Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ជើង​ខ្លាំង​ថៃ​ទាំង ២ ទម្លាក់​កម្ពុជា ឡើង​ជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ

Content image - Phnom Penh Post
ជើង​ខ្លាំង​ថៃ Phlay Noy ត្រូវ​បាន​អាជ្ញាកណ្តាល​លើក​ដៃ​ឲ្យ​ឈ្នះ មាស ច័ន្ទ​មាន។ យឺន ពន្លក

ជើង​ខ្លាំង​ថៃ​ទាំង ២ ទម្លាក់​កម្ពុជា ឡើង​ជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ

ភ្នំពេញៈ ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ ទម្ងន់ ៦៣,៥ គីឡូក្រាម នៅ​លើ​សង្វៀន SEATV គឺ​លទ្ធផល​បាន​ចេញ​មក​ដូច​ក្តី​រំពឹង ដោយ​ជើង​ខ្លាំង​របស់​ថៃ​ទាំងពីរ Phlay Noy និង Loom Leng សុទ្ធតែ​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ខ្មែរ មាស ច័ន្ទមាន និង រឿង សារ័ត្ន ដើម្បី​ឡើង​ទៅ​ជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ ហើយកា​រសម្រេច​សេចក្តី​ពីសំណាក់​ចៅក្រម និង​គណៈកម្មការ​វិនិច្ឆ័យ ត្រូវបាន​គេ​មើល​ឃើញ​ពីភាព​ត្រឹមត្រូវ ផ្តល់​យុត្តិធម៌​បាន​ល្អ សម​ទៅ​នឹង​សកម្មភាព​ប្រកួត ដែល​ស្វិតស្វាញ និង​តឹងតែង​បំផុត។

នៅ​ក្នុងការ​ប្រកួត​គ្នា ៥ ទឹក​ពេញ កាល​ពីថ្ងៃ​សៅរ៍​នោះ មាស ច័ន្ទមាន ត្រូវបាន​ចៅក្រម​ទាំង ៥ ផ្តល់​ពិន្ទុ​ចាញ់ Phlay Noy ជា​ឯកច្ឆន្ទ​គឺ ៥ ទល់នឹង ០។ ចំណែក រឿង សារ័ត្ន ដែល​ចាញ់ Loom Leng វិញ​មិន​ឯកច្ឆន្ទ​ទេ ដោយ​ចៅក្រម​ទាំង ៥ មាន ៣ នាក់​ឲ្យថៃ​ឈ្នះ និង​មាន ២ នាក់​ឲ្យ សារ័ត្ន ឈ្នះ ប៉ុន្តែ​សរុប​លទ្ធផល​ការដាក់​ពិន្ទុ​ទាំង ៥ ទឹក​មាន ៤៨៧ ស្មើគ្នា​ត្រឹម។

ជុំវិញ​បញ្ហា​នេះ លោក ឯម ហៀង ប្រធាន​វិនិច្ឆ័យ​ក្នុងពេល​នោះ បាន​ទម្លាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា៖ «ចៅក្រម​ទី ១ ឲ្យ រឿង សា​រ័ត្ន ឈ្នះ​ថៃ​ដោយ​ពិន្ទុ ៩៨ ទល់៩៦ ឯ​ចៅក្រម​ទី ២ ផ្តល់​ឲ្យ រឿង​សារ័ត្ន ឈ្នះ ៩៨ ទល់ ៩៧ តែ​ចៅក្រម​ទី ៣ ទី ៤ និង​ទី ៥ បាន​ផ្តល់​ឲ្យ Loom Leng ឈ្នះ ៩៨ ទល់ ៩៧ ដូចគ្នា ហើយ​ខ្ញុំ​សម្រេច​ផ្តល់​ជ័យជម្នះ​ឲ្យ Loom Leng ឈ្នះ​នេះ​ដោយ​ផ្អែក​ត្រង់​ចំណុច​សំខាន់​គួរ​ចាប់អារម្មណ៍​គឺនៅ​ទឹកទី ៣ ដែល​ជង្គង់​ស្តាំ​របស់ Loom Leng បោះ​ចូល​ក្រោម​ឆ្អឹង​ជំនីរ​ឆ្វេង​របស់ សារ័ត្ន បណ្តាល​ឲ្យដួល​ស្រុតចុះ​សន្លប់​រយៈពេល​ខ្លី និង​បាន​ងើប​មក​ប្រកួត​បាន​វិញ​ក្រោយ​អាជ្ញាកណ្តាល​រាប់​ចំនួន ៨»។

