ភ្នំពេញ: ការប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​កម្ពុជា-ថៃ​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ និង​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ៣ និង​ទី ៤ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ចំនួន ៣ គូ សុទ្ធតែ​បរាជ័យ​ក្រោម​ស្នៀត​កីឡាករ​ថៃ​ទាំងអស់។

កីឡាករ​មាស ច័ន្ទ​មាន មក​ពី​ក្រសួង​ការពារ​ជាតិ បាន​ចាញ់​យ៉ាង​គ្រាំគ្រា​ក្រោម​ស្នៀត​ជង្គង់​របស់​កីឡាករ​ថៃ Phat Ka ខណៈ​កីឡាករ​យ៉េន ឌីណា មកពី​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម បាន​បន្ត​បរាជ័យ​ទៀត​ក្រោម​ស្នាដៃ​កីឡាករ​ថៃ Phat Khanthong ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​ដូចគ្នា។

ដោយឡែក​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ កីឡាករ​ឃីម បូរ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មានជ័យ ត្រូវ​បាន​កីឡាករ Phat Ngenting ទាត់​ឲ្យ​ខូច​ជើង​ក្រោម និង​សុំ​ចុះ​ចាញ់​ក្នុង​ទឹក​ទី ៣។ ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​នូវ​សមាសភាព​អ្នក​ប្រដាល់​ចំនួន ៣ នាក់​ដែល​ចាញ់​នេះ ហាក់បី​ដូច​បង្ហាញ​នូវ​ភាព​កម្សោយ​ជាង​ពេល​ប្រកួត​មុនៗ ខណៈ​កម្លាំង​ប្រកួត​មិន​សូវ​ទាក់ទាញ និង​គ្មាន​បច្ចេកទេស គ្មាន​ស្នៀត​អ្វី​តតាំង​ជាមួយ​គូ​ប្រកួត​បាន​ល្អ​នោះ​ឡើយ។

កីឡាករ​មាស ច័ន្ទ​មាន ប្រកួត​ចាញ់​លើក​នេះ បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយសារ​ការ​ប្រកួត​ពេញ ៥ ទឹក រូបគេ​វាយ​បាន​ល្អ​តែ​ទឹក​ទី ១ ចំណែក ៤ ទឹក​ចុង​ក្រោយ មាន​ស្ថានភាព​ដូច​បាវសាក់ ក្រោយ​ពី​កីឡាករ​ថៃ Phat Ka បាន​ចូល​ចាប់​វាយ​ក្បាច់​ជង្គង់​តាម​ចិត្ត។ ចប់​ការ​ប្រកួត​មាស ច័ន្ទ​មាន ចាញ់ Phat Ka ក្នុង​ពិន្ទុ ៥ ទល់ ០ យ៉ាង​អាម៉ាស់ ក្រោម​ការ​ចំអក​ពី​អ្នកទស្សនា។

បញ្ហា​ចាញ់​នេះ​លោក​តឹក ឡៃ ដែល​គ្រូបង្វឹក បាន​និយាយ​ថា៖ «ការ​ចាញ់​នេះ​មក​ពី​ការ​ហ្វឹកហាត់​មិន​បាន​ល្អ ហើយ​ស្នៀត​ជង្គង់​របស់​កីឡាករ​ថៃ​ល្អ​ផងដែរ។ វាជា​រឿង​ល្អ​ដែល​ច័ន្ទ​មាន តស៊ូ​បាន ៥ ទឹក​នោះ»។

ដោយ​ឡែក កីឡាករ​យ៉េន ឌីណា ដែល​បាន​បាត់​មុខ​យូរ​ដោយ​មូលហេតុ​ចាញ់​ញឹក​ញាប់​នោះ ត្រូវ​បាន​សង្វៀន​អាស៊ី​អាគ្នេយ៍​ផ្តល់​ឱកាស​បាន​ឡើង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឡើង​វិញ​ជាមួយ​កីឡាករ​ថៃ Phat Khanthong។ ជា​លទ្ធផល យ៉េន ឌីណា នៅ​តែ​មិន​ទាន់​មាន​ថាមពល និង​ស្មារតី​ប្រយុទ្ធ​វាយ​ទៅ​លើ​គូប្រកួត​បាន​ល្អ​នោះ​ឡើយ៕