ភ្នំពេញ: ការ​ប្រកួត​សង​សឹក​របស់​ឃីម បូរ៉ា មក​ពី​ក្លិប​រស្មី​ភូមិគាប ខេត្ត​បន្ទាយមានជ័យ ជាមួយ​កីឡាករ​ជើង​ចាស់​ថៃ Reda បាន​បញ្ចប់​ដោយ​កីឡាករ​កម្ពុជា បាន​ទទួល​រង​នូវ​ការ​បរាជ័យ​ធ្ងន់ធ្ងរ​ជាង​មុន ក្រោយ​ពី​អាជ្ញាកណ្តាល​រាប់​រូបគេ​នៅ​ទឹក​ទី ៣ ចំនួន ២ លើក មុន​នឹង​ចាញ់​ដោយ​ពិន្ទុ​ទាំង​គ្រាំគ្រា​ខ្លួន។

ជាមួយ​គ្នា​នេះ​ដែរ ផង់ សុភាព មក​ពី​ក្លិប​តាឡី​មាន​រិទ្ធ បាន​ប្រកួត​គ្នា​ចំនួន ៥ ទឹក​ជាមួយ​កីឡាករ​ចំណូល​ថ្មី​របស់​ថៃ Sen Khom មុន​នឹង​ទទួល​បាន​លទ្ធផល​ស្មើ ទោះបី ២ ទឹក​ចុង​ក្រោយ កីឡាករ​ថៃ​មាន​ប្រៀប​ផ្នែក​ក្បាច់​ទាត់​ជាង ក៏ដោយ។

ក្រោយ​ពី​ការ​ប្រកួត​ចំនួន ៥ ទឹក​ពេញ ឃីម បូរ៉ា បាន​ចាញ់​ទាំង​គ្រាំគ្រា ក្រោយ​ពី​ទទួល​រង​នូវ​ការ​ឈឺចាប់​សឹង​គ្រប់​កន្លែង ដោយសារ​ស្នៀត​ទាត់​វាយ​ជង្គង់ និង​កែង​របស់​កីឡាករ​ថៃ​ចាស់​វស្សា Reda ដែល​បាន​វាយ​ចូល​គោល​ដៅ​បាន​ល្អ និង​ធ្ងន់ៗ ដែល​ជា​មូលហេតុ​ទទួល​បាន​ជ័យជម្នះ។ ក្នុងការ​ប្រកួត​ចំនួន ៥ ទឹក ឃីម បូរ៉ា បាន​វាយ​ទប់ទល់​ល្អ​បាន​តែ​មួយ​ទឹក​ប៉ុណ្ណោះ​គឺ​ទឹក​ទី ១ និង​វាយ​ការពារ​ដើម្បី​បង្គ្រប់​ទឹក​នៅ​ទឹក​ចុង​ក្រោយ ក៏​ដូចជា​គេច​ពី​ការ​សន្លប់។

ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​ឃីម បូរ៉ា ចុក​ចាប់​គ្រាំ​គ្រានោះ​គឺ​នៅ​ក្នុង​ទឹក​ទី ៣ ដែល​កីឡាករ​ថៃ Reda បាន​ទាត់​ជើង​ក្រោម​ឲ្យ​បូរ៉ា ខូច​ជើង និង​បន្ថែម​ដោយ​ស្នៀត​កែង​ដួល​ដេក​លើ​សង្វៀន ហើយ​អាជ្ញាកណ្តាល​លោក​ឡុង ស៊ីលីន រាប់​ចំនួន ២ លើក ទើប​បន្ត​ការ​ប្រកួត​បាន​ទាំង​លំបាក។

ទោះជា​ប្រឈម​ទៅ​នឹង​ឧបសគ្គ​លំបាក​យ៉ាង​ណា ឃីម បូរ៉ា នៅ​តែ​ប្រឹង​វាយ​កែង​មុខ​កាណូត​សង​ទៅ​កីឡាករ​ថៃ​វិញ​បាន​យ៉ាង​ល្អ ប៉ុន្តែ​មិន​អាច​ធ្វើ​ឲ្យ​កីឡាករ​ថៃ​រូបនេះ​ចុះ​ខ្សោយ​បាន​ឡើយ មុន​នឹង​ចាញ់​ដោយ​ពិន្ទុ​ទាំង​គ្រាំគ្រា។

សម្រាប់​គូ​អន្តរជាតិ​មួយគូ​ទៀត ផង់ សុភាព របស់​កម្ពុជា និង​កីឡាករ​ថៃ Sen Khom ជាការ​ប្រកួត​មួយ​ដ៏​ជក់ចិត្ត​បំផុត មុន​នឹង​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ។ ក្នុង ៣ ទឹក​ដំបូង កីឡាករ​ថៃ​ហាក់បី​ដូច​មិន​ទាន់​បញ្ចេញ​ស្នៀត​នៅ​ឡើយ​ទេ ដោយ​វាយ​របៀប​ដក​ថយ​មួយៗ ដែល​ហាក់បី​ដូច​ទុក​ឱកាស​ឲ្យ​កីឡាករ​ផង់ សុភាព ដេញ​វាយ​សម្រុក​មាន​ប្រៀប​បន្តិច​បន្តួច។

ការ​ប្រកួត​ឈាន​ដល់​ទឹក​ទី ៤ និង​ទឹក​ទី ៥ កីឡាករ​ថៃ Sen Khom ចាប់ផ្តើម​វាយ​សម្រុក​ខ្លាំង​ឡើង​វិញ ដោយ​ស្នៀត​ទាត់ និង​ជង្គង់​វាយ​ចូល​គោល​ដៅ​បាន​ល្អ មាន​ពិន្ទុ​នាំមុខ​ផង់ សុភាព​វិញ ដែល​ធ្វើ​ឲ្យ​ចៅ​ក្រោម​លំបាក​ក្នុងការ​សម្រេច​សេចក្តី។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​ការ​ប្រកួត ៥ ទឹក គណៈកម្មការ​វិនិច្ឆ័យ បាន​សម្រេច​ឲ្យ​គូ​នេះ​ស្មើ​គ្នា ខណៈ​ដែល​ភាគី​ថៃ​សម្តែង​ការ​មិន​ពេញ​ចិត្ត។

គណៈកម្មការ​ផ្គូផ្គង លោក​ញាន សុធី បាន​និយាយ​ថា ៖ «Sen Khom នឹង​ត្រៀម​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នៅ​ខែ​ក្រោយ​ជាមួយ​កីឡាករ​កម្ពុជា»៕