ភ្នំពេញ: ប្រដាល់​គុន​ខ្មែរ បច្ចុប្បន្ន​កំពុងមាន​ប្រជាប្រិយ​ខ្លាំង​ជាង​កីឡា​ប្រភេទ​ដទៃ ក្នុង​នោះ​ការ​ប្រកួត​ប្រចាំ​ចុង​សប្តាហ៍​តាម​សង្វៀន​ទូរទស្សន៍​ឯកជន​នានា​ហាក់​ដូច​ជា​មាន​លក្ខណៈ​ផុល​ផុស និង​មាន​ការ​ប្រជែង​ដណ្តើម​កីឡាករ​ខ្លាំងៗ​ដើម្បី​ឲ្យ​ការ​ប្រកួត​តាម​ការ​ចង់​បាន​របស់​សង្វៀន​នីមួយ​រៀងៗ​ខ្លួន។

សេវា​ប្រកួត​ព្រមទាំង​តម្លៃ​ខ្លួន​កាន់តែ​ប្រសើរ នាំ​ឲ្យ​កីឡាករ​ដែល​មាន​សមត្ថភាព​ល្អ ពិសេស​ក្រុម​កីឡាករ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ជា​ក្រុម​ជម្រើស​ជាតិ ដែល​ទទួល​របប​ឧបត្ថម្ភ​ថវិកា​ពី​រាជ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា មិន​ចាប់​អារម្មណ៍​ពី​ការ​អញ្ជើញ​ឲ្យ​ទៅ​ប្រកួត​បុណ្យ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​របស់​រាជ​រដ្ឋាភិបាល​នោះ​ឡើយ។

ប្រភពពី​អ្នករៀបចំ​កម្មវិធី​បុណ្យ​ទន្លេ​លើក​ទី ៤ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ដែល​គ្រោង​រៀបចំ​កីឡា​ចំនួន ៩ ប្រភេទ​នា​ដើម​ខែ​មីនា ឆ្នាំ ២០១៨ នោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ «កីឡា​ចំនួន ៨ ប្រភេទ​មាន​ជិះ​កង់ រត់​ប្រណាំង អុកចត្រង្គ ចំបាប់​បុរាណ ហែល​ទឹក បាល់ទាត់ និង​បាល់ទះ បាន​រៀបចំ​រួច​រាល់​ហើយ»។

ប្រភព​ដដែល​បាន​បន្តថា៖ «ប៉ុន្តែ ផលវិបាក​នៅតែ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែល​ត្រូវការ​កីឡាករ​ល្អៗ​លំដាប់​ថ្នាក់​ជាតិ​ទៅ​ប្រកួត ដែល​មិន​ទាន់​បាន​រៀប​រយ​នៅ​ឡើយ ពិសេស​ក្រុម​កីឡា​គុន​ខ្មែរ​ជម្រើស​ជាតិ​នេះ​តែម្តង ដោយសារ​តែ​កីឡាករ​មិន​ចង់​ចូលរួម​ប្រកួត ទោះបី​នេះ​ជា​កាត​ព្វកិច្ច​ក៏​ដោយ»។

លោក​វ៉ា​ត់ ចំរើន ប្រធាន​អនុគណៈកម្មការ​កីឡា​នៃ​បុណ្យ​ទន្លេ​នៅ​ក្រុង​តាខ្មៅ​នេះ មាន​ប្រសាសន៍​ថា៖ «បុណ្យ​ទន្លេ​ជា​បុណ្យ​ជាតិ​ដែល​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពេញ​លេញ​ពី​រាជ​រដ្ឋាភិបាល ក្នុង​នោះ​សកម្មភាព​ប្រកួត​កីឡា​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ និង​ដាក់​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​ទស្សនា​កម្សាន្ត​សប្បាយ​រីករាយ​ដោយ​សេរី»។

លោក​បាន​បន្តថា៖ «ក្នុងការ​ប្រកួត​បុណ្យ​ទន្លេ​នេះ ពុំមាន​លទ្ធភាព​ដាក់​ឲ្យ​មាន​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នោះ​ទេ ពោល​គឺ​យើង​ចង់​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ទើប​ហ្វឹកហាត់​ថ្មីៗ​មក​ពី​ក្លិប​ដែល​មិន​សូវ​បាន​ឡើង​ប្រកួត​តាម​សង្វៀន​ឯកជន​នានា ហើយ​បន្ថែម​លើស​ពី​នេះ យើង​ចង់​ផ្តល់​ឲ្យ​កីឡាករ​ដែល​ជាប់​ជា​ជម្រើស​ជាតិ​នោះ​បាន​ចូលរួម​ប្រកួត ដែល​ជា​កាតព្វ​កិច្ច​សម្រាប់​បុណ្យ​ជាតិ​ផង​ដែរ»។

