ភ្នំពេញ: ឃីម ឌីម៉ា អ្នក​ប្រដាល់​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុនខ្មែរ បាន​ស្តារ​កិតិ្តយស​របស់​ខ្លួន​មក​វិញ តាមរយៈ​ការ​ឈ្នះ​កីឡាករ​ថៃ Phlay Noy កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី ១៨ ខែ​មីនា ឆ្នាំ ២០១៨ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។

ក្នុងការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​វិញ មឿ​ន សុខ​ហ៊ុ​ច បាន​យក​ឈ្នះ​កីឡាករ​ថៃ Sen Khom ទាំង​លំបាក ក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៦៥ គីឡូក្រាម ស្រប​ពេល​ដែល​កីឡាករ​ជឹម ចិត្ត្រា ដែល​ជា​គូ​ខ្សែ​ក្រវាត់​ដូចគ្នា បាន​តស៊ូ​ជាមួយ​ជើង​ខ្លាំង Kreang Krai បាន​តែ ១ ទឹក​ប៉ុណ្ណោះ​មុន​នឹង​សន្លប់​ធំ។

ឃីម ឌី​ម៉ា បន្ទាប់ពី​ឈ្នះ​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​កន្លង​មក បាន​ប្រកួត​ចាញ់​កីឡាករ​ថៃ​ចំនួន ២ លើក​នៅ​សង្វៀន CNC មុន​នឹង​ឈាន​ដល់​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍។ ការវិល​ទៅ​ប្រកួត​ជាមួយ​កីឡាករ Phlay Noy នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ ទំនង​ដូចជា​ការ​រៀបចំ​មួយ​ដើម្បី​ផ្តល់​ការ​ងាយ​ឲ្យ ឌីម៉ា ពីព្រោះ​កីឡាករ​ថៃ Play Noy ហាក់បី​ដូច​បន្ធូរដៃ​ឲ្យ​ខ្លះ​ដោយ​បាត់​ស្នៀត​ទាត់ និង​ស្នៀត​ជង្គង់​ដែល​រូបគេ​ធ្លាប់​វាយ​ល្អ​កន្លង​មក​នោះ។

ក្នុងការ​ប្រកួត​ពេញ ៥ ទឹក ឃីម ឌីម៉ា មាន​ប្រៀប​តិចៗ​សឹង​តែ​គ្រប់​ទឹក ប៉ុន្តែ​សម្រាប់​អ្នក​ទស្សនា​ដែល​ធ្លាប់​ឃើញ​ការ​ប្រកួត និង​ក្បាច់​គុន​របស់ Phlay Noy អាច​មើល​ឃើញ​ពី​ការ​ប្រកួត​មិន​អស់​ពី​សមត្ថភាព​ឬ​ពុះ​កញ្ជ្រោល​របស់​កីឡាករ​ថៃ​រូប​នេះ ពោល​គឺ​បាត់​ស្នៀត​ទាត់ និ​ជង្គង់​របស់​គេ។

ទោះបីយ៉ាងណា ការប្រកួត​បានធ្វើ​ឲ្យ​អ្នកទស្សនា​ជក់ចិត្ត​គួរសម ស្រប​ពេល​ដែល​ឃីម ឌីម៉ា នៅ​តែ​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិក​ជន ក្រោយ​ពី​រូបគេ​បាន​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ជូន​ជាតិ។

លោក​ហេង ប៊ុន​ឃីម គ្រូបង្វឹក និង​ជា​ឪពុក​បង្កើតបាន​ឆ្លើយ​នឹង​សំណួរ​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «មូលហេតុ​កីឡាករ​ថៃ Phlay Noy មិន​អាច​ប្រើ​ស្នៀត​ទាត់ និង​ជង្គង់​បាន​គឺ​ដោយសារ​ខ្លាច​កែង ឌីម៉ា និង​មិន​ហ៊ាន​ចាប់​ឱប​ឡើង​ជង្គង់»។

លោក​បន្តថា៖ «Phlay Noy បើ​ចូល​វាយ​សម្រុក​ខ្លាំង​នឹង​ឆាប់​សន្លប់ ហើយ​បើ​វាយទប់ៗ​ប៉ុណ្ណឹង​អាច​ចាញ់​ត្រឹម​ពិន្ទុ​របស់​ឌីម៉ា។ ខ្ញុំ​មើល​មិន​ឃើញ​ពី​ការ​វាយ​បន្ធូរដៃ​របស់ Phlay Noy ប៉ុន្តែ រូបគេ​មិន​ហ៊ាន​ចូល​តែ​ម្តង»។

លោក​ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​ទទួល​ស្គាល់​ថា៖ « Phlay Noy វាយ​លើក​នេះ​មិន​សូវ​បាន​ល្អ​ដូច​លើក​មុនៗ​ទេ។ រូបគេ​មាន​បញ្ហា​សុខភាព​ខ្លះៗ​ដែល​មិន​សូវ​ស្រួល​ខ្លួន និង​បញ្ហា​បញ្ចុះ​ទម្ងន់​មក​ត្រឹម ៦៣,៥ គីឡូក្រាម»។

ដោយឡែក មឿន សុខហ៊ុច ហាក់បី​ដូចជា​ឈ្នះ​ដោយ​សំណាង ខណៈ​ដែល​ការ​ប្រកួត​ចំនួន ៥ ទឹក​ពេញ​ជាមួយ​កីឡាករ​ថៃ Sen Khom កីឡាករ​កម្ពុជា​រូបនេះ​បាន​ចាញ់​ប្រៀប​ផ្នែក​កម្លាំង និង​បាន​ដួល​ជា​ញឹកញាប់។ លទ្ធផល​ផ្លូវការ​ពី​សំណាក់​ចៅក្រម​ទាំង ៥ ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ឲ្យ​សុខហ៊ុច ឈ្នះ ៣ ទល់ ២ ដើម្បី​ទទួល​បាន ៣ ពិន្ទុ​បន្ថែម និង​មាន​ឱកាស​បាន​ឡើង​ទៅ​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ ដោយសារ​តែ​កីឡាករ​កម្ពុជា ក្នុង​ពូល ដែល​មាន​ជឹម ចិត្ត្រា កីឡាករ​មាស ច័ន្ទមាន, ង៉ែត្រ រដ្ឋា និង​គឹម វាសនា មាន​ពិន្ទុ​នៅ​ពី​ក្រោម​សុខហ៊ុច ទាំង​អស់។

គិត​ត្រឹម​សប្តាហ៍​នេះ គេ​អាច​កំណត់​សមាសភាព​អ្នក​ប្រដាល់​ដែល​មាន​ពិន្ទុ​កក់​កៅអី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​ស្រេច​ទៅ​ហើយ ដោយ​នៅ​ពូល B ក្នុង​ចំណោម​កីឡាករ​ថៃ ៤ នាក់ Kreang Krai មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ដើម្បី​ឡើង​ទៅ​ជួប​មឿន សុខហ៊ុច និង​ដើម្បី​ប្រជែង​យក​ប្រាក់​រង្វាន់​ប្រាក់ ៥០០០ ដុល្លារ និង​ខ្សែ​ក្រវាត់​តែ​ម្តង​នៅ​ថ្ងៃទី ២៤ ខែ​មេសា ឆ្នាំ ២០១៨ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍៕