Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បឹងកេត បន្ថែម​ខ្សែ​ប្រយុទ្ធ​បរទេស ខណៈ ចាន់ វឌ្ឍនាកា មិន​ទាន់​អាច​លេង​បាន

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ Julius Oiboh (ខៀវ) ដែល​ក្លិប​បឹងកេត​នឹង​ត្រូវ​នាំ​មក។ ស្រេង ម៉េងស្រ៊ុន

បឹងកេត បន្ថែម​ខ្សែ​ប្រយុទ្ធ​បរទេស ខណៈ ចាន់ វឌ្ឍនាកា មិន​ទាន់​អាច​លេង​បាន

ភ្នំពេញៈ ក្រុម​បឹងកេត របស់​កម្ពុជា ​បាន​សម្រេច​នាំ​យក​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​ នីហ្សេរីយ៉ា ​ម្នាក់​ទៀត បន្ថែម​ទៅ​លើ​កីឡាករ​បរទេស​ ៤ នាក់​ដែល​មាន​ស្រាប់ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​លីក​កំពូល​របស់​វៀតណាម ក្នុង​ការ​ប្រកួត​ជម្រុះ Toyota Mekong Club Championship 2017 ខាងមុខ​នេះ។

បើ​តាម​លោក ហៅ សុជាតិ គ្រូ​បង្វឹក​ក្រុម​បឹង​កេត បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ថា ក្រុម​របស់​លោក​បាន​នាំ​យក​ខ្សែ​ប្រយុទ្ធ Julius Oiboh មក​ជួយ​ក្រុម​បន្ថែម​ទៅ​លើ​កីឡាករ​បរទេស​ ៤ ​នាក់​ដែល​មានស្រាប់​រួម​មាន Esoh Paul Omogba និង Samuel Gbenga ដែល​ជា​ជន​ជាតិ​នីហ្សេរីយ៉ា​ដែរ រួម​ជាមួយ​ខ្សែ​ប្រយុទ្ធ​មកពី​ប្រេស៊ីល Maycon Calijuri និង​កីឡាករ​ជប៉ុន Hikaru។

ក្រុម​បឹងកេត នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ជើង​ទី​ ១ ​ជាមួយ​ក្រុម​លេខ​ ៦ ​លីក​កំពូល​វៀតណាម Sanna Khanh Hoa នៅ Hang Day Stadium ក្នុង​ទី​ក្រុង ហាណូយ​ ​ប្រទេស​វៀតណាម នា​ថ្ងៃសៅរ៍ ខាងមុខ​នេះ មុន​ពេល​ពួកគេ​ត្រូវ​ស្វាគមន៍​ក្រុម Sanna Khanh Hoa វិញក្នុង​ជើង​ទី​ ២ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ថ្ងៃ​ទី​១៣ ខែធ្នូ ដើម្បី​រក​ក្រុម​ឈ្នះ​ឡើងទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាមួយ​ក្រុម Lao Toyota របស់​ឡាវ ហើយ​ក្រុម​ឈ្នះ​ត្រូវ​ឡើង​ទៅ​ជួប​ថៃ Muangthong United នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

យ៉ាង​ណា​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម ចាន់ វឌ្ឍនាកា ដែល​ធ្លាប់​ជួយ​​ក្រុម​បឹង​កេត ទទួល​បាន​លេខ​ ២ ​ពាន Toyota Mekong Club Championship ​កាល​ពី​ឆ្នាំ​ ២០១៥ មុន​ពេល​ក្រុម​បឹងកេត ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​វិញ ​កាល​ឆ្នាំ​ពី ២០១៦​នោះ មិន​អាច​ជួយ​ក្រុម​បឹង​កេត ពេល​​ជួប​ក្រុម Sanna Khanh Hoa ក្នុង​ជើងទី​ ១​ នោះ​ទេ ព្រោះ វឌ្ឍនាកា ទើប​បញ្ចប់​ការខ្ចី​ជើង​ទៅ​លេង​ឲ្យលីក​ទី​ ៣ ​របស់​ជប៉ុន Fujieda MYFC តែ វឌ្ឍនាកា អាច​លេង​បាន​នៅ​ជើង​ទី​ ២។

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា ពេល​លេង​ឲ្យ​បឹងកេត​ក្នុង​ពាន Toyota Mekong Club Championship ឆ្នាំ​មុន។ ស្រេង ម៉េងស្រ៊ុន

លោក ហៅ សុជាតិ បាន​​និយាយ​ថា៖​ «ចាន់ វឌ្ឍនាកា មិនទាន់​អាច​លេង​នៅ​ជើង​ទី​ ១ ​នេះ​បាន​ទេ គឺ​គាត់​អាច​លេង​នៅ​ជើង​ទី​ ២ ប៉ុន្តែ​ការ​​បន្ថែម​ខ្សែ​ប្រយុទ្ធ Julius Oiboh នឹង​ធ្វើ​ឲ្យ​គុណ​ភាព​កីឡាករ​បរទេស​របស់​យើង​ខ្លាំង ហើយ​ខ្ញុំ​គិត​ថា តំបន់​ប្រយុទ្ធ​របស់​យើង អត់​មាន​បញ្ហា​នោះ​ទេ»។

គួរ​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Julius Oiboh ធ្លាប់​បង្ហាញ​ខ្លួន​​លីក​កំពូល​កម្ពុជា តាំង​ពី​ឆ្នាំ​ ២០១១ ដោយ​កាល​ណោះ​គេ​លេង​ឲ្យ​ក្លិប​ណាហ្គាវើល ហើយ​ក៏ជា​ពេល​ដែល​រូប​គេ​បាន​ឈ្នះ​ស្បែក​ជើងមាស ផង​ដែរ។ នៅ​ឆ្នាំ​ ​២០១២ Julius Oiboh បាន​​ចូល​រួម​ជួយ​ក្រុម​បឹង​កេត នៅ​ចុង​រដូវ​កាល ដើម្បី​លើក​ពាន​លីកកំពូល​កម្ពុជា ក្នុង​ឆ្នាំ​នោះ​ផងដែរ មុន​ពេល​រូប​គេ​វិល​ទៅ​លេង​នៅលីក​ថៃ។

នៅ​ចុង​ឆ្នាំ​ ២០១៦ និងដើម​ឆ្នាំ ​២០១៧ Julius Oiboh ​បាន​វិល​​លេង​ឲ្យក្រុម​បឹងកេត បាន​មួយ​រយៈ​ពេល​ខ្លួន រួច​ក៏​វិល​ទៅ​លើ​នៅថៃ ហើយ​ពេលនេះ​រូប​គេ​បាន​មក​ចូលរួម​ជាមួយ​ក្រុម​បឹងកេត ជា​ថ្មី៕

0

Comments

Please, login or register to post a comment