ភ្នំពេញៈ ក្រុម​លេខ ១ លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៧ បឹងកេត កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ទៅ​លើ​ការ​ប្រមូល​ផ្តុំ និង​បញ្ហា​កីឡាករ ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ មាន​ការ​បារម្ភ ក្នុង​ការ​ប្រកួត​ជម្រុះ (Play-off Round) ទាំង ២ ជើង​ជាមួយ​ក្រុម​ឡាវ Lao Toyota ដើម្បី​ប្រជែង​យក​កៅអី​ឡើង​ទៅ​វគ្គ Group Stage នៃ​ពាន​រង្វាន់ AFC Cup 2018 ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ។

លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «គិត​មក​ដល់​ពេល​នេះ យើង​រៀបចំ​មិន​ទាន់​បាន​គ្រប់​គ្រាន់​ទេ ព្រោះ​ដំបូង យើង​គិត​ថា យើង​បាន​ទៅ​ប្រកួត​នៅ Group Stage ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ក្រោយ​មក យើង​បែរ​ជា​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជម្រុះ​វិញ អ៊ីចឹង​ធ្វើ​ឲ្យ​យើង​មាន​ពេល​ខ្លី ក្នុងការ​រៀបចំ ដោយសារ​យើង​ទើប​ទទួល​ដំណឹង​ពី​ការ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​ឡាវ​នេះ មិន​ទាន់​បាន​មួយ​សប្តាហ៍​ទេ»។

តាមពិត កាលពី​ដំបូង ក្រុម​បឹងកេត ត្រូវ​ដាក់​ឲ្យ​លេង​ក្នុង​វគ្គ Group Stage គឺ​ពូល F ជាមួយ​ក្រុម Cerec Negros របស់​ហ្វីលីពីន ក្រុម Home United របស់​សិង្ហបុរី និង​ក្រុម Shan United របស់​មីយ៉ាន់ម៉ា ដោយ​ស្វ័យប្រវត្តិ បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) បាន​ដក​ក្រុម Lao Toyota ចេញ​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ ដោយ​ចោទ​ថា ក្រុម​ឡាវ​មួយ​នេះ បាន​ជាប់​ពាក់ព័ន្ធ នឹង​ការ​រៀបចំ​លទ្ធផល​ការ​ប្រកួត កន្លង​មក។

ប៉ុន្តែ​ក្រុម Lao Toyota បាន​ឈ្នះ​ក្តី​នៅ​ឧទ្ធរណ៍ ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ទើប AFC ដាក់​ឲ្យ Lao Toyota ប្រកួត​វគ្គ Play-off Round ជាមួយ​ក្រុម​បឹងកេត វិញ​បែប​នេះ ដោយ​ធ្វើ ២ ជើង ក្នុង​នោះ​ជើង​ទី ១ នៅ​ថ្ងៃ​ទី ២៩ ខែ​មករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​ជើង​ទី ២ នៅ​កីឡដ្ឋាន​ជាតិ KM16 ទីក្រុង​វៀង​ចន្ទន៍ នា​ថ្ងៃទី ២ ខែ​កុម្ភៈ ខណៈ​ការ​ប្រកួត​ជម្រុះ កាល​ពី​ឆ្នាំ ២០១៧ បឹងកេត និង Lao Toyota បាន​ស្មើ​គ្នា ១-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ តែ បឹងកេត បាន​ឈ្នះ Lao Toyota ១-០ ក្នុង​ជើង​ទី ២ ក្នុង​ទឹកដី​ឡាវ។

ប៉ុន្តែ​សម្រាប់​ការប្រកួត​លើក​នេះ លោក សុជាតិ បាន​បន្ថែម​ថា៖ «នៅ​ពេល​នេះ​យើង​បាន​បាត់​ខ្សែ​ការពារ​ដ៏ល្អ​មួយ គឺ រស់ សំអឿន ហើយ​យើង​ក៏​កំពុង​មាន​បញ្ហា​បារម្ភ​ទៅ​លើ​ខ្សែប្រយុទ្ធ Paul Esoh Omogba និង Samuel Gbenga ដែរ​ដោយសារ​យើង​បញ្ជូន​ឈ្មោះ​ពួក​គាត់​ទៅ​ប្រកួត​ពាន​រង្វាន់​នេះ មិន​ទាន់​បាន ប៉ុន្តែ​កីឡាករ​ប្រេស៊ីល Maycon និង កីឡាករ​ជប៉ុន Hikaru Mizuno យើង​បាន​បញ្ចូល​ឈ្មោះ​រួច​រាល់​ហើយ ខណៈ​ព្រឹត្តិការណ៍​នេះ គេ​តម្រូវ​ឲ្យ​ដាក់​កីឡាករ​បរទេស​បាន ៤ នាក់»។

គួរ​បញ្ជាក់ថា លោក ហៅ សុជាតិ ដែល​មាន​ត្រឹម​អាជ្ញាប័ណ្ណ​កម្រិត B នោះ មិន​អាច​ដឹកនាំ​ក្រុម​បឹងកេត ក្នុងការ​ប្រកួត​ពាន​រង្វាន់ AFC Cup 2018 នេះ​បាន​ទេ ពីព្រោះ ព្រឹត្តិការណ៍​នេះ AFC តម្រូវ​ឲ្យ​គ្រូបង្វឹក​មាន​អាជ្ញាប័ណ្ណ​កម្រិត A។ យ៉ាងណា​ក៏ដោយ នៅ​ពេល​នេះ លោក ហៅ សុជាតិ នៅ​តែ​ជា​អ្នក​បង្វឹក​ក្រុម​បឹងកេត ដោយ​ផ្ទាល់​ដដែល គឺ​មិន​ទាន់​មាន​គ្រូបង្វឹក​ថ្មី មក​ជំនួស​គាត់​ទេ។

នៅពេល​សួរ​ពី​ទំនុកចិត្ត និង​ក្តី​សង្ឃឹម​សម្រាប់​ការ​ប្រកួត​នេះ លោក សុជាតិ បាន​ឆ្លើយ​ថា៖ «ចំពោះ​ខ្ញុំ វា​ជា​ក្តីបារម្ភ​មួយ សម្រាប់​ការ​ប្រកួត​នឹង​ក្រុម Lao Toyota លើក​នេះ ដោយសារ​យើង​មាន​ពេល​ខ្លី ក្នុងការ​រៀបចំ និង​ពាក់ព័ន្ធ​លើ​បញ្ហា​កីឡា​ទៀត ហើយ​ម្យ៉ាង​ទៀត យើង​នៅ​មិន​ទាន់​ដឹង​ថា ក្រុម​ឡាវ មាន​ការ​ប្រែប្រួល​យ៉ាង​ម៉េច​នោះ​ទេ សម្រាប់​ការ​ត្រៀម​ខ្លួន រដូវកាល ឆ្នាំ ២០១៨ នេះ»៕