លោក​វ៉ា​ត់ ចំរើន បាន​បន្តថា៖ «ប៉ុន្តែ តាម​ក្រុម​ជំនួយ​បច្ចេកទេស​រៀបចំ​របស់​ខ្ញុំ​រាយការណ៍​មក​ថា កីឡាករ​ជម្រើស​ជាតិ​របស់​យើង មិន​អាច​មក​ប្រកួត​បាន​ទេ ដោយ​ភាគ​ច្រើន​ជាប់​ប្រកួត​ជាមួយ​សង្វៀន​ឯកជន តាម​ប៉ុស្តិ៍ និង​ទាមទារ​តម្លៃ​ខ្លួន​ប្រកួត​ខ្ពស់​ផង ព្រម​ទាំង​មាន​កីឡាករ​ខ្លះ​ចង់​ក្លាយ​ជា​តួឯក ឬ​តារា​ទៅ​ហើយ​ដែល​មិន​ទៅ​ប្រកួត​បាន»។

លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​មាន​ប្រសាសន៍​ថា៖ «យើង​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ប្រកួត​ហើយ ក្នុង​នោះ​រាប់ប​ញ្ចូល​ទាំង​កីឡាករ​ជម្រើស​ជាតិ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​សហព័ន្ធ​គុន​ខ្មែរ និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ដែល​កំពុង​ប្រមូល​ផ្តុំ ហើយ​យើង​នឹង​ប្រឹង​ប្រែង​ឲ្យ​មាន​ការ​ចូលរួម​ប្រកួត​ទៅ​តាម​លក្ខណៈ​ជាក់​ស្តែង​ដែល​អាច​ធ្វើ​ទៅ​បាន»។

លោក​និន ភិរម្យ អគ្គលេខា​ធិការរង​សហព័ន្ធ​គុន​ខ្មែរ បាន​ឲ្យ​ដឹងថា៖ «ក្រុម​កីឡាករ​ជម្រើស​ជាតិ​ពិបាក​ដាក់​ឲ្យ​ប្រកួត​ក្នុង​បុណ្យ​ទន្លេ​នេះ​មែន ពីព្រោះ​ភាគ​ច្រើន​គេ​ជាប់​ប្រកួត​ខ្សែក្រវាត់​តាម​ប៉ុស្តិ៍ ហើយ​ការ​ប្រកួត​បុណ្យ​ទន្លេ​ឆ្នាំ​នេះ យើង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​រៀបចំ​រយៈពេល​ខ្លី​ពេក​មិន​អាច​ដក​ឃ្លា​បាន»។

លោក​បន្ថែមថា៖ «ក្រុម​ជម្រើស​ជាតិ​ដូចជា ឃីម ឌីម៉ា លំបាក​រក​ដៃ​គូ​ប្រកួត​ណាស់ ហើយ​ដៃគូ​ដែល​អាច​ប្រកួត​បាន​មាន​មាស ច័ន្ទ​មាន, ឌុម កែវដា និង​ផាន់ គ្រាន់ ជាដើម ប៉ុន្តែ ពួកគេ​សុទ្ធ​តែ​ជាប់​រវល់​ប្រកួត​ឲ្យ​សង្វៀន​ផ្សេងៗ​អស់​ហើយ»។

ឃីម ឌីម៉ា ក្រោយពី​ឈ្នះ​មេដាយ​មាស​ពី​ស៊ីហ្គេម​រួចមក ត្រូវបាន​គេ​កត់​សម្គាល់​ថា បាន​ចាប់​ផ្តើម​វាយ​ឫក និង​ហាក់​មិន​ចង់​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង​ថ្នាក់​ជាតិ​នោះ​ទេ។ កាល​ពី​ថ្ងៃ​ចន្ទ ឃីម ឌីម៉ា មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ភ្នំពេញ ប៉ុស្តិ៍ ទេ​ខណៈ​ទូរស័ព្ទ​លើក​ហើយ​មិន​និយាយ ហើយ​ក៏​បិទ​ទៅ​វិញ។

ម៉ឺន សុភា ដែលជា​កីឡាករ​ជម្រើសជាតិ និង​គ្រោង​ដាក់​ឲ្យ​ប្រកួត​បុណ្យ​ទន្លេ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញ​ថា៖ «ខ្ញុំ​មិន​អាច​ចូលរួម​ប្រកួត​បាន​ទេ ដោយ​ឈឺ​ជើង»។

បើតាម​កម្មវិធី​ប្រកួត ម៉ឺន សុភា ជាប់​កិច្ច​សន្យា​ជាមួយ​សង្វៀន​បាយ័ន​ទុក​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​ក្រៅ​សង្វៀន​នេះ​បាន​ទេ៕