ភ្នំពេញៈ កីឡាកររបស់កម្ពុជា មាស ច័ន្ធមាន និង ផាន់ គ្រាន់ ដែលទើបប្រកួតគ្នាដណ្តើមប្រាក់លាននៅសង្វៀន CNC កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននឹងត្រូវជួបអ្នកប្រដាល់របសថៃក្នុងការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី ២ នៃខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៣,៥ គីឡូក្រាមនៅលើសង្វៀន SEATV នារសៀលថ្ងៃអាទិត្យខាងមុខនេះ។
នៅក្នុងការប្រកួតនេះអ្នកលេងកណ្តាប់ដៃ ចិត្តធំ ផាន់ គ្រាន់ របស់ក្លិបពុទ្ធសេរីវង្សហាក់មានរំពឹងខ្ពស់ក្នុងការយកឈ្នះជើងថ្មីរបស់ថៃ Luok Ton ដើម្បីយក ៣ ពិន្ទុ ប៉ុន្តែ មាស ច័ន្ទ អាចនឹងលំបាកយកឈ្នះ Kolap Dam ព្រោះថៃម្នាក់នេះមានក្បាច់គុនល្អ និងខ្លាំងលើស្នៀតទាត់ និងជង្គង់ ហើយការបង្ហាញខ្លួននៅកម្ពុជាជាង ៥ លើកកន្លងមកនេះ Kolap Dam មិនទាន់ស្គាល់រសជាតិចាញ់នៅឡើយទេ តែការប្រកួតមិត្តភាពចុងក្រោយជាមួយ វេង សុភ័ក្រ បានស្មើពិន្ទុគ្នា។
យោងតាមស្ថិតិប្រកួតរបស់កីឡាករទាំងនេះដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីគណៈកម្មការផ្គូផ្គង គឺ Kolap Dam ធ្លាប់ប្រកួតតិចជាង មាស ច័ន្ទមាន ដល់ទៅ ៣៩ ដង ប៉ុន្តែស្ថិតិចាញ់របស់គេតិចណាស់តែ ១០ ដងទេ។
Kolap Dam ធ្លាប់ប្រកួត ៩០ ដង ឈ្នះ ៧៩ ចាញ់ ១០ និងស្មើ ១ ដង ចំណែក ច័ន្ទមាន ប្រកួតបាន ១២៩ ដង ឈ្នះ ៩៨ ចាញ់ ២៧ និងស្មើ ៤ ហើយប្រកួតចុងក្រោយរូបគេបានឈ្នះ ផាន់ គ្រាន់ យកប្រាក់ ៤ លានរៀលនៅសង្វៀន CNC។
លោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតនិយាយថា៖ «Kolap Dam នេះកម្លាំងរឹងមាំល្អ និងមានស្នៀតទាត់ និងក្បាច់ជង្គង់ល្អ ហើយការប្រកួតលើកនេះ Kolap Dam ដែលខ្ពស់ជាង ច័ន្ធមាន គឺមានភាគរយឈ្នះច្រើនជាង ប៉ុន្តែអ្វីដែលពិតប្រាកដ គឺពេលប្រកួតជាក់ស្តែង ទើបយើងនិយាយត្រូវ»។
ចំណែកកីឡាករ មាស ច័ន្ទមាន មិនទាន់ហ៊ាននិយាយពីលទ្ធផលឈ្នះ ឬចាញ់នោះទេ ប៉ុន្តែគេបានអះអាងថានឹងប្រឹងប្រែងវ៉ៃឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរក ៣ ពិន្ទុឲ្យបាន ទោះបីជាកីឡាករថៃនោះល្បីថាខ្លាំងក៏ដោយ។
ដោយឡែក ផាន់ គ្រាន់ ត្រូវបានអ្នកទស្សនាវាយតម្លៃថា អាចនឹងយកឈ្នះជើងថ្មីរបស់ថៃ Luok Ton ដោយសារ ផាន់ គ្រាន់ មានបទពិសោធច្រើនជាងកីឡាករថៃនេះចំនួន ៣៨ ដងក្នុងនោះ ផាន់ គ្រាន់ ធ្លាប់ប្រកួត ១០៥ ដង ឈ្នះ ៨៧ ចាញ់ ១៦ និងស្មើ ២ ដង ឯ Luok Ton ធ្លាប់ប្រកួតបាន ៦៧ ឈ្នះ ៥៤ ចាញ់ ១២ និងស្មើ ១ ដង។
ទាក់ទងនឹងការប្រកួតនេះ ផាន់ គ្រាន់ អះអាងថានឹងប្រឹងវ៉ៃយកឈ្នះ ៣ ពិន្ទុឲ្យបាន។ ផាន់ គ្រាន់ និយាយថា៖ «ខ្ញុំហ្វឹកហាត់ត្រៀមបានល្អ ដើម្បីប្រកួតឈ្នះ និងឆ្លងផុតទៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករថៃ»។
គួរបញ្ជាក់ថាសម្រាប់ពូលកីឡាករកម្ពុជា ដែលមានកីឡាករ ៤ រូបនោះ កីឡាករ ឌុម កែវដា និង វេង សុភ័ត្រ បានចាញ់ថៃក្នុងការប្រកួតលើកដំបូងដូចគ្នា។ ហេតុនេះរវាង មាស ច័ន្ទមាន និង ផាន់ គ្រាន់ អ្នកឈ្នះនឹងបានឡើងទៅឈរនៅកំពូលតារាងប្រចាំពូលកម្ពុជាជាបណ្តោះអាសន្ន៕