ភ្នំពេញៈ ជាមួយ​ជីវភាព​ក្រខ្សត់ បាន​ព្រឹក​ខ្វះ​ល្ងាច​នៃ​គ្រួសារ​កសិករ​មួយ ក្នុង​ខេត្ត​តាកែវ ហើយ​បាន​ផ្លាស់ប្ដូរ​ជីវិត​មក​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវភាព និង​បន្ត​ការ​សិក្សា​ផង​នោះ លោក គង់ ចាន់ធី​ណា បាន​ប្រែ​ក្លាយ​ខ្លួនឯង​ពី​អ្នក​រុញ​រទេះ​លក់​ទឹក​តាម​ជញ្ជើម​ថ្នល់ ក្រោម​កម្ដៅ​ថ្ងៃ​ផង ភ្លៀង​ផង អស់​រយៈពេល​ជិត ៥ ឆ្នាំ ទើប​ក្លាយជា​គ្រូបង្វឹក​កីឡា និង​ឈាន​ឡើង​ទៅ​ដល់​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់គីដូ​កម្ពុជា មក​ដល់​បច្ចុប្បន្ន។

ភាព​រីកចម្រើន​ក្នុង​គ្រួសារ និង​ស្នាដៃ​របស់​លោក ចាន់ធីណា មក​ដល់​សព្វ ត្រូវ​បាន​លោក​អះអាង​ថា បាន​មក​ពី​ការ​ព្យាយាម និង​ចាប់​យក​មុខរបរ​ជា​គ្រូបង្វឹក​ក្បាច់គុន​ផ្នែក​កីឡា Hapkido ដើម្បី​ចិញ្ចឹម​គ្រួសារ ទាំង​ស្រុង ហើយ​តាមរយៈ​ក្បាច់​គុន​នេះ បាន​ជួយ​ឲ្យ​លោក​ចេញ​ពី​ភាព​ក្រខ្សត់ ទៅ​ជា​មនុស្ស​ម្នាក់ ដែល​មាន​រាងកាយ​មាំមួន សុខភាព​ល្អ និង​យក​ជំនាញ​ក្បាច់​គុន​នេះ រក​ចំណូល ដើម្បី​ចិញ្ជឹម​គ្រួសារ​បាន​ចាប់​ពី ៧០០ ដុល្លារ​ទៅ ១០០០ ដុល្លារ​ក្នុង ១ ខែ។ លោក​បាន​អូស​ទាញ​ប្រពន្ធ និង​កូន​ទាំង ៣ នាក់ ឲ្យ​ហាត់ និង​គាំទ្រ​កីឡា​ហាប់គីដូ​នេះ​ទាំងអស់​គ្នា រហូត​មក​ដល់​សព្វថ្ងៃ។

ការលះបង់​មុខរបរ​ជា​កម្មករ​អូស​ទឹក​លក់ មក​ចាប់​យក​មុខ​របប​ជា​គ្រូ​ក្បាច់គុន​នេះ គឺ​លោក គង់ ចាន់ធីណា បាន​ចំណាយ​ពេល ៥ ឆ្នាំ ដោយ​ហ្វឹកហាត់​ជាមួយ​លោក​គ្រូ​ចំនួន ៣ នាក់​មាន​លោក ស៊ាន គឹម​សាន,លោកគ្រូ ហុក ឈាង​គីម,លោកគ្រូ អ៊ឹង សំរេច និង​សិស្ស​ច្បង ទួន សារ៉ា ហៅ​ទី (ស្លាប់)។

រហូតមក​ដល់​ពេល​នេះ លោក គង់ ចាន់ធីណា ដែល​មាន​អាយុ ៥០ ឆ្នាំ និង​មាន​លំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​នោះ មាន​ខ្សែក្រវាត់​ខ្មៅ ៦ ដាន់ ដោយ​មាន​មុខរបរ​ជា​គ្រូបង្វឹក​កីឡា​ហាប់គីដូ​ផង និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់គីដូ​ផង ហើយ​ប្រពន្ធ​ជា​ស្ត្រី​មេផ្ទះ និង​មាន​កូន ៣ នាក់ កូន​ប្រុស​អាយុ ១៨ ឆ្នាំ ខ្សែ​ក្រវាត់​ខ្មៅ ២ ដាន់ កូនស្រី​ទី ២ មាន​អាយុ ១៣ ឆ្នាំ មាន​ខ្សែក្រវាត់​ខ្មៅ ១ ដាន់ និង​កូន​ពៅ អាយុ ១០ ឆ្នាំ មាន​ខ្សែក្រវាត់​លឿន គឺ​ពួគេ​សុទ្ធ​តែ​ជា​អ្នក​ហាត់​កីឡា​នេះ​ទាំងអស់ ដែល​ជា​គ្រួសារ​មួយ​ប្លែក​ពី​គេ គឺ​រក​ស៊ី​បង្ហាត់​ក្បាច់​គុន។

