ភ្នំពេញ: សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក បាន​បើក​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​គ្រូបង្វឹក​កីឡា​ហែល​ទឹក​កម្រិត​មធ្យម​រយៈ​ពេល ៥ ថ្ងៃ ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ចន្ទ ទី ១៩ ដល់​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ ២០១៨ នៅ​ទីស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ខណៈ​ដែល​គ្រូ​ឧទ្ទេស​នាម​ជា​អ្នក​ជំនាញ​មក​ពី​សហរដ្ឋ​អាមេរិក។

វគ្គ​បំប៉ន​នេះ​បើក​ឡើង​ក្រោម​ជំនួយ​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​គ្រូ​ឧទ្ទេស​នាម​ជា​ជនជាតិ​អាមេរិក​លោក Rick Powers ដែល​សហព័ន្ធ​កីឡា​ហែល​ទឹក​អន្តរជាតិ​បញ្ជូន​មក​តាម​ការ​ស្នើ​សុំ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក។

លោក Rick Powers បាន​ថ្លែង​នៅ​ក្នុង​ពេល​បើក​វគ្គ​ថា៖ «កន្លង​មក​ច្រើន​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​មាន​បទ​ពិសោធ​ក្នុង​ការ​ដើរ​បណ្ដុះ​បណ្ដាល​តាម​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដោយ​ឆ្លង​កាត់​តាមរយៈ​អ្នក​បក​ប្រែ ហើយ​សកម្មភាព​នេះ​ធ្វើ​ឲ្យ​សិក្ខាកាម​យល់​បាន​ត្រឹម​កម្រិត​ណា គឺជា​រឿង​ធម្មតា​ដែល​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សិក្ខាកាម»។

លោក​បាន​អះអាងថា៖ «វគ្គ​នេះ​នឹងធ្វើ​ឲ្យ​សិក្ខាកាម​មានការ​រីករាយ ដោយសារ​តែ​ខ្ញុំ​បាន​សំណូមពរ​ឲ្យ​សិក្ខាកាម​ត្រូវ​តែ​ហ៊ាន​សួរ​នូវ​អ្វី​ដែល​ខ្លួន​មិន​ទាន់​យល់​ច្បាស់។ ការ​ហ៊ាន​សួរ​មិន​មែន​បង្ហាញ​ពី​ភាព​ល្ងង់​ខ្លៅ​នោះ​ទេ តែ​ជា​ភាព​វាង​វៃ​ស្វែងរក​ជំនាញ​បច្ចេកទេស​អ្នក​ដែល​មិន​យល់ ហើយ​អ្នក​ដែល​មិន​ហ៊ាន​សួរ​នោះ​ទើប​បញ្ជាក់​ពី​ភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន»។

លោក Rick Powers បាន​បន្តថា៖ «យើង​នឹងមាន​អនុស្សាវរីយ៍​ច្រើន​ជាមួយ​ប្រជាជន​ក្នុង​តំបន​អាស៊ី​អាគ្នេយ៍ ព្រោះ​ខ្ញុំ​ធ្លាប់​បង្ហាត់​ហែល​ទឹក​នៅ​ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ហើយ​កម្ពុជា​គឺជា​លើក​ទី ២ ដែល​ខ្ញុំ​ធ្លាប់​មក​បង្រៀន»។

លោក​ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក បាន​ឲ្យ​ដឹង​ថា៖ «នេះ​ជា​វគ្គ​បំប៉ន​មួយ​ដែល​ធ្លាប់​មាន​ម្ដង​ហើយ​កាល​ពី​ឆ្នាំ ២០១៤ ហើយ​ឆ្នាំ ២០១៨ នេះ សហព័ន្ធ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជា​ថ្មី​បន្ថែម​ទៀត»។

លោក​បន្តថា សិក្ខាកាម​ដែល​ចូលរួម​ក្នុង​វគ្គ​នេះ សុទ្ធតែ​ឆ្លងកាត់​ការ​បណ្ដុះ​បណ្ដាល​វគ្គ​កម្រិត ២ រួច​ហើយ ហើយ​ដែល​នេះ​ជា​វគ្គ​ដែល​មាន​កម្រិត​បច្ចេកទេស​កាន់​តែ​ខ្ពស់។

លោក​ហែម ចាន់​លី អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​នេះ បាន​បញ្ជាក់​ថា៖ «សហព័ន្ធ​ហែល​ទឹក​ពេល​នេះ​កាន់​តែ​មាន​សកម្មភាព​ប្រកួត​ច្រើន ហើយ​ខ្ញុំ និង​ថ្នាក់​ដឹកនាំ ធ្វើ​ឲ្យ​មាន​សកម្មភាព​ហែល​ទឹក​មាន​នៅ​ទូទាំង​ប្រទេស​ដោយ​ចាប់​ផ្ដើម​ពី​តំបន់​មាន​ប្រភព​ទឹក ដើម្បី​បណ្តុះ​បណ្តាល​ថ្នាក់​ថ្នាល​សម្រាប់​អនាគត»។

លោក​បាន​បន្តថា៖ «ខ្ញុំ​នឹង​បង្កើត​ឲ្យ​មានការ​ប្រកួត​របៀប Open Water ឲ្យ​បាន​ច្រើន និង​នៅ​តាម​តំបន់​ដែល​មិន​សូវ​មាន​ប្រភព​ទឹក។ គ្រូបង្វឹក​ទាំង​អស់​ត្រូវ​រៀន​បង្កើត​កម្មវិធី​ប្រកួត និង​រៀន​សូត្រ​ឲ្យ​បាន​ច្រើន ជា​ពិសេស​ភាសា​អង់គ្លេស ព្រោះ​កម្មវិធី​ហែល​ទឹក​ត្រូវ​មាន​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​បច្ចេកទេស​សហព័ន្ធ​ហែល​ទឹក​អន្តរជាតិ»៕