ភ្នំពេញ: វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល​ចៅក្រម​កីឡា​វាយ​កូន​ឃ្លី​លើតុ ដែល​ជា​គម្រោង​ចាស់​ប្រចាំ​ឆ្នាំ ២០១៧ នោះ បាន​រំកិល​មក​ប្រារព្វ​រយៈពេល ២ ថ្ងៃ និង​បាន​បិទ​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី ២១ ខែ​មករា ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​មាន​គ្រូ​ឧទ្ទេស​ជំនាញ​មក​ពី​ប្រទេស​ហ្វីលីពីន។

ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា វគ្គ​សិក្សា​នេះ​ជា​គម្រោង​ចាស់​ក្នុង​ឆ្នាំ ២០១៧ ប៉ុន្តែ បាន​រំកិល​មក​ធ្វើ​នៅ​ឆ្នាំ ២០១៨ ដែល​ជា​ថវិកា​បាន​មក​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា។

ទោះជា​យ៉ាងនេះ​ក្តី វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ថ្ងៃខែ​ឆ្នាំ​ចាស់ ពោល​គឺ​ថ្ងៃ​ទី ២៧ ដល់ ២៩ ខែ​ធ្នូ ឆ្នាំ ២០១៧ ដើម្បី​ឲ្យ​ស្រប​តាម​គម្រោង​ឆ្នាំ ២០១៧។

លោក​ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ​ស្តីទី​សហព័ន្ទ​កីឡា​វាយ​កូន​ឃ្លី​លើតុ បាន​ឲ្យ​ដឹង​ថា៖ «វគ្គ​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ​ក្រោយ​រៀន​សូត្រ​អស់​រយៈពេល ២ ថ្ងៃ ដែល​មាន​សិក្ខាកាម​ចំនួន​ប្រមាណ​ជាង ២០ នាក់ ជាមួយ​អ្នកគ្រូ​ឯកទេស​ពី​ប្រទេស​ហ្វីលីពីន​គឺ​កញ្ញា Rachel Ramos»។

លោក​បន្តថា ខ្លឹមសារ​នៃ​វគ្គ​នេះ​ដើម្បី​ពង្រឹង​គុណភាព​ចំណេះដឹង និង​ច្បាប់​វិន័យ ក្នុង​គោល​ដៅ​ចេញ​ទៅ​ធ្វើជា​អាជ្ញាកណ្តាល និង​ចៅក្រម​កម្រិត​អន្តរជាតិ​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​នានា។

លោក​បាន​បន្ថែម​ថា៖ «វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ប្រើ​រយៈពេល​ពីរ​ថ្ងៃ ប៉ុន្តែ ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា ក្រោម​ការ​ដឹកនាំ​គ្រូឧទ្ទេស​អន្តរជាតិ​កញ្ញា Rachel Ramos ចៅក្រម​កម្រិត Blue Badge (កម្រិត​ខ្ពស់​បំផុត) មាន​បទពិសោធ​ខ្ពស់​របស់​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើតុ​អន្តរជាតិ (ITTF)»។

បន្ទាប់ពី​សិក្សា ដោយមាន​ការ​ប្រឡង​តេស្ត​សមត្ថភាព វគ្គ​បណ្តុះ​បណ្តាល​បាន​រក​ឃើញ​អ្នក​ជាប់​មាន​សមត្ថភាព ៨ នាក់ ក្នុង​ចំណោម​សិក្ខាកាម​ជាង ២០ នោះ ដែល​ប្រឡង​ជាប់​ជា​ចៅក្រម​កម្រិត​មូលដ្ឋាន ទទួល​ស្គាល់​ពី ITTF។ ចៅក្រម​អាជ្ញាកណ្តាល​ចំនួន ៨ នាក់​ដែល​ទទួល​ស្គាល់​ពី​អន្តរជាតិ​នោះ​មាន​លោក សឺង តុលា លោក ឃុន ផាន់និត លោក​តេង សំណាង លោក ជា សុជាតិ លោក សារៈ ស៊ូព្រីង លោក ប៊ុន វិសាល លោក ហង្ស រ៉ាណាស្សា និង​លោក ស្លឹក ឡយ។

អាជ្ញាកណ្តាល និង​ចៅក្រម​ដែល​ទទួល​បាន​លិខិត​បញ្ចក់​នេះ​មាន​សមត្ថភាព​ក្លាយ​ខ្លួន​ជា​ចៅក្រម និង​អាជ្ញាកណ្តាល​អន្តរជាតិ ទៅ​តាម​បទដ្ឋាន​លក្ខខណ្ឌ​នៃ​សហព័ន្ធ​កីឡា​កូន​ឃ្លី​លើតុ​អន្តរជាតិ ក្នុង​គោល​ដៅ​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ក៏​ដូចជា Sea Game 2019 ខាងមុខ​នេះ។

សហព័ន្ធ​កីឡា​ជាតិ ២ ក្នុង​ចំណោម​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ២១ ដែល​ទទួល​បាន​ប្រាក់​ផ្ទាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រចាំ​ឆ្នាំ ២០១៧ គឺ​សហព័ន្ធ​ទោចក្រយាន និង​សហព័ន្ទ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ បាន​រំកិល​ពេលវេលា​មក​ប្រារព្ធ​នៅ​ឆ្នាំ ២០១៨៕