Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទ័ព ដាក់​សិស្ស​មក​អបអរ​ ពេល​ប៉ះ​ស្វាយរៀង

Content image - Phnom Penh Post
ជំនួប​ចុង​ក្រោយ​រវាង​ក្រុមទ័ព (ឆ្វេង) និង​ស្វាយ​រៀង ដោយ​ទ័ព ឈ្នះ ៥-៣ ដោយ​បាល់​ប៉េណាល់​ទី។ ស្រេង ម៉េងស្រ៊ុន

ទ័ព ដាក់​សិស្ស​មក​អបអរ​ ពេល​ប៉ះ​ស្វាយរៀង

ភ្នំពេញៈ ក្រុម​ក្រសួង​ការពារ​ជាតិ (ទ័ព) នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្តាតចាស់ ដែល​ទើប​បំពាក់​ដោយ​ភ្លើង​បំភ្លឺ​ដ៏ស្រស់​ស្អាត ដើម្បី​ស្វាគមន៍​ក្រុម​ដ៏ខ្លាំង​គឺ​ព្រះខ័នរាជ​ស្វាយរៀង នៅ​យប់​ថ្ងៃ​អាទិត្យ ហើយ​ក្រុម​ម្ចាស់ផ្ទះ​មួយនេះ ក៏បាន​បើក​ចំហ​ឲ្យ​សិស្សា​នុសិស្ស​កំពុង​រៀន​នៅ​វិទ្យាល័យ​ទូទាំង​រាជធានី​ភ្នំពេញ ចូលរួម​ទស្សនា​ដោយ​សេរី​ផងដែរ។

ចំណែក​ក្រុម​បឹងកេត ក៏នឹង​ត្រូវ​ការពារ​ទីតាំង​លេខ ៣ ពីការ​ប្រជែង​របស់​ក្រុម​ណាហ្គាវើល នៅ​ថ្ងៃ​សៅរ៍​ដែរ។

ការវិល​មកជួប​គ្នារ​វាង​ក្រុមទ័ព និង​ស្វាយរៀង លើក​នេះ វា​ជាការ​ប្រកួត​ដ៏សំខាន់ ក្នុងការ​ដណ្តើម​យក​តំបន់​កំពូល​តារាង ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​ស្វាយរៀង ប៉ុន្តែ លោក ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ និយាយថា វា​ជារឿង​លំបាក។

លោក ឡុងរចនា បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ «ការ​ប្រកួត​លើក​នេះ យើង​បាន​ត្រៀមខ្លួន​យ៉ាង​ពិសេស ព្រោះ​យើង​ត្រូវជួប​ក្រុម​មិនដែល​ចាញ់​សោះ។ យើង​ត្រៀម​គ្រប់​តំបន់​ទាំងអស់ ប៉ុន្តែ​ការស្វែង​រក ៣ ពិន្ទុ​លើក​នេះ វាជា​រឿង​លំបាក ព្រោះ​ស្វាយរៀង មានភាព​ប្រែប្រួល​ខ្លាំង ដែល​ទាមទារ​ឲ្យយើង​ត្រូវ​ប្រែប្រួល​ដែរ»។

លោក​បន្ថែម​ថា៖ «ខ្សែ​ប្រយុទ្ធ​ស្បែក​ខ្មៅ​ទាំង ៣ នាក់​របស់​ស្វាយរៀង អាច​ជា​ឧបសគ្គ​របស់​យើង ព្រោះ​ពួកគេ​ធ្វើ​សកម្មភាព​បាន​ល្អ ប៉ុន្តែ​អ្វីដែល​ល្អ ក៏អាច​នឹង​បង្ហាញ​ពីចំណុច​ខ្សោយ​ផងដែរ។ហេតុនេះ​យើង​ត្រូវ​ពិនិត្យ​មើល​ពេល​ប្រកួត​ជាក់ស្តែង នឹង​ប្រែប្រួល​ការលេង​ទៅតាម​ហ្នឹង​ដែរ»។

