ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង ធឿន ធារ៉ា រួម​​ទាំង​ម្ចាស់​​មេដាយ​​មាស ប្រាក់ និង​មេដាយ​សំរឹទ្ធ ទាំង ​៤ ​នាក់ ពី​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​ ២០១៧ ​កន្លង​មក​នេះ សុទ្ធ​តែ​​ត្រូវ​បាន​ជាប់នៅ​ក្នុង​ក្រុម​ជម្រើសជាតិ ​ឆ្នាំ​ ​២០១៨​ នេះ ប៉ុន្តែ​ មឿន សុខហ៊ុច និង យ៉េន ឌីណា ដែល​ធ្លាប់​ជាប់​​​ជម្រើសជាតិ កាល​ពី​ឆ្នាំ ​២០១៧ គ្មាន​វត្ត​មាន ក្នុង​បញ្ជី​ឈ្មោះ​ប្រមូល​ផ្តុំ នៅ​ឆ្នាំ​នេះ​ទេ។

យោង​តាម​​​បញ្ជី​រាយ​នាម​ សមាសភាព គ្រូ​បង្វឹក និង​កីឡាករ ដែល​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ធ្វើការ​ប្រមូល​ផ្តុំ ជា​ក្រុម​ជម្រើសជាតិ​ផ្នែក​កីឡា​គុនខ្មែរ នៅ​ឆ្នាំ ​២០១៨​ នេះ គឺ​មាន​កីឡាករ​ ​៨ ​នាក់ ​ហើយ​លោក អេ ភូថង ​ដែល​ជា​គ្រូ​ជំនួយ កាល​ពី​ឆ្នាំ ​២០១៧ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ជា​គ្រូ​បង្គោល​ជំនួស​លោក ឈិត សារឹម វិញ​ម្តង​ ឯ​លោក ឡុង សានវ័ន្ត បន្ត​ធ្វើ​ជា​គ្រូ​ជំនួស​ដដែល។

ចំពោះ​សមាសភាព​កីឡាករ​ទាំង ​៨​ នាក់ ដែល​បានជាប់​ជា​ក្រុម​ជម្រើសជាតិ នៅ​ឆ្នាំ ​២០១៨ ​នេះ រួម​មាន​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឃុន ឌីម៉ា (ឃីម ឌីម៉ា) ម្ចាស់​​មេដាយ​ប្រាក់ ម៉ឺន សុភា ម្ចាស់​មេដាយ​សំរឹទ្ធ​ទាំង​ ២​ គឺ ឡៅ ចិត្ត្រា និង វ៉ាន់ វឿន កីឡាករ ឡៅ ចន្ទ្រា ជើង​ខ្លាំង ធឿន ធារ៉ា កីឡាករ​ទើប​មាន​ឈ្មោះ​ល្បី សែម ណាង (ឡុង សំណាង) និង ហ៊ីម សេរី។

កីឡាករ​កម្ពុជា ឡៅ ចិត្ត្រា ត្រូវបាន​អាជ្ញាកណ្តាល​លើក​ដៃ​ឲ្យ​ឈ្នះ​គូ​ប្រកួត កាល​ប្រកូត​ស៊ីហ្គេម នៅ​ម៉ាឡេស៊ី។ ស្រេង ម៉េងស្រ៊ុន

​យ៉ាង​ណា​ក៏​ដោយ បើ​តាម​ប្រភព​ច្បាស់​ការ​ បាន​ឲ្យ​ដឹង​ថា ការ​​ជ្រើស​រើស​កីឡាករ​ទាំង ​​៨ នាក់​ខាង​លើនេះ ត្រូវ​បាន​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ​ជាអ្នក​សម្រេច និង​ចុច​ឈ្មោះ​ដាក់​ឲ្យ​ចូល​ជា​ក្រុម​ជម្រើសជាតិ តែ​ម្តង គឺ​គ្មាន​ការ​ចូល​រួម​បោះ​ឆ្នោត​ពី​សំណាក់គ្រូ​បង្វឹក​តាម​ក្លិបនីមួយៗ ដើម្បី​រក​កីឡាករ​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន ដែលសហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ធ្លាប់​បាន​ធ្វើ កាល​ពី​ឆ្នាំ ​២០១៧ នោះ​ទេ។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ ​​២០១៨ ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​ ៣១ រួម​ទាំង​ក្រុម​ជន​ពិការ ធ្វើ​​ការ​ប្រមូល​ផ្តុំ​ជា​ក្រុម​ជម្រើសជាតិ ហើយការ​​ប្រមូល​ផ្តុំ​នេះ ​បាន​ចាប់​​ផ្តើម​ កាល​ពី​ថ្ងៃ​ទី ​១៦ ខែកុម្ភៈ នឹង​គ្រោង​បញ្ចប់នៅ​ថ្ងៃ​ទី ​១៥ ខែសីហា៕

អ្នក​លេង​កណ្តាប់​ដៃ ម៉ឺន សុភា (ខៀវ) ពេល​ប្រកួត​ស៊ីហ្គេម នៅម៉ាឡេស៊ី កាល​ឆ្នាំ​២០១៧។ ស្រេង ម៉េងស្រ៊ុន

លោក អេ ភូថង ពេល​ឲ្យ​ទឹក ឃុន ឌីម៉ា ក្នុង​​ប្រកួត​នៅ​ស៊ីហ្គេម ហើយ​ពេល​នេះ​លោក​បាន​ឡើង​ទៅ​ធ្វើជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ ជំនួស​លោក ឈិត សារឹម។ ស្រេង ម៉េងស្រ៊ុន

កីឡាករ ឡៅ ចន្ទ្រា (ក្រហម) ពេល​ប្រកួត​ជម្រុះ​ដណ្តើម​​ពាន​រង្វាន់​អន្តរជាតិ ជាមួយ​កីឡាករ​ថៃ នៅ​សង្វៀន CNC។ ស្រេង ម៉េងស្រ៊ុន