ភ្នំពេញ: កីឡាករ​លំដាប់​ជើង​ខ្លាំង ២ នាក់ ឃីម ឌីម៉ា និង​ផល សោភ័ណ្ឌ ដែល​ខកខាន​ប្រកួត​គ្នា​តាំង​ពី​ឆ្នាំ ២០១៦ នោះ អាច​នឹង​ប៉ះ​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នៅ​សង្វៀន CNC ប្រសិន​បើ​គេ​ឈ្នះ​វគ្គ​ជម្រុះ​ដំបូង​ក្នុង​ថ្ងៃ​តែ​មួយ ពេល​ប្រកួត​ជាមួយ​ថៃ​រៀងៗ​ខ្លួន​នោះ ដើម្បី​ប្រជែង​យក​ប្រាក់​លាន​ក្នុង​កម្មវិធី​ប្រកួត​ម៉ារ៉ាតុង​លក្ខណៈ​អន្តរជាតិ​កម្ពុជា​ថៃ​ទម្ងន់ ៦៣,៥ គីឡូក្រាម។

ប្រភព​ពី​មន្ត្រី​កាន់​កម្មវិធី​ប្រដាល់​របស់​សហព័ន្ធ​គុន​ខ្មែរ ឃីម ឌីម៉ា ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Chao Boy ចំណែក​ឯ​ផល សោភ័ណ្ឌ ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Pon Long ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​ដូច​គ្នា។

តាម​រូបមន្ត​ប្រកួត​នេះ កីឡាករ​របស់​កម្ពុជា​ទាំង ២ នឹង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ជម្រុះ​យក​អ្នក​ឈ្នះ​ដូចគ្នា​មក​ប្រកួត​គ្នា​បន្ត​ភ្លាមៗ​ដើម្បី​យក​ប្រាក់​លាន​របស់​គោ​ជល់​ក្នុង​ពេល​តែ​មួយ។ តាម​ការ​ព្យាករ​របស់​អ្នក​ទស្សនា​ភាគ​ច្រើន​លើស​លប់ គេ​រំពឹង​ថា អ្នក​ប្រដាល់​កម្ពុជា​ទាំង ២ ឃីម ឌីម៉ា និង​ផល សោភ័ណ្ឌ នឹង​ឆ្លង​ផុត​វគ្គ​ជម្រុះ ដើម្បី​ជួប​ប្រកួត​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ឃីម ឌីម៉ា បាន​និយាយ​ថា ការ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Chao Boy មិន​ទាន់​ដឹង​ពី​សមត្ថភាព​របស់​គេ​មាន​កម្រិត​យ៉ាង​ណា​ទេ ពី​ព្រោះ​មិន​ដែល​ឃើញ​ការ​ប្រកួត​របស់​គេ ប៉ុន្តែ រូបគេ​សង្ឃឹម​ថា៖ «តាមរយៈ​ការ​ហ្វឹក​ហាត់ និង​ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ ខ្ញុំ​នឹង​បាន​ឆ្លង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​មិន​ខាន»។

ឌីម៉ា បាន​បន្តថា៖ «ការ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ គឺ​ខ្ញុំ​មាន​សង្ឃឹម​ដោយ​ប្រើ​ស្នៀត​កែង និង​វាយ​តាម​ប្រយោល​មិន​ចូល​លេង​ក្បាច់​ជង្គង់​ទេ ពី​ព្រោះ​ថៃ​ភាគ​ច្រើន​ល្អ​ជាង​យើង ប៉ុន្តែ​អន់​ស្នៀត​កែង»។

បេក្ខភាព​របស់​កម្ពុជា​ម្នាក់​ទៀត​គឺ ផល សោភ័ណ្ឌ មក​ពី​ក្លិប​តាឡី​មានរិទ្ធិ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ Pon Long ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​ដូចគ្នា ហើយ​បើ​ឈ្នះ​ថៃ​នោះ​គឺ​បាន​ឡើង​ទៅ​ប្រកួត​ជាមួយ ឌីម៉ា តែ​ម្តង។

