ភ្នំពេញៈ កីឡាករកម្ពុជា ង៉ែត្រ រដ្ឋា និង គឹម វាសនា សុទ្ធតែបន្តចាញ់យ៉ាងគ្រាំគ្រា ក្នុងការប្រកួតជម្រុះសន្សំពិន្ទុ ដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់ ៦៥ គីឡូក្រាម ប្រចាំសប្តាហ៍ទី ៤ ជុំទី ២ នៅលើសង្វៀន SEATV កាលពីល្ងាចសៅរ៍ ដោយក្នុងនោះ រដ្ឋា បានបន្តចាញ់កីឡាករថៃ Sen Khoum ដោយពិន្ទុ ឯ គឹម វាសនា ត្រូវបានថៃ Kreng Krai វាយឲ្យសន្លប់នៅក្នុងទឹកទី២។
ង៉ែត្រ រដ្ឋា ដែលត្រូវបាន Kreng Krai វាយឲ្យសន្លប់ធំ នៅក្នុងទឹកទី ៤ យ៉ាងគ្រាំគ្រា កាលប្រកួតជុំទី ១ នោះ គឺគេបានចាញ់ Sen Khoum យ៉ាងគ្រាំគ្រាបន្តទៀត ទោះបីរូបគេខំប្រឹងប្រែងអស់ពីសមត្ថភាព ក៏ដោយ។
ការប្រកួតរបស់អ្នកទាំង ២ នេះ គឺមានស្វិតស្វាញ និងជក់ចិត្ត ព្រោះ ង៉ែត្រ រដ្ឋា បានខំប្រឹងប្រែងអស់ពីលទ្ធភាព ប៉ុន្តែនៅតែមិនអាចធ្វើបានល្អ និងទៅរួចជាមួយកីឡាករថៃឡើយ។ ទោះជាយ៉ាងណា ង៉ែត្រ រដ្ឋា វាយបានល្អជាងលើកមុន ដោយធ្វើឲ្យកីឡាករថៃ Sen Khoum ឈ្នះពិន្ទុទាំងលំបាក និងឈឺខ្លួនមិនតិចដែរ។
ង៉ែត្រ រដ្ឋា បាននិយាយក្រោយប្រកួតថា៖ «ខ្ញុំបានហ្វឹកហាត់ត្រៀមបានល្អ ហើយការប្រកួត ពិតជាប្រឹងអស់ពីសមត្ថភាព ប៉ុន្តែកីឡាករថៃល្អជាងខ្ញុំ»។ រដ្ឋា បន្តថា៖«ទោះបីខ្ញុំ ត្រូវធ្លាក់មិនអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែការប្រកួតនៅសល់២ លើកទៀត ខ្ញុំនឹងប្រឹងហ្វឹកហាត់ហើយប្រកួតឲ្យអស់សមត្ថភាពទៀត ដើម្បីស្តារមុខមាត់ឡើងវិញ»។
ចំណែកកីឡាករ គឹម វាសនា ដែលត្រូវបានកីឡាករថៃ Sen Khoum វាយឲ្យសន្លប់ក្នុងទឹកទី ២ សម្រាប់ការប្រកួតជុំទី ១ កន្លងមកនោះ គឺរូបគេបានបន្ត មកសន្លប់ក្នុងទឹកទី ២ ក្រោមស្នាដៃ Kreng Krai វិញម្តង ហើយលទ្ធផលនេះធ្វើឲ្យ ង៉ែត្រ រដ្ឋា និង គឹម វាសនាអស់ឱកាសប្រជែងរកឱកាសឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដូចគ្នា បើទោះបីជាពួកគេ នៅសល់ ២ ប្រកួតក្នុងដៃទៀតក៏ដោយ។
គួរបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី ៥ នេះ មានកីឡាករកម្ពុជា ៤ នាក់ និងថៃ ៤ នាក់ ដោយចែកជា ២ ពូល។ ពូលកម្ពុជា និងពូលថៃ ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ដោយយកអ្នកមានពិន្ទុខ្ពស់ជាងគេ តាមពូលទាំង ២ ឡើងទៅប្រកួតផ្តាច់ព្រ័ត្រតែម្តង ដើម្បីយកខ្សែក្រវាត់អមជាមួយប្រាក់រង្វាន់ ៥០០០ ដុល្លារ និង ៣០០០ ដុល្លារ គឺគ្មានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ។
យោងតាមការប្រកួត ៤ សប្តាហ៍កន្លងមកនេះ កីឡាករកម្ពុជា ផាន់ គ្រាន់ អាចមានភាពរយខ្ពស់ជាងគេ ក្នុងការទទួលបានឱកាស ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ តំណែងឲ្យកម្ពុជា ដែលតាមពីក្រោយដោយ មាស ច័ន្ទមាន ប៉ុន្តែ ង៉ែត្រ រដ្ឋា និង គឹម វាសនា អស់ឱកាសហើយ។ យ៉ាងណាក៏ដោយ កីឡាករថៃ មានសមត្ថភាពល្អជាងកីឡាករកម្ពុជា ហើយតាមការវាយតម្លៃជាទូទៅរបស់អ្នកនិយមទស្សនាការប្រដាល់ គេហ៊ានទស្សន៍ទាយថា ខ្សែក្រវាត់នេះ អាចនឹងបានទៅលើកីឡាករថៃ៕