ភ្នំពេញៈ អ្នកប្រដាល់ ឆៃ សារ៉ា របស់កម្ពុជា បានយកឈ្នះលើកីឡាករឡាវ Phanchhai ដោយពិន្ទុដាច់ ដើម្បីជម្រះភាពសង្ស័យនៃការហ្វឹកហាត់មិនបានពេញ សម្រាប់ការប្រកួតបើកឆាកដណ្តើមពានរង្វាន់អន្តរជាតិ «កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI PALM» ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ ប៉ុន្តែ ពុទ្ធ ឆាយរិទ្ធី បានចាញ់ជើងខ្លាំងរបស់ថៃ Noengtrakan។ រីឯ ឡុង សំណាង និង វេង សុភ័ក្រ សុទ្ធតែចាញ់ក្នុងការប្រកួតដណ្តើមប្រាក់លាន។
ការលើកឡើងរបស់គ្រូបង្វឹកលោក ធន់ សុភា ជុំវិញការហ្វឹកហាត់បានតិចតួចរបស់ ឆៃ សារ៉ា ធ្វើឲ្យមានការបារម្ភមួយចំនួន មុនការប្រកួត ប៉ុន្តែសម្រាប់ការប្រកួតជាក់ស្តែង កាលម្សិលមិញ ឆៃ សារ៉ា បានគ្រប់គ្រងការប្រកួតយ៉ាងល្អ។ បើទោះបីជារូបគេ ហាក់ធ្លាក់កម្លាំងនៅទឹកទី ៤ ក្តីក៏ប៉ុន្តែការមានប្រៀបផ្នែកកម្ពស់ បានធ្វើឲ្យ សារ៉ា នៅតែអាចយកប្រៀបលើឡាវ ដោយការទាត់ និងបុកជង្គង់ ពិសេសការម៉ាត់ទៅលើពោះ និងផ្ទៃមុខ ដែលធ្វើឲ្យ Phanchhai ចង់គាំងនៅទឹកទី ៤ ផងដែរ។
នៅក្នុងទឹកទី ៥ សារ៉ា បានផ្តោតទៅលើការទាត់ក្រោមវិញម្តង ហើយទម្ងន់ជើងស្តាំរបស់គេ បានធ្វើឲ្យ Phanchhai មានរបួសជើងឆ្វេង និងត្រូវបានអាជ្ញាកណ្តាលរាប់ចំនួន ២ លើក ខណៈឡាវម្នាក់នេះ ត្រូវបាន ឆៃ សារ៉ា ទាត់ឲ្យដួលជាមួយភាពឈឺចាប់ចំនួន ២ ដងនោះ។ នៅទីបំផុត សារ៉ា ត្រូវបានប្រកាសឲ្យឈ្នះពិន្ទុជាឯកច្ឆន្ទ។
ផ្ទុយពីនេះ ការព្យាយាមវាយអស់ពីចិត្តរបស់ ពុទ្ធ ឆាយរិទ្ធី មិនអាចយកឈ្នះលើជើងខ្លាំងថៃ Noengtrakan បាននោះទេ។ អ្នកទាំង ២ នេះ បានប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត តាមរយៈការទាត់ ម៉ាត់ វាយកែង និងការប្តូរជង្គង់គ្នា។
ទោះយ៉ាងណាក៏ដោយ តាមរយៈការប្រកួត ៥ ទឹកពេញ ឆាយរិទ្ធី បានចាញ់ប្រៀប Noengtrakan លើការបុកជង្គង់ ដែលនាំឲ្យចៅក្រមតាំង ៥ នាក់ ផ្តល់ពិន្ទុឲ្យរូបគេចាញ់ថៃម្នាក់នេះជាឯកច្ឆន្ទ តែម្តង។
ដោយឡែក កីឡាករ ឡុង សំណាង និង វេង សុភ័ក្រ ដែលដាក់ឲ្យប្រកួតដណ្តើមយកប្រាក់លានជាមួយថៃ ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមនោះ សុទ្ធតែចាញ់ក្នុងការប្រកួតជម្រុះដូចគ្នា។
តាមរយៈការប្រកួតកាលពីយប់ថ្ងៃសៅរ៍នោះ ឡុង សំណាង បានចាញ់ថៃ Phitnoy ឯ វេង សុភ័ក្រ បានចាញ់ Maisoth ដោយពិន្ទុដូចគ្នា ហើយ Maisoth បានបន្តយកឈ្នះ Phitnoy ក្នុងផ្តាច់ព្រ័ត្រ ដើម្បីយក ៤ លានរៀល និង Phitnoy បាន ២ លានរៀល៕