ភ្នំពេញៈ ក្រុមភ្នំពេញក្រោន កំពុងតែផ្តល់ការទុកចិត្តទៅលើកីឡាករមកពីអាមេរិក Jonny Campbell ដែលក្លិបមួយនេះ ទើបតែសម្រេចចុះកុងត្រា សម្រាប់ជួយដល់ក្រុមរបស់ខ្លួន ក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីក ឆ្នាំ ២០១៨ ខាងមុខនេះ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម៉ាឡេស៊ី ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ លើកចុងក្រោយ ត្រៀមបើករដូវកាលថ្មី កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ។
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសទទួលយក Jonny Campbell ជាសមាជិកថ្មីរបស់ខ្លួន កាលពីថ្ងៃពុធ គឺបន្ទាប់ពី ក្រុមភ្នំពេញក្រោន បានវាយបកយកឈ្នះក្រុម Terengganu FC I របស់ម៉ាឡេស៊ី ២-១ ក្នុងការប្រកួត មិត្តភាពអន្តរជាតិ ត្រៀមបើក រដូវកាលថ្មី នៅកីឡដ្ឋាន RSN កាលពីយប់ថ្ងៃអង្គារ ហើយ Jonny Campbell ក៏រកបាន ១ គ្រាប់ឲ្យក្រុមភ្នំពេញក្រោន ផងដែរ។
តាមរយៈការធ្វើតេស្ត ក្នុងការប្រកួតមិត្តភាពអន្តរជាតិដើម្បីត្រៀមបើករដូវកាលថ្មី ជាមួយក្រុមមកពីម៉ាឡេស៊ី Negerri Sembilan FA កាលពីថ្ងៃសៅរ៍ និងក្រុម Terengganu FC I កាលពីថ្ងៃអង្គារ ភ្នំពេញក្រោន បានសម្លឹងមើលឃើញថាខ្សែបម្រើកណ្តាល Jonny Campbell ជាកីឡាករដ៏មានទេពកោសល្យ ដែលអាចជួយភ្នំពេញក្រោន បានច្រើន ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ ២០១៨ នេះ។
ក្រោយការចុះកុងត្រាជាមួយ Jonny Campbell នេះ ក្លិបភ្នំពេញក្រោន បានសរសេរបង្ហោះនៅលើផេចហ្វេសប៊ុករបស់ខ្លួនថា៖ «យើងទាំងអស់គ្នា មានក្តីរំពឹងថា វត្តមានរបស់កីឡាកររូបនេះ នឹងអាចរួមចំណែកជាមួយមិត្តរួមក្រុមដទៃទៀត ដើម្បីជួយក្លិបឲ្យទទួលជោគជ័យនារដូវកាលថ្មីខាងមុខ»។
តាមព័ត៌មាន ដែលបានបង្ហោះនៅលើផេចហ្វេសប៊ុកក្លិបភ្នំពេញក្រោន ដដែលនោះ បានឲ្យដឹងថា Jonny Campbell ជាកីឡាករដ៏មានទេពកោសល្យ ដែលធ្លាប់លេងនៅក្លិប Chachoengsao FC របស់ថៃ) ក្នុងឆ្នាំ ២០១៧ ហើយខ្សែបម្រើកណ្តាលរូបនេះ ក៏ធ្លាប់លេងឲ្យក្លិបមួយចំនួននៅអាមេរិកមានក្លិប Maimi City ឆ្នាំ ២០១៦ ក្លិប Charlotte Independence ឆ្នាំ ២០១៥ និងក្លិប Philadelphia Fury ក្នុងឆ្នាំ ២០១៤ ផងដែរ។
គួរបញ្ជាក់ថាខ្សែបម្រើ Jonny Campbell ជាកីឡាករបរទេសទី ២ គឺបន្ទាប់ពីកីឡាករមានសញ្ជាតិអឺរ៉ុប Pouya Hossein ដែលក្លិបភ្នំពេញក្រោន បានចុះកុងត្រា សម្រាប់ត្រៀមលេងលីកកំពូលកម្ពុជា ឆ្នាំ ២០១៨ នេះ ហើយ លោក Sean Sainsbury គ្រូបង្វឹកក្រុមភ្នំពេញក្រោន ធ្លាប់បាននិយាយថា កីឡាករបរទេសទាំងអស់ ដែលភ្នំពេញក្រោន នឹងនាំយកមកលេងនៅរដូវកាលថ្មី ឆ្នាំ ២០១៨ នេះ គឺអាចនឹងចុះកុងត្រារួចរាល់ នៅសប្តាហ៍ក្រោយ។
ដោយឡែក ក្រុមព្រះខ័នរាជស្វាយរៀង ដែលបានចាញ់ក្រុម Terengganu FC I ១-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ត្រៀមបើករដូវកាលថ្មី កាលពីយប់ថ្ងៃសុក្រនោះ គឺបានយកឈ្នះក្រុម Negerri Sembilan FA ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ លើកទី ២ នៅកីឡដ្ឋាន ISPP កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ខណៈក្រុមមកពីម៉ាឡេស៊ី មួយនេះ បានស្មើជាមួយក្រុមក្រសួងការពារជាតិ ក្នុងលទ្ធផល ១-១ កាលពីថ្ងៃសុក្រ តែបានឈ្នះក្រុមភ្នំពេញក្រោន រហូតដល់ ៣-០ កាលពីយប់ថ្ងៃសៅរ៍ កន្លងមក៕