ចំណែក​លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ក្រុម​ស្វាយរៀង មិនអាច​ទាក់ទង​បាន​ទេ កាលពី​ម្សិលមិញ។ យ៉ាងណា​ក៏ដោយ ស្វាយរៀង ជាក្រុម​កំពុង​លេច​ធ្លោរ​ខ្លាំង ព្រោះ ៧ ប្រកួត​នេះ​ពួកគេ​ឈ្នះ ៦ ស្មើ ១ និង​កំពុង​ឈរ​នៅលើ​កំពូល​តារាង​មាន ១៩ ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ទ័ព មាន ១៧ ពិន្ទុ។

គួរ​បញ្ជាក់ថា ការ​ជួបគ្នា​រវាង​ក្រុម​ខ្លាំង​ទាំង ២ នេះ មាន​ការលក់​សំបុត្រ ៥០០០ រៀល និង ៣០០០ រៀល សម្រាប់​អ្នក​ទស្សនា​ផ្ទាល់ ប៉ុន្តែ​ចំពោះ​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​តាម​បណ្តា​វិទ្យាល័យ​ទូទាំង​រាជធានី​ភ្នំពេញ គឺ​ក្រុមទ័ព នឹង​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី ដោយ​គ្រាន់តែ​ភ្ជាប់​មកជា​មួយ​នូវកាត​សិស្ស​តែ​ប៉ុណ្ណោះ ហើយ​ការធ្វើ​បែប​នេះ​ព្រោះ​ទ័ព ចង់​ឲ្យ​សិស្ស​សាលា ក៏ដូចជា​អ្នកទស្សនា​ផ្សេង​ទៀត បាន​ឃើញ​ពីការ​បំពាក់​ភ្លើង​នៅ​ស្តាតចាស់ ដែល​អាច​លេង​ពេល​យប់​បាន។

ដោយ​ឡែក ការ​ជួបគ្នា​រវាង​ក្រុម​បឹងកេត និង​ណាហ្គាវើល វា​ជាការ​ប្រកួត​ប្រជែង​គ្នា ដើម្បី​ដណ្តើម​យក​លេខ​រៀងទី ៣។ បើទោះ​បីជា​ពេល​នេះ បឹងកេត កំពុង​គ្រប់គ្រង​ទីតាំង​មួយនេះ ដោយ​មាន ១៤ ពិន្ទុ ប៉ុន្តែ​បឹងកេត នឹងធ្លាក់​ចេញពី​ទីតាំង​នេះ បើ​សិន​ពួកគេ​ចាញ់​ណាហ្គាវើល។ ផ្ទុយ​ទៅវិញ បើសិន​ជាក្រុម​ទាំង ២ ស្មើគ្នា គឺ​ទីតាំង​លេខ ៣ នេះ នៅតែ​មិន​ស្ថិតស្ថេរ ព្រោះ​ក្រុម​មាន ១១ ពិន្ទុ ភ្នំពេញក្រោន ក៏អាច​នឹង​យក​ឈ្នះ​ក្រុម​ឈរ​នៅ​លេខរៀង​ទី ៦ មាន ១០ ពិន្ទុ អគ្គិសនី​កម្ពុជា ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខរៀង​ទី ៣ នៅ​សប្តាហ៍​ទី ៨ នេះ​បាន​ដែរ៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-ស៊ីម៉ាក់ v វេ​ស្ទើ​ន ស្តា​ត​ចាស់ ម៉ោង ៣:០០
-ប៉ូលិស v អាស៊ី​អឺរ៉ុប ស្តា​ត​ចាស់ ម៉ោង ៦:០០
-ណាហ្គា​វើ​ល v បឹងកេត ពហុ​កីឡដ្ឋា​ន​ជាតិ ៦:០០

៣ ប្រកួត​នៅ​ថ្ងៃអាទិត្យ

-ភ្នំពេញ​ក្រោន v អគ្គិសនី​កម្ពុជា កីឡដ្ឋាន RSN ម៉ោង ៦:០០
-គិរីវង់​ v ​ខេមបូឌានថាយហ្គឺរ កីឡដ្ឋាន​គិរីវង់​សុខ​សែនជ័យ ៣:០០
-ទ័ព v ស្វាយរៀង ស្តាតចាស់ ម៉ោង ៦:០០

0

Comments

Please, login or register to post a comment