Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គ្រូ​កម្ពុជា បារម្ភ ខណៈ​ក្រុម​ហ្ស៊កដានី រំពឹង​ឈ្នះ ៣ ពិន្ទុ

Content image - Phnom Penh Post
ប្រាក់ មុន្នីឧត្តម បាន​ស៊ុត​បាល់​ជម្នះ​ការបាំង​របស់​ក្រុម​ហ្ស៊កដានី ពេល​ក្រុម​កម្ពុជា ចាញ់ ៧-០ ជើងទី ១។ FFC

គ្រូ​កម្ពុជា បារម្ភ ខណៈ​ក្រុម​ហ្ស៊កដានី រំពឹង​ឈ្នះ ៣ ពិន្ទុ

ភ្នំពេញៈ គ្រូបង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា ហាក់​មានការ​បារម្ភ​ក្នុងការ​ប្រឈម​និង​ក្រុម​ជម្រើសជាតិ​ហ្ស៊កដានី ដែល​លោក​គិត​ថា វាជា​រឿង​ដែល​លំបាក ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់​លោក ប៉ុន្តែ​គ្រូបង្វឹក​ថ្មី​ក្រុម​ហ្ស៊កដានី មាន​ការ​ជឿជាក់​ខ្លាំង ក្នុងការ​ឈ្នះ​បាន ៣ ពិន្ទុ​ពី​ក្រុម​កម្ពុជា។

លោក ប្រាក់ សុវណ្ណារ៉ា បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា៖ «យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក (ថ្ងៃ​អង្គារ) ជាការ​ប្រកួត​ដ៏តាន​តឹង។ សម្រាប់​ខ្ញុំ ជាការ​ប្រកួត​ដ៏​តាន​តឹង​បំផុត នៅ​ក្នុង​អាជីព​របស់​ខ្ញុំ​តាំង​ពី​មុន​មក រហូត​មក​ដល់​ពេល​នេះ ហើយ​សង្ឃឹម​ថា យើង​នឹង​ប្រឹងប្រែង​ធ្វើឲ្យ​បាន​ល្អ​បំផុត»។

ក្រុម​កម្ពុជា នឹង​បើកទ្វារ​ពហុកីឡដ្ឋាន​ជាតិ ដើម្បី​ស្វាគមន៍​ក្រុម​ហ្ស៊កដានី ក្នុងការ​ប្រកួត​ជម្រុះ​ជើង​ទី ២ នៃ​ពាន​រង្វាន់ AFC Asian Cup 2019 នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​អង្គារ​នេះ ខណៈ​ការ​ជួបគ្នា​ក្នុង​ជើង​ទី ១ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មីនា ក្រុម​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក Leonardo Vitorino បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ហ្ស៊កដានី ៧-០ គឺ​មុន​ពេល​កម្ពុជា​បាន​ឈ្នះ​ក្រុម​អាហ្វហ្គានីស្ថាន ១-០ និង​បាន​ចាញ់​ក្រុម​វៀតណាម​ទាំង ២ លើក ក្នុង​លទ្ធផល ២-១ ក្នុង​ទឹកដី និង ៥-០ ក្រៅ​ទឹកដី។

ចំណែក លោក Jamal Abu-Abed ដែល​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ហ្ស៊កដានី បាន​និយាយ​ថា៖ «គោលដៅ​ចម្បង​របស់​យើង គឺ​ត្រូវ​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​បន្ត ព្រោះ​យើង​រៀបចំ​បាន​ល្អ។ បើ​ទោះបី​ជា​យើង​ទើប​មានការ​ផ្លាស់ប្តូរ​គ្រូបង្វឹក ប៉ុន្តែ​វា​មិនមែន​ជា​បញ្ហា​នោះ​ទេ គឺ​យើង​ត្រូវ​យក​ឲ្យ​បាន ៣ ពិន្ទុ ហើយ​ការ​លេង​របស់​ក្រុម​យើង​គឺ​ល្អ»។