ផល សោភ័ណ្ឌ ក៏​មិនដឹង​ពី​សមត្ថភាព​កីឡាករ​ថៃ​នោះ​យ៉ាង​ណា​ដែរ ប៉ុន្តែ មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ចាញ់​កីឡាករ​ថៃ​នោះ​ឡើយ តែ​អ្វី​ដែល​ព្រួយបារម្ភ​នោះ​គឺ​ពេល​ប៉ះ​ប្រកួត​ជាមួយ​ឌីម៉ា។

យោង​តាម​ប្រវត្តិ​ប្រកួត​រវាង​កីឡាករ​ឃីម ឌីម៉ា និង​ផល សោភ័ណ្ឌ ពួកគេ​ធ្លាប់​ប្រកួត​គ្នា​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ម្តង​នៅ​ឆ្នាំ ២០១៦ នៅ​សង្វៀន​បាយ័ន​ដែល​កាល​នោះ​ការ​ឈ្នះ​របស់​ផល សោភ័ណ្ឌ លើ​ឃីម ឌីម៉ា បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ដោយ​សារ​តែ​ការ​កាត់​ក្តី​ហាក់​គ្មាន​ភាព​អយុត្តិធម៌​ដល់ ឃីម ឌីម៉ា។

បន្ទាប់​មក ឃីម ឌីម៉ា បាន​អវត្តមាន​នៅ​សង្វៀន​មួយ​នេះ​ដល់​បច្ចុប្បន្ន​ព្រមទាំង​សាង​កេរិ៍្ត​ឈ្មោះ​ល្បី​នៅ​សង្វៀន​ដទៃ និង​ឆាក​អន្តរជាតិ​វិញ។ លោក​ហេង ប៊ុនឃីម ជា​ឪពុក​បង្កើត និង​ជា​គ្រូបង្វឹក​ឃីម ឌីម៉ា បាន​និយាយ​ថា៖ «ប្រសិន​បើ ឌី​ម៉ា ឈ្នះ​ថៃ​ឡើង​មក​ប៉ះ​ជាមួយ​ផល សោភ័ណ្ឌ​នោះ ខ្ញុំ​គ្មាន​សង្ឃឹម​ឈ្នះ​ផល សោភ័ណ្ឌ ទេ​ពី​ព្រោះ​អាច​ចាញ់​ផ្នែក​កម្លាំង​ដោយសារ​ការ​ហ្វឹកហាត់​មិន​បាន​ល្អ»។

លោក​ហេង ប៊ុនឃីម បាន​បន្តថា៖ «តាំង​ពី​ឈ្នះ​មេដាយ​មាស​ពី​ស៊ីហ្គេម​រួចមក ឌីម៉ា ឡើង​ប្រកួត​ជាមួយ​ថៃ ៣ លើក ឈ្នះ​គេ​ទាំង​លំបាក ហើយ​កម្រិត​កម្លាំង និង​បច្ចេកទេស​វាយ​របស់​គេ​គឺ​ខ្សោយ​ជាមុន​ឆ្ងាយ​ណាស់»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហ៊ាន​និយាយ​ការ​ពិត ការ​ប៉ះ ផល សោភ័ណ្ឌ ឌីម៉ា មិន​អាច​ឈ្នះ ពី​ព្រោះ​ទី ១ មិន​បាន​ហ្វឹកហាត់​ផ្ទាល់​ជាមួយ​ខ្ញុំ​ពី​កម្លាំង និង​បច្ចេកទេស ទី ២ ហាត់​នៅ​ភ្នំពេញ​គឺ​ភាគ​ច្រើន​ហាត់​ខ្លួនឯង គ្មាន​គ្រូ និង​ទី ៣ មាន​ការ​ងារ​ធ្វើ​ប៉េអឹម​ច្រើន​ផង មាន​ពេល​ហាត់​តិច​តួច​ណាស់»។

លោក​មាក់ សុខន គ្រូបង្វឹក ផល សុភ័ណ្ឌ និយាយ​ថា៖ «ប្រសិន​ជា​ពួកគេ​ប៉ះ​ប្រកួត​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ ខ្ញុំ​មិន​ហ៊ាន​អះអាង​ថា មាន​ភាគរយ​ឈ្នះ​នោះ​ទេ ពី​ព្រោះ​ឃីម ឌីម៉ា គេ​ជា​កីឡាករ​ខ្លាំង និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ផង ពោល​គឺ​លំបាក​ឈ្នះ​ណាស់»៕