ភ្នំពេញៈ កីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីឡើងប្រកួតសន្សំពិន្ទុលើកទី ២ ជាមួយអ្នកប្រដាល់របស់ឡាវ Phan Chhai ក្នុងពានរង្វាន់អន្តរជាតិ កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM ប្រភេទទម្ងន់ ៦៧ គីឡូក្រាមនៅលើសង្វៀន CNC នារសៀលថ្ងៃអាទិត្យ គឺមុនពេល ឆៃ សារ៉ា ត្រូវប្រឈមជាមួយជើងខ្លាំងរបស់ថៃ Noeng Trakan។
ទាក់ទងទៅនឹងការប្រកួតលើកទី ២ នេះលោក ណន រិទ្ធ គ្រូបង្វឹក ពុទ្ធ ឆាយរិទ្ធី បានផ្តល់ទំនុកចិត្តខ្ពស់ដល់សិស្សរបស់លោកថា នឹងទទួលបានជ័យជម្នះ។
លោកបានប្រាប់កាលពីម្សិលមិញថា៖ «សម្រាប់ការប្រកួតលើកទី ២ នេះ ខ្ញុំមានសង្ឃឹមលើ ពុទ្ធ ឆាយរិទ្ធី ៨០ ភាគរយ ព្រោះលើកនេះសិស្សរបស់ខ្ញុំ ហ្វឹកហាត់បានពេញល្អ»។
គួររំឭកថាសម្រាប់ការប្រកួតបើកឆាកកាលពីថ្ងៃទី ៤ ខែកុម្ភៈ កន្លងមកនេះ ពុទ្ធ ឆាយរិទ្ធី បានចាញ់ពិន្ទុជើងខ្លាំង Noeng Trakan ទាំងមិនអស់ចិត្ត ហើយការចាញ់នោះបានធ្វើឲ្យ ឆាយរិទ្ធី មានត្រឹម ១ ពិន្ទុស្មើជាមួយ មាស សុជាតិ កីឡាករថៃ Chhan Chhai និង ឡាវ Phan Chhai ខណៈ ឆៃ សារ៉ា, ឡៅ ចន្ទ្រា Noeng Trakan និងកីឡាករថៃ Rong Nakpha សុទ្ធតែទទួលបាន ៣ ពិន្ទុពេញដូចគ្នា។
ជាមួយនឹងលទ្ធផលជាបណ្តោះអាសន្ននេះ វាតម្រូវឲ្យ ពុទ្ធ ឆាយរិទ្ធី ត្រូវការឈ្នះជាដាច់ខាត ដើម្បីបង្កើតឱកាសឡើងវិញក្នុងការប្រជែងឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយគេកំណត់យកកីឡាករមានពិន្ទុខ្ពស់ជាងគេ ៤ នាក់ក្នុងចំណោមអ្នកទាំង ៨ ហើយអ្នកឈ្នះក្នុងវគ្គខ្វែងនោះនឹងត្រូវឡើងទៅប្រកួតដណ្តើមយកពានអន្តរជាតិនេះ អមជាមួយប្រាក់រង្វាន់ ២៤ លានរៀលនៅវគ្គផ្តាច់ព្រ័ត្រ។
លោក ណន រិទ្ធ បានបន្ថែមថា៖ «ពុទ្ធ ឆាយរិទ្ធី ទាមទារយកឈ្នះឲ្យបាន ព្រោះបើយើងបន្តចាញ់ក្នុងការប្រកួតលើកទី ២ នេះ យើងអាចនឹងបាត់ឱកាស សម្រាប់ការឡើងទៅប្រកួតនៅវគ្គបន្ត។ កីឡាកររបស់ឡាវម្នាក់នេះមានសមត្ថភាពល្អដែរ ប៉ុន្តែប្រហែលជាទៅមិនរួចជាមួយសិស្សរបស់ខ្ញុំទេ ដោយសារ ឆាយរិទ្ធី មានកណ្តាប់ដៃ និងមានស្នៀតជើងល្អជាង»។
ចំណែកការជួបគ្នារវាង ឆៃ សារ៉ា និង Noeng Trakan វាបានក្លាយជាការប្រកួតប្រជែងគ្នាយ៉ាងសំខាន់ ដើម្បីដណ្តើមយក ៣ ពិន្ទុ ព្រោះអ្នកឈ្នះនឹងត្រូវឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្ន និងមានឱកាសកាន់តែច្រើនបានទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
យ៉ាងណាក៏ដោយតាមរយៈការប្រកួតកន្លងមកនេះត្រូវបានគេមើលឃើញថា Noeng Trakan មានបច្ចេកទេសល្អ ហើយល្បឿនវាយចេញរបស់គេ អាចលឿនជាង ឆៃ សារ៉ា ពិសេសការវាយកែងតែម្តង ប៉ុន្តែការវាយចេញរបស់ សារ៉ា ក៏ល្អដែរ។ ហេតុនេះការឈ្នះចាញ់របស់អ្នកទាំង ២ នេះអាចនឹងបញ្ចប់ដោយភាពតានតឹង ហើយករណីបែកក៏អាចនឹងកើតមានឡើងផងដែរ ដោយសារពួកគេចូលចិត្តប្តូរកែងដូចគ្នា៕