Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ខ្មែរ​ប៊ែវើរីជីស បន្ថែម​ការជឿជាក់​ដល់​ក្លិប​សូល​ទីឡូ​អង្គរ

Content image - Phnom Penh Post
​ក្រុម​សូល​ទីឡូអង្គរ ​បាន​ថត​រួម​ជាមួយ​ម្ចាស់​ឧបត្ថម្ភ បន្ទាប់​ពីសន្និសីទ​កាសែត។ រូប សហការី

ខ្មែរ​ប៊ែវើរីជីស បន្ថែម​ការជឿជាក់​ដល់​ក្លិប​សូល​ទីឡូ​អង្គរ

ភ្នំពេញៈ ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរីជីស របស់​ស្រាបៀរ​កម្ពុជា បាន​ឧបត្ថម្ភ ៥ ម៉ឺន​ដុល្លារ​ដល់​ក្រុម​សូលទីឡូ​អង្គរ ហើយ​ទឹកប្រាក់​សម្រាប់​ការផ្គត់ផ្គង់​ក្នុង​ឆ្នាំ ២០១៧ នេះ បាន​និង​កំពុង​ធ្វើឲ្យ​ថ្នាក់​ដឹកនាំ និង​ក្រុម​កីឡាករ ដែល​មានការ​ជ្រោមជ្រែង​ពីកីឡាករ​អាជីព​ដ៏ល្បី​របស់​ជប៉ុន Keisuke Honda មួយ​នេះ កាន់តែ​មានការ​ជឿជាក់​ក្នុង​ការវិវឌ្ឍ​ខ្លួន​ឲ្យទៅ​ជាក្លិប​អាជីព​ដ៏ពិត​ប្រាកដ និង​មាន​ឱកាស​បាន​ទៅលេង​នៅ​លីក​កំពូល​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ។

ជាមួយ​ការឧបត្ថម្ភ​នេះ លោក​បណ្ឌិត អ៊ឹម សុធារិទ្ធ នាយក​ទំនាក់ទំនង​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ខេត្ត​សៀមរាប កាល​ពីថ្ងៃ​ពុធ​ថា៖ «ការសម្រេច​ឧបត្ថម្ភ​ដល់​ក្លិប​សូលទីឡូ​អង្គរ នេះ ព្រោះ​យើង​បាន​សំម្លឹង​មើល​ឃើញ​ពីសក្តានុពល​របស់​ក្រុម​នេះ ដែល​សម្បូរ​ទៅ​ដោយ​កីឡាករ​វ័យក្មេង មាន​សមត្ថភាព​ខ្ពស់ ដែល​អាច​នឹង​ជួយ​ក្រុម​មួយ​នេះ ទទួល​បាន​ជោគជ័យ ហើយ​ម្យ៉ាង​ទៀត​ក្លិប​នេះ ទទួល​បានការ​ជ្រោមជ្រែង​ពីតារា​បាល់ទាត់​ដ៏ល្បី​របស់​ជប៉ុន Keisuke Honda ដូច្នេះ​ខ្ញុំ​ជឿថា កីឡាករ​នៅក្នុង​ក្លិប​សូលទីឡូ​អង្គរ នឹងមាន​ឱកាស​ច្រើន​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ឲ្យ​កាន់តែ​រីកចម្រើន»។

លោក​បណ្ឌិត បាន​បន្ថែម​ថា៖ «ថ្ងៃ​នេះ​យើង​សម្រេច​ឧបត្ថម្ភ​ជាបឋម​នូវ​ទឹក​ប្រាក់ ៥ ម៉ឺនដុល្លារ សម្រាប់​ជួយ​ទ្រទ្រង់​សកម្មភាព​របស់​ក្លិប​សូលទីឡូ​អង្គរ ក្នុង​ឆ្នាំ ២០១៧ នេះ ហើយ​នឹង​យើង​ស្វែងរក​សហប្រតិបត្តិការ​នៅថ្ងៃ​ក្រោយៗ​ទៀត។ យើង​បាន​មើលឃើញ​ពីភាព​ជោគជ័យ​របស់​ក្លិប​សូលទីឡូ​អង្គរ ហើយ​យើង​ចង់ឃើញ​ក្រុមនេះ​ក្លាយ​ជាក្រុម​អាជីព បាន​ទៅលេង​នៅ​លីកកំពូល​កម្ពុជា និង​ក្លាយ​ជាក្រុម​ល្បី​ឈ្មោះ​នៅ​ខេត្ត​សៀមរាប»។

ជាមួយគ្នា​នោះដែរ តំណាង​របស់​ខ្សែប្រយុទ្ធ​អាជីព Keisuke Honda បាន​និយាយ​ថា៖ «យើង​នឹង​ផ្តល់ឱកាស​ឲ្យ​ក្មេងៗ​នៅ​ក្នុង​ក្លិប​សូលទីឡូ​អង្គរ ក្លាយជា​កីឡាករ​អាជីព នៅ​ថ្ងៃ​អនាគត សម្រាប់​លេង​លើក​ឆាក​ជាតិ និង​អន្តរជាតិ ហើយ​នៅ​រដូវកាល​ក្រោយ យើង​នឹង​នាំយក​គ្រូបង្វឹក​មកពី​ជប៉ុន ក៏ដូច​ជា​គ្រូពេទ្យ មកជួយ​ផ្តល់​បច្ចេកទេស​បន្ថែម​ដល់​ក្រុម​សូលទីឡូ​អង្គរ កាន់តែ​មានការ​រីកចម្រើន»។

ចំណែក​លោក អៀង សាក់នីដា អគ្គលេខាធិការ​ក្លិប​សូលទីឡូ​អង្គរ បាន​ថ្លែង​ថា៖ «ជាមួយ​ការឧបត្ថម្ភ​របស់​ស្រាបៀរ​កម្ពុជា​នេះ យើង​នឹង​ព្យាយាម​ធ្វើឲ្យ​ក្លិប​សូលទីឡូ​អង្គរ ក្លាយ​ទៅជា​ក្លិប​អាជីព​ដ៏ពិតប្រាកដ​មួយ ដោយ​យើង​នឹងធ្វើ​ការបណ្តុះបណ្តាល​ក្មេង​ជំនាន់​ក្រោយ​មាន​អាយុ ១៣ ឆ្នាំ ១៥ ឆ្នាំ និង ១៦ ឆ្នាំ ដើម្បី​បន្តវេន​ក្នុង​ក្លិប ព្រោះ​ក្លិប​នេះ​ជាតំណាង​ឲ្យ​ខេត្ត​សៀមរាប ដើម្បី​យើង​ត្រៀម​ការប្រកួត​ក្នុង​ប្រទេស​ផង និង​ឈានទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ នាថ្ងៃ​អនាគត»។

លោក​បញ្ជាក់​ថា៖ «នេះជា​គោលដៅ​ធំ​របស់​យើង ហើយ​ការជួយ​ឧបត្ថម្ភ​ធំ​របស់​ស្រាបៀរ​កម្ពុជា បាន​ធ្វើឲ្យ​ពួកយើង​មាន​ឱកាស​ឈាន​ទៅមុខ​កាន់តែ​លឿន ខណៈពេល​នេះ​យើង​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ២ ក្របខ័ណ្ឌ​លីក ២ ហើយ​យើង​សង្ឃឹមថា យើង​នឹង​បាន​ឡើង​ទៅ​លេង​នៅ​លីក​កំពូល​កម្ពុជា នា​ឆ្នាំ ២០១៨»៕

0

Comments

Please, login or register to post a comment