លោក គង់ ចាន់ធីណា បាន​និយាយ​ថា លោក​បាន​ហាត់​ក្បាច់​គុន​នេះ តាំង​ពី​មុន​បង្កើត​សហព័ន្ធ​ម្ល៉េះ គឺ​ពី​ឆ្នាំ ១៩៨៧ រហូតដល់​ឆ្នាំ ១៩៩០ ហើយ​ពី​ឆ្នាំ ១៩៩១ និង​ជា​បន្ត​បន្ទាប់ លោក​បន្ត​ហាត់​កីឡា​នេះ​ផង និង​បាន​រក​ការងារ​ថ្មី គឺ​បម្រើ​ខាង​នគរបាល​របស់​ក្រសួង​មហាផ្ទៃ​ផង។ ក្រោយ​សហព័ន្ធ បង្កើត​ឡើង លោក​បាន​ចូលរួម​និង​ឆ្លៀត​ទៅ​ជួយ​បង្រៀន​សិស្ស​គុន​ខ្លះៗ ជា​កូន​មិត្តភក្ដិ​នៅ​តាម​ផ្ទះ​រៀងរាល់​ថ្ងៃ​ក្រៅ​ពី​ការងារ​រដ្ឋ។

លោក​បន្តថា៖ «ការងារ​ទាំង​នេះ ធ្វើ​ឱ្យ​ជីវភាព​របស់​ខ្ញុំ កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង បន្តិច​ម្ដងៗ ហើយ​មក​ដល់​ឆ្នាំ ២០០១ ជីវភាព​ក្រុម​គ្រួសារ​របស់​ខ្ញុំ កាន់​តែ​លូតលាស់​ខ្លាំង​ទៅៗ ហើយ​ការងារ​ទៅ​បង្ហាត់​នៅ​តាម​ផ្ទះ​នេះ គឺ​ខ្ញុំ​បាន​បន្ត​រហូត​ចូល​បម្រើ​ការងារ ជា​នគរបាល​ដល់​បច្ចុប្បន្ន។ ខ្ញុំបម្រើ​ការងារ​ជា​នគរបាល​ជាង ២០ ឆ្នាំ​ទទួល​បាន​ឋាន​ន្តរស័ក្តិ​ត្រឹម​អនុសេនីយ៍​ឯក ប៉ុន្តែ​ដោយសារ​ខ្ញុំ​មាន​ចំណេះ​ក្បាច់​គុន​ហាប់គីដូ​នេះ​ស្ទាត់​ជំនាញ គឺ​នៅ​ឆ្នាំ ២០១២ ក្រសួង​មហាផ្ទៃ បាន​ផ្ទេរ​ខ្ញុំ​មក​នៅ​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ ដោយ​បច្ចុប្បន្ន ខ្ញុំ​ជា​វរសេនីយ៍ត្រី និង​ជា​ជំនួយការ​ប្រធាន​អង្គភាព​ទទួល​បន្ទុក​បង្វឹក​កង​កម្លាំង​សមត្ថកិច្ច ផង»។

ប្រពន្ធ​របស់​លោក ចាន់ធីណា គឺ​អ្នកស្រី ស្ដើង សំរិទ្ធ ដែល​គាំទ្រ​មុខរបរ​ប្តី​បាន​ប្រាប់​ថា៖ «កាល​ដំបូង​ឡើយ ខ្ញុំ​ក៏​ធ្លាប់​ខឹង​នឹង​គាត់​ដែរ ដែល​គាត់​និយម​ចូលចិត្ត​កីឡា ព្រោះ​កាល​នោះ​ជីវភាព​នៅ​ខ្វះខាត​ច្រើន ហើយ​គាត់​នៅ​តែ​បន្ត​ហាត់​កីឡា​ទៀត ទាំង​មិន​មាន​ប្រាក់​ចំណូល ហើយ​ថែម​ទាំង​ត្រូវ​ចំណាយ​ទៅវិញ​ទៀត ប៉ុន្តែ​ដំណាក់កាល​បន្ត​បន្ទាប់ ខ្ញុំ​គិតថា ការ​ហាត់​កីឡា​មាន​ប្រយោជន៍​ល្អ ចំពោះ​សុខភាព​ដែរ និង​គ្មាន​ពេល​ចំណាយ​ទៅ​ដើរ​លេង​ឥត​ប្រយោជន៍ ពិសេស​គាត់​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​បង្ហាត់​គេ»។