ទោះបី​ជា​យ៉ាងណា គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ហ្ស៊កដានី​រូប​នេះ បាន​បន្ត​ថា៖ «យើង​មិន​អាច​មើល​ស្រាល​ទៅ​លើ​ក្រុម​កម្ពុជា បានទេ គឺ​យើង​គោរព​ក្រុម​កម្ពុជា ព្រោះ​ក្រុម​មួយ​នេះ មាន​កីឡាករ​ល្អ​ច្រើន​ដែរ អ៊ីចឹង​យើង​ត្រូវ​រៀបចំ និង​លេង​ឲ្យ​អស់ ១០០ ភាគរយ​តែម្តង។ កម្ពុជា នឹង​ព្យាយាម​លេង​ដើម្បី​ឈ្នះ និង​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុងការ​ឈ្នះ​ក្រុម​ហ្ស៊កដានី ផងដែរ អ៊ីចឹង​យើង​ត្រូវ​លេង​ឲ្យ​បាន​ល្អ​អស់​ពី​ចិត្ត បើ​ទោះបី​ជា​មាន​បញ្ហា​លើ​ទីលាន ឬ​មានការ​ផ្លាស់ប្តូរ​យ៉ាងណា​ក៏ដោយ»។

ជាមួយ​នឹង​ទំនុកចិត្ត​យ៉ាងខ្លាំង ក្នុងការ​ឈ្នះ​បាន ៣ ពិន្ទុ​របស់​ក្រុម​ហ្ស៊កដានី​នេះ លោក ប្រាក់ សុវណ្ណារ៉ា បាន​ធ្វើការ​ប្រៀប​ធៀប​ពី​ចំណុច​សំខាន់ ៤ ក្នុង​បាល់ទាត់ គឺ​ទី ១ ជំនាញ​បច្ចេកទេស​ផ្ទាល់​ខ្លួន ទី ២ កលល្បិច​ក្នុង​ការ​លេង ទី ៣ ចិត្តសាស្ត្រ និង​ទី ៤ កម្លាំង ដើម្បី​បង្ហាញ​ថា ក្រុម​ហ្ស៊កដានី ពិត​ជា​មាន​ប្រៀប​លើ​ក្រុម​កម្ពុជា។

លោក សុវណ្ណារ៉ា បាន​ពន្យល់​ថា៖ «បើ​និយាយ​ពី​បច្ចេកទេស​ផ្ទាល់​ខ្លួន ហាក់​ដូច​ជាគេ​នៅ​លើ​យើង​ច្រើន​ដែរ ឯ​កលល្បិច វាជា​រឿង​គ្រូ និង​គ្រូ ក្រុម​និង​ក្រុម ថា​ត្រូវ​ធ្វើ​បែប​ម៉េច​ក្នុង​ការ​លេង ហើយ​ផ្នែក​ចិត្តសាស្ត្រ គឺការ​ប្រកួត​នេះ​នៅ​លើ​ទឹកដី​របស់​យើង អ៊ីចឹង​ទាំង​កម្លាំងកាយ និង​កម្លាំង​ចិត្ត ខ្ញុំ​គិតថា កីឡាករ​ទាំងអស់ នឹង​ខំប្រឹង​អស់​ពី​សមត្ថភាព។ ចំណែក​កម្លាំង ដោយ​យើង​មើល​ពី​កម្ពស់ មាឌ និង ល្បឿន គឺ​គេ​អាច​លើ​យើង។ ហេតុនេះ​បើ​យើង​ប្រៀប​ធៀប​ចំណុច​ទាំង ៤ នេះ គឺ​យើង​ពិបាក​បន្តិច ក្នុងការ​ទប់ទល់​ជាមួយ​ក្រុម​ហ្ស៊កដានី»។

នៅ​ពេល​សួរថា តើ​លោក​ចង់​ឈ្នះ​ការ​ប្រកួត​នេះ​ទេ? លោក សុវណ្ណារ៉ា បាន​ឆ្លើយ​ថា៖ «ជា​ធម្មតា នៅ​ពេល​ប្រកួត យើង​តែង​តែ​មាន​មហិច្ឆតា បើ​ទោះបី​ជា​យើង​មាន​កម្រិត​ក្រោម​គេ​ប៉ុនណា​ក៏ដោយ ប៉ុន្តែ​យើង​តែង​តែ​ចង់​បាន​លទ្ធផល​ល្អ។ ចំពោះ​ខ្ញុំ មិន​ចាំបាច់​ដល់​ឈ្នះ​ទេ គឺ​បាន​ត្រឹម​ស្មើ ជា​ជោគជ័យ​ល្អ​បំផុត និង​ជា​ប្រវត្តិសាស្ត្រ​បាល់​ទាត់​របស់​កម្ពុជា​យើង​ដែរ​ហើយ»៕

0

Comments

Please, login or register to post a comment