ក្រុង​សេវីលល៍: លោក Vincenzo Montella គ្រូ​បង្វឹក​របស់​ក្រុម Sevilla បាន​និយាយ​ដោយ​កំ​ប្លែង​ថា លោក​អាច​នឹង​ត្រូវ​តែ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ដូច​ក្នុង​រឿង​ប្រលោម​លោក ក្នុង​ការ​ដោះ​ស្រាយ​​ជាមួយ​នឹង​ការ​គំរាម​របស់​តារាឆ្នើម Alexis Sanchez នៅ​ពេល​ដែលក្រុម​របស់​លោក​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Manchester United ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រាត្រី​នេះ​។

លោក Montella សញ្ជាតិ​អ៊ី​តាលី ដែល​​ស្គាល់​ខ្សែ​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ីលី​រូប​នេះ ក្នុង​ពេល​ដែល​រូប​គេ​បាន​ចំណាយ​ពេល​ជាមួយ​នឹងក្លិប Udinese របស់​ក្រប​ខ័ណ្ឌ Serie A នោះ បាន​ឲ្យ​ដឹង​ថា៖ «ក្រុម Manchester មាន​កីឡាករ​ដ៏អស្ចារ្យ​ជាច្រើន ហើយ Sanchez មាន​ការ​អភិវឌ្ឍ​ដ៏គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​អាជីព​របស់​គេ»​។

គ្រូ​បង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «តើ​ត្រូវ​​ធ្វើ​ការ​រា​រាំង​រូប​គេ​យ៉ាង​ម៉េច​? ខ្ញុំ​មិន​ដឹង​ទេ​។ យើង​​នឹង​ត្រូវ​តែ​ចាប់​រូប​គេ​ចង​ហើយ​»​។

កីឡាករ​ម្នាក់​ដែល​លោក Montella ស្គាល់​ពី​ក្រប​ខ័ណ្ឌ Serie A គឺ Paul Pogba បើ​ទោះ​បី​វា​មិន​ច្បាស់​ថា អតីត​ខ្សែ​បម្រើ​របស់​ក្លិប Juventus ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ក្នុង​ការប្រកួត​វគ្គ​១៦​ក្រុម​ចុង​​ក្រោយ ជើង​ទី​១ នៅ​កីឡដ្ឋាន Ramon Sanchez Pizjuan ដោយ​សារ​តែ​ការ​​មិន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​លោកគ្រូ​បង្វឹក​របស់​គេ​គឺ​លោក Jose Mourinho ​ឬ​យ៉ាង​ណា​ក៏ដោយ​។

លោក Montella បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​នៅ​កីឡដ្ឋាន​របស់​ក្រុម Sevilla កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «រូប​គេ​ជា​កីឡាករ​​គ្រប់​លក្ខណៈ​ម្នាក់ ខ្លាំង មាន​បច្ចេក​ទេស និង​​រក​​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​។ រូប​គេ​ជា​កីឡាករ​ដ៏អស្ចារ្យ​​»​។

ការ​ប្រកួត​នេះ​​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២:៤៥​ទៀប​ភ្លឺ​៕ IS​

ខ្សែ​បម្រើ​ប្រយុទ្ធ Alexis Sanchez របស់​ក្រុម Manchester United រត់​តាម​បាល់​ក្នុង​ការប្រកួត​កន្លង​មក​។ AFP