ប្រតិភូ សរុប ២៤ នាក់ ទៅ​ចូលរួម​ការ​ប្រកួត​នេះ។

កីឡាករ ឯក ចំរើន, កាន់ សោភ័ណ, អន សម្បត្តិ, យី សរ​សារិទ្ធ, សៀង ម៉ៅ, ឌឹ​ម សំសម្បត្តិ, ប៉ិល វ៉ាន់នី, ចន ម៉ាដា, សាយ សុចិត្ត្រា, រិន សុធារី, ឃី ម៉េង​ជួង, យាន សុខឿន កីឡាការិនី រិន សុធារី, ម៉េត ម៉ារីយ៉ាន, ជិន ស្រីឡូយ, បូរ ទីង​ហ៊ុយ, ឃនសាត សាន្នីតា និង​កញ្ញា ឃន​សាត ពេជ្រ​បូណ៌មី គឺជា​បេក្ខភាព ដែល​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ការ​ចូលរួម​ការ​ប្រកួត​នេះ ប៉ុន្តែ​ការ​ចំណាយ​គ្រប់​បែប​យ៉ាង ជា​បន្ទុក​របស់​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា ផ្ទាល់ ដែល​គ្រោង​ចំណាយ​ជាង ១ ម៉ឺន​ដុល្លារ។

ទាក់ទង​នឹង​ការប្រកួត​នេះ លោក​ឧត្តមសេនីយ៍​ឯក ជា ប៊ុនហេង អនុប្រធាន​ទី ១ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ការ​ប្រកួត​នេះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​អង្គារ​ថា៖« នៅ​ពេល​នេះ ក្រុម​សូហ្វតិន្នីស​របស់​យើង កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ពិភពលោក​លេខ ៩ ក្នុង​ចំណោម ៤៥ ប្រទេស ហើយ​ការ​ប្រកួត​នេះ យើង​ត្រូវ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាង​នេះ»។

កីឡាករ កីឡាការិនី​ទាំង ១៨ នាក់​របស់​កម្ពុជា ខាងលើនេះ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង នៅ​គ្រប់​វិញ្ញាសា​ទាំង ៧ ដែល​គេ​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ The 7th Thailand Open International Soft Tennis Championship 2018 នេះ ក្នុង​នោះ​មាន​វិញ្ញាសា​ប្រកួត​ជា​ក្រុម​បុរស ដោយ​កម្ពុជា​មាន ២ ក្រុម ប្រកួត​ជា​ក្រុម​នារី ប្រកួត​ឯកត្តជន​បុរស ឯកត្តជន​នារី​ប្រកួត​គូ និង​ប្រកួត​វាយ​គូ​ចម្រុះ (ស្រី ១ ប្រុស ១)។

លោក យី សារិន និង​លោក ម៉ាសា​តូ អូហ្គីវ៉ារ៉ា ដែលជា​គ្រូបង្វឹក​ក្រុម​សូហ្វតិន្នីស​កម្ពុជា​ហាក់​មាន​ទំនុក​ចិត្ត​ខ្ពស់​ទៅ​លើ​សិស្ស​របស់​ខ្លួន​ថា នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ ក្នុងការ​ប្រកួត​នេះ។

លោក សារិន បាន​និយាយ​ថា៖ «នេះ​ជាការ​ប្រកួត​ដ៏​សំខាន់​បំផុត ដើម្បី​យើង​អាច​ឡើង​ចំណាត់​ថ្នាក់​ពិភពលោក កាន់​តែ​ល្អ ហើយ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ ព្រោះ​អត្តពលិក​របស់​យើង បាន​ព្យាយាម​ហ្វឹកហាត់​ជាប់​រហូត​មក គឺ​មិន​មែន​ទើប​តែ​ខំប្រឹង​ហាត់ ត្រៀម​ការ​ប្រកួត​នៅ​ថៃ​មួយ​នេះ​នោះ​ទេ»៕