ភ្នំពេញ: ផាន់ គ្រាន់ ត្រូវ​វិលជុំ​ប៉ះ​ជាមួយ​កីឡាករ Kolab Dam ក្នុង​គូ​ដណ្តើម​ខ្សែក្រវាត់ Barrley Black វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​សប្តាហ៍​ទី ៤ ក្នុង​ជុំ​ទី ២ នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍​នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី ៤ ខែ​មីនា ឆ្នាំ ២០១៨ នេះ ខណៈដែល​កីឡាករ​ថៃ​រូប​នេះ មក​ប្រកួត​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ជា​ច្រើន​លើក មិន​ទាន់​ស្គាល់​រស​ជាតិ​ចាញ់​ម្តង​ណា​ឡើយ ហើយ​អ្នក​ទាំង ២ ដណ្តើម​បាន​ជ័យជម្នះ​ដូចគ្នា ក្នុង​អំឡុង​ការ​ប្រកួត​ខ្សែក្រវាត់​នេះ។

ចំណែក​កីឡាករ​មាស ច័ន្ទ​មាន មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ Louk Ton ស្រប​ពេល​ដែល​អ្នក​ទាំង ២ នេះ​ធ្លាប់​ប្រកួត​ចាញ់​ដៃគូ​ដូចគ្នា​ក្នុង​អំឡុង​ប្រជែង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​កន្លង​មក។

ផាន់ គ្រាន់ មួយរយៈ​នេះ​កំពុង​ឡើង​ប្រិយភាព​យ៉ាងខ្លាំង ហើយ​លទ្ធផល​ប្រកួត​របស់គេ​ភាគ​ច្រើន​ទទួល​បាន​ជ័យជម្នះ។ ទាំង​កីឡាករ​ផាន់ គ្រាន់ និង​កីឡាករ​ថៃ Kolab Dam មាន​សមត្ថភាព​ខ្លាំង​ដូចគ្នា ហើយ​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​កន្លង​មក​នោះ​ទេ។ បើ​និយាយ​ពី​បច្ចេកទេស​ក្បាច់គុន​វិញ ផាន់ គ្រាន់ ល្អ​កណ្តាប់ដៃ​ធ្ងន់ និង​ស្នៀត​ជង្គង់​ល្អ ហើយ​ទឹកចិត្ត​ប្រកួត​ធំ​មិន​ញញើត​ដៃគូ​នោះ​ឡើយ។

ចំណែកឯ កីឡាករ​ថៃ Kolab Dam ល្អ​ស្នៀត​ជង្គង់ និង​ទាត់​ឆ្ងាយ​ល្អ មាន​កម្ពស់​ខ្ពស់​ជាង​ផាន់ គ្រាន់ ប៉ុន្តែ​ទឹកចិត្ត​ប្រកួត​វាយ​ចាំ​ស្រង់​យក​ពិន្ទុ​ប៉ុណ្ណោះ។ ទោះជា​យ៉ាង​ណា កីឡាករ​ថៃ Kolab Dam នេះ​មក​ប្រកួត​ស្រុក​ខ្មែ​ជិត ១០ លើក ឈ្នះ​ទាំងអស់​ស្មើ​តែ​ម្តង​គត់ ពោល​គឺ​មិន​ដែល​ស្គាល់​ពាក្យ​ថា ចាញ់​នោះ​ឡើយ។

សម្រាប់​ការប្រកួត​លើក​នេះ​រវាង​អ្នក​ទាំង ២ ពិតជា​លំបាក​ទស្សន៍ទាយ ឬ​ព្យាករ​ណាស់ ពី​ព្រោះ​តែ​សមត្ថភាព និង​បច្ចេកទេស​ប្រហែល​គ្នា ប៉ុន្តែ ទឹកចិត្ត​ប្រកួត​របស់​ផាន់ គ្រាន់ ក្លាហាន​ជាង។ លោក​ណន រិទ្ធ គ្រូបង្វឹក​ផាន់ គ្រាន់ បាន​និយាយ​ថា៖ «ផាន់ គ្រាន់ ហ្វឹកហាត់ និង​ត្រៀម​ការ​ប្រកួត​បាន​ល្អ។ ជាមួយ​គ្នា​នេះ ខ្ញុំ​រំពឹង​ឈ្នះ​ខ្ពស់ ពីព្រោះ​កណ្តាប់ដៃ និង​ជង្គង់​របស់​ផាន់ គ្រាន់ គឺជា​ក្បាច់​ដែល​ខ្ញុំ​ទុកចិត្ត​ថា ល្អ​សម្រាប់​ដណ្តើម​ជ័យ​ជម្នះ​លើ Kolab Dam នេះ​តែម្តង»។

