ភ្នំពេញ: កីឡាករ​ប្រដាល់​ចិត្តធំ​ផង់ សុភាព ដំបូង​គ្រោង​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៦៥ គីឡូក្រាម ប៉ុន្តែ​ខក​ខាន​ដោយ​សារ​រក្សា​ទម្ងន់​មិន​បាន។ តែ បច្ចុប្បន្ន កីឡាករ​រូប​នេះ ដំឡើង​ទម្ងន់​រហូត​ដល់ ៦៩ គីឡូក្រាម ហើយ​គណៈ​កម្មការ​ផ្គូផ្គង​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍ សម្រេច​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ជំនាញ​ជង្គង់​គឺ​កីឡាករ​ថៃ Thav Oulan វិញ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី ១១ ខែ​មីនា ឆ្នាំ ២០១៨ ក្នុង​កម្មវិធី​អ្នក​ប្រយុទ្ធ Boostrong Fighter។

ការប្រកួត​នេះ​ត្រូវបាន​អ្នកតាមដាន​ប្រដាល់​មួយចំនួន​លើក​ឡើង​ថា ផង់ សុភាព ហាក់​ដូចជា​ថ្លើម​ធំ​ណាស់ ហ៊ាន​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ថៃ Thav Oulan។

ផង់ សុភាព មក​ពី​ក្លិប​តាឡី​មាន​រិទ្ធិ ជា​អ្នក​ប្រដាល់​ចិត្ត​ធំ​ម្នាក់​ជំនាញ​កែង​រូស និង​ជង្គង់​បាន​ល្អ ហើយ​ធ្លាប់​ឈ្នះ​ខ្សែ​ឥ​ក្រវាត់​នៅ​សង្វៀន​បាយ័ន​កន្លង​មក​ផង​ដែរ ប៉ុន្តែ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ធ្លាប់​បាន​ត្រឹម​ជើង​ឯក​រង​ប៉ុណ្ណោះ។ ចាប់​តាំង​ពី​ការ​ឡើង​ទម្ងន់​ដល់ ៦៩ គីឡូក្រាម នេះ​វា​នឹង​ក្លាយជា​ការ​ប្រកួត​ជា​លើក​ទី ១ របស់់ សុភាព ខណៈ​ដែល​គ្រា​កន្លង​មក គេ​ប្រកួត​ត្រឹម​ទម្ងន់ ៦៥ កីឡូក្រាម។

Thav Oulan ជា​ជើង​ខ្លាំង​ម្នាក់​ដែល​ពិបាក​ទប់​ទល់។ កីឡាករ​នេះ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​អាស៊ី​អាគ្នេយ៍​ម្តង និង​ឈ្នះ​ជើង​ឯក​រង​ដោយ​ចាញ់​រឿង សោ ភ័ណ្ឌ ដើម្បី​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ ២ កាល​ពី​ខែ​មុន នៅ​ស៊ីអិនស៊ី។ កីឡាករ​ថៃ​រូប​នេះ​មាន​ជំនាញ​ជង្គង់ និង​មាន​មុខ​រឹង​ល្អ​ផង​ដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​គណៈ​កម្មការ​ផ្គូផ្គង កីឡាករ​ផង់ សុភាព ប្រកួត​បាន​ចំនួន​ចំនួន ៨៨ លើក ឈ្នះ ៦៩ លើក ចាញ់ ១៧ លើក និង​ស្មើ ២ លើក។ ចំណែក​ថៃ Thav Oulan ធ្លាប់​ប្រកួត​បាន​ចំនួន ៩៩ លើក ឈ្នះ ៧៧ លើក ចាញ់ ១៩ លើក និង​ស្មើ ៣ លើក។

លោក​ម៉ាក់ សាខន គ្រូបង្វឹក​ផង់ សុភាព បាន​និយាយ​ថា៖ «ផង់ សុភាព ទើប​តែ​ឡើង​ទម្ងន់ ហើយ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ គឺជា​ការ​តឹង​តែង ប៉ុន្តែ ខ្ញុំ​គិត​ថា ទោះ​ជា​លំបាក​ឈ្នះ​ក៏​ត្រូវ​តែ​ប្រកួត និង​មាន​សង្ឃឹម​ដែរ»។

លោក​បាន​បន្តថា៖ «ធ្វើជា​កីឡាករ​ប្រដាល់ បើ​មិន​ប៉ះ​ជើង​ខ្លាំង យើង​មិន​រីក​ចម្រើន​ទេ»។

លោក​ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​និយាយ​ថា៖ «តាម​បច្ចេកទេស ខ្ញុំ​មើល​ឃើញ​ថា កីឡាករ​ថៃ Thav Oulan មាន​ប្រៀប​ជាង និង​មាន​ភាគរយ​ឈ្នះ​ខ្ពស់​ជាង ប៉ុន្តែ​ការ​ប្រកួត​ទុក​ចិត្ត​មិន​បាន​ទេ អាច​ភ្លាត់​ស្នៀត​ចូល​កែង​បែក​បរាជ័យ​ក៏​ថា​បាន​ដែរ។ ផង់ សុភាព មាន​ស្នៀត​កែង​រូស​ល្អ ដែល​ជា​ឧបសគ្គ​ធំ​មួយ​ដែរ។ ខ្ញុំ​មាន​សង្ឃឹម​ថា Thav Oulan មាន​ឱកាស​ឈ្នះ ៨០ ភាគរយ»។

លោក​ ញាន សុធី នាយក​គ្រប់-គ្រង​កម្មវិធី បាន​និយាយ​ថា៖ «បើ​ផង់ សុភាព ឈ្នះ Thav Oulan នោះ រូបគេ​នឹង​ល្បី​ល្បាញ​ខ្លាំង​ណាស់ ហើយ​ការ​ប្រកួត​ទម្ងន់​ធ្ងន់​បែប​នេះ​ប្រហែស​មិន​បាន​ទេ បើ​ភ្លាត់​ស្នៀត អា​ខ្លាំង​សន្លប់​ក៏​ថា​បាន​ដែរ»៕