អ្នកស្រី​បន្តថា៖ «ដោយសារ​តែ​កីឡា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​ខ្ញុំ អាច​រស់​បាន​ក្នុង​ជីវភាព​សមរម្យ និង​មាន​សុភមង្គល ក្នុង​គ្រួសារ​ដល់​សព្វថ្ងៃ ដោយ​ចាក​ចេញ​ពី​ភាព​ក្រខ្សត់។ ជាង​នេះ​ទៅ​ទៀត​ប្តី​នាង​ខ្ញុំ ដែល​និយម​ចូលចិត្ត​ផ្នែក​កីឡា គាត់​មាន​ទម្លាប់​មិន​ពិសា​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ដើ​លេង​នោះ​ទេ។ ក្រៅ​ពី​ការងារ​នគរបាល គឺ​កីឡា​មួយ​គ្រួសារ​តែ​ប៉ុណ្ណោះ ហើយ​ផល​ប្រយោជន៍​មួយ​ទៀត ដែល​ខ្ញុំ​ពេញចិត្ត គឺ​សុខភាព​រាងកាយ​មាំមួន ដោយ​ក្នុង​គ្រួសារ​ទាំង​មូល មិន​ដែល​ចេះ​ឈឺ​ធ្ងន់​ម្តង​ណា​ទេ»។

លោក​ឧកញ៉ា សៅ សេង​ហាក់​ប្រធាន​ក្រុមហ៊ុន​ឡារីតា បាន​ថ្លែង​ថា៖ «ទោះ​ជា​ខ្ញុំ​ជាប់​រវល់​ខ្លាំង​ក្នុង​ការងារ​រកស៊ី ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ជួល លោក ចាន់ធីណា ឲ្យ​មក​បង្ហាត់​ខ្ញុំ​ដល់​ផ្ទះ។ ខ្ញុំ​ហាត់​ជាង ៣ ឆ្នាំ​មក​ហើយ និង​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ ២ ដាន់​ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​សិស្ស​គុន និង​សហព័ន្ធ​ផ្តល់​កិត្តិយស​ឲ្យ​ខ្ញុំ ធ្វើជា​អនុប្រធាន ដើម្បី​គាំទ្រ​កីឡា​ហាប់គីដូ​នេះ​ឲ្យ​មាន​ការ​រីក​ចម្រើន​បន្ត»។

ជាមួយ​ប្រវត្តិ​តស៊ូ​យ៉ាង​អត់ធ្មត់​បំផុត​របស់ លោក ចាន់ធីណា បាន​ធ្វើ​ឲ្យ​កីឡា​ហាប់គីដូ មាន​ការ​រីក​ដុះដាល និង​បាន​ទាក់ទាញ​យុវជន​ឲ្យ​ចូល​មក​ហាត់​កីឡា​ប្រភេទ​នេះ​តាម​ទី​សាធារណៈ​គួរ​កត់​សម្គាល់ ក្នុង​នោះ​មាន​នៅ​ទល់​មុខ​វត្ត​បទុម រាល់​ពេល​ព្រឹក មាន​សិស្ស​សាលា​ប្រ៊ីតស្តុន​បឹង​ត្របែក,ស្ទឹង​មានជ័យ,ផ្សារ​សុវណ្ណា ជិត​ពេទ្យ​រុស្សី​ហើយ​បច្ចុប្បន្ន​មាន​ទីតាំង​ហ្វឹកហាត់​លក្ខណៈ​ស្តង់ដារ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ ខណៈ​សព្វថ្ងៃ​នេះ សហព័ន្ធ​កីឡា​ហាប់គីដូ​កម្ពុជា មាន​ក្លិប​ចំនួន ៥ និង​មាន​កីឡាករ​កីឡាការិនី​ជាង ២០០ នាក់​ឯណោះ៕