លោក​ណន រិ​ទ្ធ បាន​បន្ថែម​ថា៖ «ទោះជា​ការ​ប្រកួត​ហ្នឹង​ស្វិតស្វាញ​យ៉ាង​ណា ឬ​ឧបសគ្គ​ធំ​យ៉ាង​ណា ខ្ញុំ​នៅ​តែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ៨០ ភាគរយ ផាន់ គ្រាន់ នឹង​ឈ្នះ»។

ផាន់ គ្រាន់ បាន​និយាយថា៖ «ខ្ញុំ​គិតថា នៅក្នុង​ចំណោម​កីឡាករ​ថៃ ៤ នាក់​ដែល​ខ្ញុំ​ត្រូវ​ជួប​ប្រកួត​នោះ Kolab Dam នេះ​ខ្ញុំ​ព្រួយ​បារម្ភ​ជាង​គេ ចំណែក ៣ នាក់​ទៀត មិន​ជា​ឧបសគ្គ​ប៉ុន្មាន​ឡើយ»។

ផាន់ គ្រាន់ បាន​បន្តថា៖ «ប្រសិនបើ​ការប្រកួត​ក្លាហាន​ដូចគ្នា​ចាញ់ ឬ​ឈ្នះ ខ្ញុំ​អស់​ចិត្ត តែ​ខ្ញុំ​បារម្ភ​តែ​ថៃ​វា​វាយ​ដក​ថយ​ចាំ​តែ​ស្រង់​នោះ​គឺ​ពិបាក​ប្រកួត»។

ទោះយ៉ាងណា​ផាន់ គ្រាន់ បាន​បញ្ជាក់ថា៖ «ការ​ប្រកួត​គឺ​ធានា​វាយ​អស់​ពី​សមត្ថភាព ខណៈ​លទ្ធផល​យ៉ាង​ណា មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ឡើយ»។

លោក​ថា​ញ់ វ៉ា​ឡែក គ្រូបង្វឹក Kolab Dam បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា Kolab Dam នឹង​ឈ្នះ​ក្នុង​ទំនុក​ចិត្ត ៩០ ភាគរយ»។

លោក​ថា​ញ់ វ៉ា​ឡែក បាន​បន្ថែមថា៖ «ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ព្រមទាំង​ក្បាច់​ជង្គង់​របស់ Kolab Dam អាច​បង្ក្រាប​ផាន់ គ្រាន់​បាន»។

តាម​ប្រវត្តិ​ប្រកួត និង​បទពិសោធ​កន្លងមករ​បស់​អ្នក​ប្រដាល់​ទាំង ២ ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន ផាន់ គ្រាន់ មាន​បទពិសោធ​ច្រើន​ជាង​តែ​ចាញ់​ប្រៀប​ផ្នែក​កម្ពស់។ ផាន់ គ្រាន់ ប្រកួត​បាន​ចំនួន ១០៩ លើក ឈ្នះ ៩០ លើក ចាញ់ ១៦ លើក និង​ស្មើ ៣ លើក។

ចំណែក Kolab Dam ធ្លាប់​ប្រកួត​បាន​ចំនួន ៩១ លើក ឈ្នះ ៨០ លើក ចាញ់ ១០ លើក និង​ស្មើ ១ លើក។ ចំណែក​ក្នុង​គូប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ​ដែរ មាស ច័ន្ទមាន នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡាករ​ថៃ Louk Ton។

តាម​ស្ថិតិ​ប្រកួត​កន្លងមក មាស ច័ន្ទ​មាន ធ្លាប់​ប្រកួត​បាន​ច្រើន​ជាង Louk Ton ចំនួន ៦៣ លើក​ឯណោះ។ ច័ន្ទ​មាន ប្រកួត​បាន ១៣១ លើក ឈ្នះ ៩៨ លើក ចាញ់ ២៩ លើក និង​ស្មើ ៤ លើក ខណៈ​ដែល​កីឡាករ​ថៃ Louk Ton ធ្លាប់​ប្រកួត​បាន ៦៨ លើក ឈ្នះ ៥៤ លើក ចាញ់ ១៣ លើក និង​ស្មើ ១ លើក។ ការ​ប្រកួត​ជុំ​ទី ១ មាស ច័ន្ទ​មាន ចាញ់​ពិន្ទុ Kolab Dam ហើយ Louk Ton ចាញ់​ផាន់ គ្រាន់ សន្លប់​ក្នុង​ទឹក​ទី ២៕