ភ្នំពេញៈ នៅ​ទី​បំផុត ​ក្រុម​កីឡាអេឡិចត្រូ​និក​របស់​កម្ពុជា Never Care មិន​អាច​រក្សា​តំណែងជើង​ឯក​របស់​ខ្លួន​ ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​អន្តរជាតិ​កម្រិត​តំបន់  MATIC (Mission Against Terror International Championship) កាល​ពី​ឆ្នាំ​២០១៧​ បាន​នោះ​ទេ បន្ទាប់​ពី​ពួក​គេ​បានចាញ់​ក្រុម​ Sync Gaming របស់​ម៉ាឡេស៊ី ក្នុងការ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ MATIC 2018 នៅ​លើទឹក​ដី​ប្រទេស​ថៃ កាល​ពី​យប់​ម៉ោង​ ៧ ថ្ងៃ​អាទិត្យ ម្សិល​មិញ។

​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ MATIC 2018 នេះ​ ក្រុម​ Never Care ​បាន​​ឆ្លង​ផុតការ​ប្រកួតសន្សំ​ពិន្ទុ​តាម​ពូល​ទាំង​លំបាក ដោយ​ពួក​គេ​បានត្រឹម​ចំណាត់​ថ្នាក់​លេខ​ ៤ ក្នុង​ពូល​B ដែល​មាន ​៦ ​ក្រុម ខណៈ​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​ទៀត​គឺ Infinity ​បាន​ធ្លាក់​​​ក្នុង​វគ្គ​សន្សំ​ពិន្ទុនោះ ដោយបាន​ឈរ​នៅ​លេខ​រៀងទី​ ៦​ចុង​ក្រោយ ​ប្រចាំ​ពូល​A។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​វគ្គ​ខ្វែង​ ៨​ក្រុមចុង​ក្រោយ ​ក្រុម Never Care របស់​កម្ពុជា បាន​យក​ឈ្នះ​ក្រុមចិន ៥-០ រួច​បាន​បន្ត​យក​ឈ្នះ​ក្រុមសិង្ហ​បុរី EDP ROG ៥-៣ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័​ត្រ ដើម្បី​ឡើង​ទៅ​ជួបក្រុម​ Sync Gaming របស់​ម៉ាឡេស៊ី ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ប៉ុន្តែ​តាម​រយៈ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នោះ ក្រុម Never Care បាន​ចាញ់​ក្រុម​ Sync Gaming ក្នុង​លទ្ធ​ផល ២-០ ដោយ​ទទួល​បាន​ត្រឹម​ជើង​ឯក​រង អម​ជាមួយ​ប្រាក់​រង្វាន់ ​៧០០០​​ដុល្លារ។ រីឯ​ក្រុម​ Sync Gaming បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក្នុង​ឆ្នាំ ​២០១៨​នេះ អម​ជាមួយ​ប្រាក់​រង្វាន់​ ១៥០០០ ​ដុល្លារ ជាមួយ​កំណត់​ត្រា​​ល្អបំផុត គឺ​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់។

ក្រុម​អេឡិចត្រូនិក​មក​ពី​​ប្រទេសម៉ាឡេស៊ី Sync Gaming បាន​​លើក​ពាន MATIC 2018 ក្រោយ​ឈ្នះ​ក្រុម​កម្ពុជា Never Care នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពីយប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ។រូប សហការី

នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ក្រុម Sync Gaming បាន​ឈ្នះ​ទាំង​ ៥ ​ប្រកួត ដើម្បី​ឈរ​នៅ​លេខ​ ១​​ ប្រចាំ​ពូល​A មុន​ពេល​ពួក​គេទម្លាក់​ក្រុម​​ម្ចាស់ផ្ទះ​ថៃ Nazarick ៥-១ ក្នុង​វគ្គ​ខ្វែង ​៨ ​ក្រុម ឈ្នះ​ក្រុម​​រួម​ជាតិ Suicide ៥-៤ ក្នុងវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ឈ្នះ​ក្រុម Never Care របស់​កម្ពុជា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ។

ចំណែក​ក្រុម Suicide បាន​យក​ឈ្នះក្រុម EDP ROG ដើម្បី​ទទួល​បាន​ចំណាត់​​ថ្នាក់​​លេខ ​៣ និង​ប្រាក់រង្វាន់ ​៤០០០ ​ដុល្លារ ឯ​​ក្រុមលេខ​ ៤ EDP ROG បានប្រាក់រង្វាន់​លើកទឹក​ចិត្តចំនួន​ ​២៥០០ ​ដុល្លារ ខណៈ​ព្រឹត្តិការណ៍ MATIC 2018 នេះមាន​ ៦ ​ប្រទេស​ចូល​រួម ស្មើ ​១២ ​ក្រុម ក្នុង​នោះម្ចាស់​ផ្ទះ​ថៃ​ មាន ​​៣ ​ក្រុម កម្ពុជា មាន ​២ ក្រុម ចិន​​​ មាន ​​២ ​ក្រុម ​សិង្ហបុរី​ មាន ​​២ ​ក្រុម ម៉ាឡេស៊ី​​​ មាន ​​២ ​ក្រុម និងឥណ្ឌូណេស៊ី​​ មាន ​១ ​ក្រុម៕