ភ្នំពេញៈ ខ្សែប្រយុទ្ធជនជាតិជប៉ុន Kazuo Homma ដែលជាប្រធានក្រុម Lao Toyota FC បានបង្ហាញពីទំនុកចិត្ត ក្នុងការឈ្នះបាន ៣ ពិន្ទុត្រឡប់ទៅវិញ សម្រាប់ការប្រកួតជម្រុះជើងទី ១ វគ្គ Play-off Round នៃពានរង្វាន់ AFC Cup 2018 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទនេះ គឺស្របពេលដែលក្រុមបឹងកេត បានបាត់បង់កីឡាករសំខាន់ ២ នាក់ ក្នុងការប្រកួតនេះ។
Kazuo Homma ដែលបានក្លាយជាកីឡាករបរទេសលេងឲ្យក្រុម Lao Toyota FC បានយូរជាងគេនោះ និយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យថា៖ «ក្រុម Lao Toyota និងក្រុមបឹងកេត ធ្លាប់បានជួបគ្នា ២ ទៅ ៣ ដងហើយ អ៊ីចឹងមានន័យថា យើងបានស្គាល់គ្នាខ្លះហើយ។ បើទោះបីជា ការស្គាល់គ្នានេះ មិនទាន់បានច្បាស់លាស់ ប៉ុន្តែខ្ញុំមកទីនេះ ដើម្បីប្រកួត និងដណ្តើមយក ៣ពិន្ទុត្រឡប់ទៅវិញ ព្រោះក្រុមទាំង២ សុទ្ធតែបានដឹងច្បាស់ថា ការទទួលបាន ៣ពិន្ទុ នឹងធ្វើឲ្យក្រុមមានឱកាស បានឡើងទៅប្រកួតនៅវគ្គបន្ត (Group Stage)»។
ចំណែកខ្សែប្រយុទ្ធជើងចាស់របស់ក្រុមបឹងកេត ឃួន ឡាបូរ៉ាវី បាននិយាយថា៖«ក្រុមរបស់យើង ទើបទទួលដំណឹងការប្រកួតនេះ បានប្រហែល ១០ថ្ងៃ អ៊ីចឹងធ្វើឲ្យការហ្វឹកហាត់របស់យើងបានតិចតួចជាងធម្មតា ប៉ុន្តែពួកយើងនឹងប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព នៅថ្ងៃស្អែក (ថ្ងៃចន្ទនេះ)»។
យ៉ាងណាមិញ លោក ហៅ សុជាតិ ដែលបានប្តូរទៅកាន់តួនាទីជាជំនួយការរបស់គ្រូបង្គោលថ្មីលោក កែវ កុសល ក្នុងការប្រកួតពាន AFC Cup 2018 នេះ នៅតែមានការបារម្ភទៅលើការប្រកួតនេះ ខណៈខ្សែការពារល្អ រស់ សំអឿន បានចាកចេញទៅលេងនៅក្លិបវិសាខា ហើយខ្សែប្រយុទ្ធមានល្បឿនលឿន Samuel Gbenga មិនអាចចូលលេងបាន ដោយសារខ្វះឯកសារបញ្ជូនទៅឲ្យ AFC នោះ។
លោក ហៅ សុជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំនៅតែមានការបារម្ភ ចំពោះការប្រកួតនេះ ព្រោះយើងបានបាត់ខ្សែការពារដ៏ល្អមួយ (រស់ សំអឿន) ហើយ Gbenga ក៏មិនអាចចូលលេងបានទៀត ដោយសារគាត់ខ្វះឯកសារ ដោយយើងបានដាក់ជំនួសដោយកីឡាករជនជាតិនីហ្សេរីយ៉ា Julius Oiboh។ ម្យ៉ាងទៀត យើងក៏មិនទាន់ដឹងពីកម្រិតលេងរបស់គេច្បាស់ដែរ ដោយសារក្រុម Lao Toyota មានការផ្លាស់ប្តូរសមាសភាពកីឡាករច្រើន ហើយក៏ប្តូរគ្រូបង្វឹកថ្មី ផងដែរ»។
គួរបញ្ជាក់ថា កីឡាករបរទេសទាំង៤នាក់ ដែលលេងឲ្យក្រុមបឹងកេត ក្នុងការប្រកួតពានរង្វាន់ AFC Cup 2018 នេះមានខ្សែប្រយុទ្ធនីហ្សេរីយ៉ា Paul Esoh Omogba ខ្សែប្រយុទ្ធប្រេស៊ីល Maycon កីឡាករជប៉ុន Hikaru Mizuno និង Julius Oiboh ដែលធ្លាប់លេងឲ្យក្រុមបឹងកេត ពេលប្រកួតជម្រុះពានរង្វាន់ Toyota Mekong Club Championship ជាមួយក្រុមលេខ ៦ នៃលីកកំពូលវៀតណាម Sanna Khanh Hoa កាលបីឆ្នាំ២០១៧៕