ភ្នំពេញ: ក្រោយ​ពី​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ ២០១៧ ឃីម ឌីម៉ា អ្នក​ប្រដាល់​មាន​ដើម​កំណើត​មក​ពី​ខេត្ត​បន្ទាយមានជ័យ បាន​ឡើង​ប្រកួត​បាន​ចំនួន ៤ លើក​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដោយ​ចាញ់ ១ លើក និង​ឈ្នះ ៣ លើក។

ក្នុង​នោះ ជ័យជម្នះ ២ លើក​កន្លង​មក​ត្រូវ​បាន​គេ​រិះគន់​ថា វាយ​មិន​បាន​ល្អ គ្មាន​ភាព​ទាក់ទាញ់ និង​មាន​ថាមពល​មិន​ល្អ​ដូច​លើក​មុន។

សម្រាប់​ជ័យជម្នះ​នៃ​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ម្សិលមិញ ឃីម ឌីម៉ា ប្រកួត​បាន​ល្អ ដោយ​វាយ​ប្រកប​ដោយ​ថាមពល​បាន​ល្អ និង​បាន​ផ្តួល​ជើង​ខ្លាំង​របស់​ថៃ Keo Kangvan ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ២។

ជាមួយ​គ្នា​នេះដែរ កីឡាករ​អ៊ុំ ចំរើន មក​ពី​ក្លិប​តាឡី​ដំរី​មាន​រិទ្ធ បាន​ផ្តួល​កីឡាករ​មក​ពី​ប្រទេស​បារាំង Aminn ឲ្យ​ខូច​ជើង​ត្រឹម​ទឹក​ទី ១ ប៉ុណ្ណោះ។

ការប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ Keo Kangvan នេះ គឺជា​លើក​ទី ៣ ហើយ ប៉ុន្តែ ២ លើក​កន្លង​មក ឈ្នះ​ទាំង​លំបាក​ភ្នែក ពិសេស​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ២០១៨ នៅ​ក្នុង​កម្មវិធី​ប្រដាល់​គុនខ្មែរ​អន្តរជាតិ​លើក​ទី ១ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​ឃីម ឌីម៉ា បាន​ឈ្នះ​ដោយ​គណៈកម្មការ​យឹត​យោង​ប៉ុណ្ណោះ ខណៈ​ដែល​ស្នៀត​ទាត់​របស់ Keo Kangvan មាន​ប្រៀប​ជាង។

ជ័យជម្នះ​របស់​ឃីម ឌីម៉ា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​បញ្ចប់​ទាំង​ភាព​ទាក់ទាញ ខណៈ​ដែល​រូបគេ​បាន​ប្រើប្រាស់​កណ្តាប់​ដៃ​ឆ្វេង​ដើម្បី​វាយ​ឲ្យ​ដៃគូ​សន្លប់​នៅ​ត្រឹម​ទឹក​ទី ២។ នៅ​ទឹក​ទី ១ ការ​ប្រកួត​ហាក់បី​ដូច​ជា​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ដោយ​ចេញ​ក្បាច់​ទាត់​កណ្តាប់ដៃ​ប្តូរ​គ្នា​យ៉ាង​ជក់​ចិត្ត ដែល​បាន​ធ្វើ​ឲ្យ​អ្នកទស្សនា​កោត​សរសើរ​អម​ដោយ​សំឡេង​ទះដៃ​គាំទ្រ​យ៉ាង​រំពង។

លោក​ហេង ប៊ុនឃីម ជា​គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត បាន​និយាយ​ថា៖ «ឌីម៉ា វាយ​បាន​ល្អ​បន្ទាប់​ពី​គេ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​តាំង​ពី​មុន​ប្រកួត។ ខ្ញុំ​បាន​អប់រំ​ណែនាំ​ឲ្យ​ខិតខំ​ហ្វឹកហាត់​ដើម្បី​ប្រកួត​ទទួល​បាន​លទ្ធផល​ល្អ ពី​ព្រោះ​យើង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ប្រកួត​ចាញ់​គេ​គឺ​មិន​ស័ក្តិសម​នឹង​កិតិ្តយស​ឡើយ ពិសេស​យើង​ប្រកួត​ចាញ់​ប្រៀប​គេ​ហើយ ទាញ​យក​មក​ឲ្យ​ឈ្នះ​នេះ​គឺ​ថោក​ទាប​ណាស់​ដែល​ខ្ញុំ​ជា​គ្រូបង្វឹក ក៏​ដូចជា​ឪពុក​មិន​ចង់​ឃើញ​ឡើយ»៕