ភ្នំពេញៈ គ្រូបង្វឹក​ជនជាតិ​ប៉ាគីស្ថាន​ទាំង ២ នាក់​របស់​សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា កំពុង​មមាញឹក​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ ទាំង​ផ្នែក​បុរស និង​នារី នៅ​លើ​ទីលាន​ចំនួន ៣ ដើម្បី​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​ធំ​ចំនួន ២ គឺ​ក្រុម​បុរស ប្រកួត​នៅ​ថៃ នា​ខែ​មេសា និង​ក្រុម​នារី ប្រកួត​នៅ​សិង្ហបុរី ខែ​មិថុនា ឆ្នាំ ២០១៨។

លោក Rana Asif Maqsood គ្រូបង្វឹក​ជម្រើសជាតិ​ហុកគី​កម្ពុជា បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ «ក្រុម​យុវជន​បុរស កំពុង​ហាត់​នៅ​ទីលាន​ទួលគោក ទីលាន​ស្ទឹង​មានជ័យ និង​ទីលាន​ផ្សារ​គគីរ នៅ​ស្រុក​កៀនស្វាយ ដើម្បី​ត្រៀម​ទៅ​ប្រកួត​ជម្រុះ​វគ្គ​អនុគ្រោះ នៅ​ក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី ២៥ ដល់​ទី ២៩ ខែ​មេសា ដើម្បី​ទទួល​បាន​សិទ្ធ​ទៅ​ប្រកួត​អូឡាំពិក​ហុកគី​ផ្នែក​យុវជន នៅ​ប្រទេស​អាហ្សង់ទីន»។

សព្វថ្ងៃនេះ ការ​ហ្វឹកហាត់​កីឡា​ហុកគី មាន​កីឡាករ ៣០ នាក់ ប៉ុន្តែ​ការ​ត្រៀម​ទៅ​ប្រកួត​ជម្រុះ​នេះ សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា សម្រិត​សម្រាំង​យក​តែ ១២ នាក់​ទេ ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ចំនួន ១៤ មាន​កម្ពុជា ថៃ ឥណ្ឌូនេស៊ី ចិន​ហុងកុង ចិន​តៃប៉ិ ប្រុយណេ មីយ៉ាន់ម៉ា និង​សិង្ហបុរី ជាដើម។

មុន​ចេញទៅ​ប្រកួត​ដណ្តើមយក​កៅអី នៅ​អូឡាំពិក​នេះ ក្រុម​ហុកគី​កម្ពុជា នឹង​ចេញ​ទៅ​ហាត់​បន្ថែម​នៅ​ថៃ ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​មេសា​ទៅ ហើយ​ថ្លៃ​ធ្វើ​ដំណើរ ដោយ​រថយន្ត ការ​ហូប​ចុក និង​ស្នាក់​នៅ​ថៃ ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​លោក Dato Sri Chaia Pak Siriwat ប្រធាន​សហព័ន្ធ​កីឡា​ហុកគី​ថៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហុកគី​អាស៊ី។

ទោះជា​យ៉ាងណា​កម្រិត​បច្ចេកទេស​របស់​កីឡាករ​ហុកគី​កម្ពុជា មាន​កម្រិត​ទាប ព្រោះ​ទើប​ចូល​ហាត់ មិន​ដល់​មួយ​ឆ្នាំ​ផង។

លោក A Faqahmed គ្រូ​ជំនួយ​មក​ពី​ប្រទេស​ប៉ាគីស្ថាន បាន​និយាយ​ថា៖ «ក្រុម​បុរស​យើង មិន​ទាន់​មាន​សមត្ថភាព​ឈ្នះ​គេ​ទេ ព្រោះ​នេះ​ជា​លើក​ដំបូង ដែល​យើង​ហ្វឹកហាត់ ដើម្បី​ចេញ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ យក​បទពិសោធ ដោយ​យើង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សហព័ន្ធ​កីឡា​ហុកគី​អាស៊ី»។

លោក A Faqahmed បន្ថែម​ថា៖ «ចំពោះ​ក្រុម​នារី ដែល​គ្រោង​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ឈ្មោះ​ថា សហព័ន្ធ​កីឡា​ហុកគី​ស្ត្រី​ពិភពលោក ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា ដល់​ខែ​កក្កដា នៅ​សិង្ហបុរី​វិញ គឺមាន​សមត្ថភាព​ល្អ ក្នុងការ​ប្រជែង​ជាមួយ​ប្រទេស​ចំនួន ១៣ ក្នុង​ព្រឹត្តិការណ៍​នេះ ក្នុង​នោះ​មាន​ប្រុយណេ ចិន​តៃប៉ិ ចិន​ហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អ៊ូសបេគីស្ថាន និង​ប៉ាគីស្ថាន ជាដើម»។

គួរ​បញ្ជាក់ថា ក្រុម​ហុកគី​នារី​កម្ពុជា ដែល​ធ្លាប់​ឈរ​លេខ​រៀង ៧១ ក្នុង​ចំណោម ១៣០ ប្រទេស គឺ​បច្ចុប្បន្ន ឡើង​មក​ឈរ​នៅ​លេខ​រៀង ៦។ ចំណែក​នៅ​ទ្វីប​អាស៊ី គឺ​ក្រុម​ហុកគី​នារី​កម្ពុជា ឈរ​នៅ​លេខ ១២ ក្នុង​ចំណោម ៣០ ប្រទេស ឯ​ហុកគី​នារី ក្នុង​សាល​វិញ គឺ​ក្រុម​កម្ពុជា ឈរ​នៅ​លេខ​ទី ៨ ក្នុង​ចំណោម ៣៦ ប្រទេស។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា បាន​ប្រាប់​ថា៖ «ហុកគី ជា​ប្រភេទ​កីឡា​អូឡាំពិក លេង​ជា​ក្រុម អ៊ីចឹង​ពិត​ជា​លំបាក​ដណ្តើម​យក​មេដាយ​ណាស់។ ទោះ​ជា​យ៉ាង​ណា ការ​ខិតខំ​របស់​លោក Rana Asif Maqsood និង​មាន​ការ​ជួយ​ពី​លោក Dato Sri Chaia Pak Siriwat នោះ យើង​ចេះ​តែ​ដំណើរការ​បាន​ជា​ជំហានៗ មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ប៉ុន្តែ​មិន​ទាន់​សង្ឃឹម​ថា អាច​ដណ្តើម​បាន​មេដាយ​នៅ​ឡើយ​ទេ»៕