ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ព្រម​ទាំង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត Cineboxx Film &Televisoin Inc របស់​ប្រទេស​កាណាដា បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ NOCC កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ពី​លទ្ធផល​កសាង​ឯកសារ​ភាពយន្ត ស្តី​ពី​គុន​ល្បុក្កតោ​មរតក​វប្បធម៌​ជាតិ​ខ្មែរ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​បន្ទាប់​ពី​កប់​បាត់​យូរ​ឆ្នាំ​មក​នោះ។

ភាពយន្ត​ឯកសារ​នេះ បាន​ផលិត​ឡើង​ដោយ​លោក Mark Bochser ជា​ផលិតករ​ភាពយន្ត ដែល​មាន​ចំណង​ជើង​ថា Surviving Bokator ខណៈ​ដែល​អ្នក​សម្តែង​គឺជា​កីឡាករ​កីឡាការិនី ដែល​បាន​ឆ្លង​កាត់​ហ្វឹកហ្វឺន​ក្បាច់​គុន​ល្បុក្កតោ និង​គុន​ចម្រុះ MMA ពិត។ ក្នុង​នោះ​ដែរ​តួអង្គ​សំខាន់ ដែល​ផ្តល់​ការ​ស្រាវ​ជ្រាវ​សំខាន់ និង​បង្ហាញ​ស្នៀត​គុន ព្រម​ទាំង​ប្រវត្តិ​រស់​ឡើង​វិញ​គឺ​លោក​ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹមស៊ាន។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​ចូល​រួម ក្នុងការ​ប្រកាស​ភាព​ជា​ដៃគូ​រវាង NOCC ជាមួយ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង Cineboxx Film &Televisoin Inc របស់​ប្រទេស​កាណាដា មុន​នឹង​ការ​ដាក់​បញ្ចាំង នៅ​សាល​ចតុមុខ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ខែ​មីនា នេះ។

លោក ចំរើន បាន​ថ្លែងថា៖ «ការ​ប្រកាស​ភាពជា​ដៃគូ​លើក​នេះ​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សកល​ពី​គុន​ល្បុក្កតោ​ខ្មែរ ដែល​ជា​កីឡា​វប្បធម៌​បុរាណ​របស់​ខ្មែរ ដើម្បី​ឆ្លុះ​បញ្ចាំង បញ្ហា​ប្រឈម​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​ស្តារ​ឡើង​វិញ នូវ​វប្បធម៌ ដែល​ស្ទើរ​តែ​បាត់បង់ ក្នុង​រយៈ​កាល​កន្លង​មក ពិសេស​ក្នុង​របប​សម័យ​ខ្មែរ​ក្រហម នៅ​ទសវត្សរ៍ ១៩៧០»។

លោក​បាន​បន្ថែម​ថា៖ «ក្រៅពី​ភាពយន្ត​ឯកសារ​គុន​ល្បុក្កតោ​នេះ​យើង​ក៏បាន​សហការ​ជាមួយ​ប្រទេស​ឥណ្ឌា ផលិត​ឯកសារ​ភាពយន្ត​កីឡា​ចំបាប់ ដែល​នឹង​ចាក់​បង្ហាញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ទៅ​តាម​ពេល​វេលា​សមស្រប​ផង​ដែរ»។

ចំណែក លោក Mark Bochser ជា​ផលិតករ​ភាពយន្ត បាន​ថ្លែងថា៖«យើង​បាន​ចំណាយ​ពេល​អស់​ជាង ៥ ឆ្នាំ ក្នុង​ការ​ថត​ឯកសារ Suriviving Bokotor នេះ គឺជា​ខ្សែ​ភាពយន្ត​ឯកសារ​តែ​មួយ ដែល​ចាប់​យក​ព្រឹត្តិការណ៍​កីឡា​ភ្ជាប់​ជាមួយ​ប្រវត្តិសាស្ត្រ ហើយ​បូក​បញ្ចូល​ទាំង​ការ​ប្រកួត​ប្រជែង​គុន​ល្បុក្កតោ លំដាប់​អន្តរជាតិ លើក​ដំបូង​ផង​ដែរ ដើម្បី​ឲ្យ​ខ្សែ​ភាពយន្ត​នេះ ក្លាយជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ផង​ដែរ និង​ផ្តល់​ប្រយោជន៍​យ៉ាង​ធំ​ធេង ដល់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជា​ដៃគូ»៕