ចំណែក លោក ឆឹង យ៉ៅយ៉េន អនុប្រធាន​សហព័ន្ធ​កីឡា​គុនខ្មែរ ទទួល​បច្ចេកទេស ដែល​នៅតាម​ដានការ​ប្រកួត​នោះ និយាយ​ថា៖ «ការផ្តល់​ពិន្ទុ​នេះ​សុក្រឹត​ល្អ ហើយ​កីឡាករ​កម្ពុជា​ទាំងពីរ ដែល​ចាញ់​ថៃនេះ យើង​មិនបាន​ជួយ​យឹតយោង​ទេ គឺ​ចាញ់​ឬឈ្នះ តាម​សមត្ថភាព និង​លទ្ធផល​ជាក់​ស្តែង»។

នៅពេល​សួរថា ការប្រកួត​នេះ Loom Leng វាយ រឿង សារ័ត្ន ឲ្យ​អាជ្ញាកណ្តាល​រាប់​ក្នុង​ទឹកទី ៣ តែ​លទ្ធផល​ចេញ​មក​ក្រោយ​ពេល​ប្រកួត​បែរជា​បាន ៤៨៧ ពិន្ទុ​ស្មើគ្នា​នោះ លោក​យ៉ៅយ៉េន បាន​បកស្រាយ​ថា ការផ្តល់​ពិន្ទុ​ជាសិទ្ធិ​របស់​ចៅក្រម​ម្នាក់ៗ ប៉ុន្តែ​ចៅក្រម​ទី ១ ដែល​ផ្តល់​ឲ្យខ្មែរ​ឈ្នះ ៩៨ ទល់ ៩៦ ជារឿង​មិន​ត្រឹមត្រូវ ព្រោះ​ក្នុង​ចំនួន ៥ ទឹក បើ​ឈ្នះ​ទាំង ៥ មាន​ពិន្ទុ ១០០ ពេញ គឺ ១ ទឹក ២០ ពិន្ទុ ហើយ​គាត់​ឲ្យថៃ ៩៦ ពិន្ទុ មានន័យ​ថា ថៃ​ឈ្នះ​តែ ១ ទឹក និង​ចាញ់ ៤ ទឹក​ឯណោះ។

លោក បាន​សង្កត់​ធ្ងន់​ថា៖ «នេះ​មាន​ពិន្ទុសរុប​ស្មើគ្នា​មិនអី​ទេ ចុះបើ​សរុប ៥ ទឹក រឿង សារ័ត្ន មាន​ពិន្ទុ​ឈ្នះថៃ​វិញ​នោះ នឹងមាន​បញ្ហា​ចម្រូងចម្រាស​គ្នា​មិន​ខាន»។

លោក យ៉ៅ​យ៉េន បាន​ហៅការ​សម្រេច​សេចក្តី​របស់​ចៅក្រម​មួយ​ចំនួន នៅមាន​បញ្ហា​ខ្វះ​ចន្លោះ​ច្រើន ហើយ​សម្ពាធ​របស់​ភាគី​សហការ​មួយ​ចំនួន បាន​ទម្លាក់ការ​ទទួល​ខុសត្រូវ​លើ​សហព័ន្ធ ប៉ុន្តែ​មន្ត្រី​បច្ចេកទេស​ពេលខ្លះ​ក៏មិន​បាន​អនុវត្ត​ដោយ​ឯករាជ្យ ១០០ ភាគរយ​ទេ៕

0

Comments

Please, login or register to post a comment