ភ្នំពេញ: កីឡាករ​ប្រដាល់​ឌុម កែវដា មកពី​ក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ បាន​សុំ​ផ្អាក​ការ​ប្រកួត​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៦៣,៥ គីឡូក្រាម​រដូវកាល​ទី ៥ ហើយ ដោយ​បញ្ហា​សុខភាព ខណៈ​ដែល​រូបគេ​ត្រូវ​ចូល​វះកាត់​នៅ​មន្ទីរពេទ្យ​ដោយ​សារ​តែ​ឆ្អឹង និង​សាច់​កែង​ដៃ ដុះ​ខុស​ប្រក្រតី​កាល​ពី​ដើម​សប្តាហ៍ ហើយ​លោក​គ្រូ​ពេទ្យ បាន​ណែនាំ​ឲ្យ​មិន​ឲ្យ​មាន​ការ​ប៉ះទង្គិច​ទៅ​លើ​ស្នាម​របួស​យ៉ាង​ហោច​ណាស់ ៥ សប្តាហ៍។

កីឡាករ​ឌុ​ម កែវ​ដា ជា​បេក្ខភាព​អ្នក​ប្រដាល់​ឆ្នើម​ក្នុង​ពូល A របស់​កម្ពុជា​ដែល​មាន​មិត្ត​រួម​អាជីព​ចំនួន ៣ នាក់​ទៀត​គឺ​វ៉េង សុភ័ត្រ, មាស ច័ន្ទមាន និង​ផាន់ គ្រាន់ ខណៈ​ពេល​វេលា​ប្រកួត​ក្នុង​អំឡុង​ខ្សែក្រវាត់​នេះ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ ២០១៨។

ប៉ុន្តែ កីឡាករ​ឌុ​ម កែវ​ដា ដែល​នៅសល់​កិច្ចសន្យា​ប្រកួត​ចុងក្រោយ​ជាមួយ​កីឡាករ​ថៃ Kolap Dam នៅ​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០១៨ ត្រូវ​បង្ខំ​ចិត្ត​លុប​ចោល​ការ​ប្រកួត​នេះ។

ដោយសារ​បញ្ហា​សុខភាព​នេះហើយ ដែល​បានធ្វើ​ឲ្យ​លទ្ធផល​ប្រកួត​របស់​ឌុម កែវដា មាន​ការ​ធ្លាក់​ចុះ និង​បាន​ប្រកួត​ចាញ់​កីឡាករ​ថៃ​ចំនួន ២ ប្រកួត ហើយ​រូបគេ​ក៏បាន​បោះបង់​ការ​ប្រកួត​ចំនួន ២ លើក​ទៀត ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សន្សំ​ខ្សែក្រវាត់​មួយ​នេះ ផង​ដែរ។

កីឡាករ​ឌុម កែវដា បាន​និយាយថា៖ «ខ្ញុំ​បាន​ចូល​មន្ទីរពេទ្យ​វះកាត់​ឆ្អឹង​កែងដៃ​ដុះ និង​មាន​សាច់​ដុះ​ខាង​ក្នុង​ដែល​បណ្តាល​មក​ពី​រងរ​បួស​កន្លង​មក ញឹក​ញាប់​ដោយសារ​ការ​ប្រកួត។ ក្រោយ​ពី​ការ​វះកាត់​នេះ លោកគ្រូ​ពេទ្យ​បាន​ប្រាប់​ឲ្យ​សម្រាក​យ៉ាង​តិច ៥ សប្តាហ៍ ទើប​ឲ្យ​មាន​ការ​ប្រកួត​ឡើង​វិញ»។

ឌុម កែវដា បាន​បន្តថា៖ «បញ្ហា​ឈឺ​កែងដៃ​នេះ​ហើយ​ដែល​ជា​មូលហេតុ​ខ្ញុំ​ប្រកួត​ចាញ់​ថៃ​ចំនួន ៤ ប្រកួត​ចុង​ក្រោយ ដោយ​មិន​អាច​វាយ​ចេញ​ក្បាច់​កែង​បាន។ បន្ថែម​ពី​លើ​នេះ ខ្ញុំ​មាន​បញ្ហា​ចង្កេះ និង​ធ្លាប់​ស្រាំ​ឆ្អឹង​ជំនីរ​ឆ្វេង​ដែល​ទទួល​រង​ការ​ទាត់​របស់​កីឡាករ​ថៃ​កន្លង​មក ហើយ​នៅ​ពេល​ប៉ះ​ទង្គិច​ធ្ងន់​ម្តងៗ​តែង​តែ​ឈឺ​ឡើង​វិញ»។

ទោះជា​យ៉ាងណា ឌុ​ម កែវ​ដា បាន​អះអាងថា៖ «ក្រោយ​សុខភាព​បាន​ប្រសើរ​ឡើង​វិញ មុខ​របរ​ប្រដាល់​នេះ​មិន​បោះ​បង់​ចោល​ទេ វា​ជា​ចំណង់​ចំណូល​ចិត្ត និង​ជា​របរ​ដែល​ខ្ញុំ​រក​ប្រាក់​ចំណូល​បាន​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ប្រសើរ»។

នៅក្នុង​អាជីព​ប្រដាល់​រយៈពេល​ជាង ១០ ឆ្នាំ​មក​ទល់​ពេល​នេះ ឌុ​ម កែវ​ដា ដែល​មាន​កម្ពស់ ១,៦៨ ម៉ែត្រ ប្រកួត​បាន​ចំនួន ៩៤ លើក ឈ្នះ ៧២ លើក ចាញ់ ១៩ លើក ស្មើ ៣ លើក ក្នុង​នោះ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​មក​គ្រប់​គ្រង​បាន​ចំនួន ២ ដែល​រួម​មាន​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៦៣,៥ គីឡូក្រាម ឆ្នាំ ២០១៦ និង​ខ្សែក្រវាត់​គុន​ខ្មែរ​អន្តរជាតិ ទម្ងន់ ៦៣,៥ គីឡូក្រាម កាល​ពី​ខែ​មករា ឆ្នាំ ២០១៨។

តាមរយៈ​សមិទ្ធផល​ចេញពី​កីឡាប្រដាល់​នេះ ឌុ​ម កែវដា បាន​ប្រាប់ថា៖ «ខ្ញុំ​ទទួល​បាន​ប្រាក់​សន្សំ​យក​ទៅ​ធ្វើ​ផ្ទះ​សម​ល្មម​នៅ​ឯ​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម និង​ទិញ​ម៉ូតូ​ថ្មី ព្រម​ទាំង​កសាង​ជីវភាព​បាន​ប្រសើរ​ជាង​មុន»៕