ភ្នំពេញ: សប្តាហ៍ទី ៧ ជុំទី ៣ នៃវគ្គជម្រុះសន្សំពិន្ទុខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៣,៥ គីឡូក្រាម នាថ្ងៃអាទិត្យ ទី ២៥ ខែមីនា ឆ្នាំ ២០១៨ នៃសង្វៀនអាស៊ីអាគ្នេយ៍ ហាក់ផ្តល់នូវការងាយស្រួលក្នុងការព្យាករទុកជាមុន។
បើតាមលទ្ធផល និងកម្រិតវិជ្ជាគុន ផាន់ គ្រាន់ ដែលត្រៀមប៉ះជាមួយកីឡាករថៃ Den Phichhit ត្រូវបានគេរំពឹងថា កីឡាករកម្ពុជារូបនេះអាចឈ្នះយ៉ាងងាយ និងគ្មានឧបសគ្គនោះឡើយ ប៉ុន្តែសម្រាប់កីឡាករមាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវបានគេរំពឹងទុកថា មានភាគរយតិចបំផុតដែលអាចមានលទ្ធភាពឈ្នះជើងខ្លាំងរបស់ថៃ Loom Leng នោះ។
យោងប្រវត្តិប្រកួតដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីគណៈកម្មការរៀបចំប្រកួត កីឡាករផាន់ គ្រាន់ មានបទពិសោធប្រកួតច្រើនជាងកីឡាករថៃ Den Phichhit ចំនួន ២៥ លើកឯណោះ ប៉ុន្តែកម្ពស់របស់ផាន់ គ្រាន់ ទាបជាងបន្តិច។ ផាន់ គ្រាន់ មានស្ថិតិប្រកួតបានចំនួន ១១០ លើក ឈ្នះ ៩១ លើក ចាញ់ ១៦ លើក ស្មើ ៣ លើក និងធ្លាប់ឈ្នះខ្សែក្រវាត់ និងពានផងដែរ។ ចំណែកកីឡាករថៃ Den Phichhit មានស្ថិតិប្រកួតបានចំនួន ៨៥ លើក ឈ្នះ ៧០ លើក ចាញ់ ១៤ និងលើកស្មើ ១ លើក។
បើនិយាយពីការប្រកួតក្នុងអំឡុងខ្សែក្រវាត់ Barrley Black នេះ ផាន់ គ្រាន់ ឈ្នះទាំង ២ ប្រកួតមាន ៦ ពិន្ទុ ក្រោយពីឈ្នះជើងខ្លាំង Kolap Dam និង Louk Ton ខណៈដែល Den Phichhit ឈ្នះ ១ និងចាញ់ ១ ប្រកួត មាន ៤ ពិន្ទុ តាមរយៈការឈ្នះឌុម កែវដា និងចាញ់ វ៉េង សុភ័ក្ត្រ។ បើយោងទៅតាមលទ្ធផលប្រកួតកន្លងមកនេះ ផាន់ គ្រាន់ មានឱកាសច្រើនឡើងទៅកក់កៅអីផ្តាច់ព្រ័ត្រស្រេចទៅហើយ ដោយសារមិត្តរួមពូលចំនួន ៣ នាក់ទៀតសុទ្ធតែមានពិន្ទុតិចជាង និងគ្មានឱកាសបានឡើងឡើយ។
លោកណន រិទ្ធ គ្រូបង្វឹក ផាន់ គ្រាន់ បាននិយាយថា៖ «ផាន់ គ្រាន់ ហ្វឹកហាត់បានល្អ មិនអាចធ្វេសប្រហែសនាំឲ្យចាញ់បាននោះទេ។ រូបគេត្រូវយកជ័យជម្នះ និងដណ្តើមយក ៣ ពិន្ទុឆ្ពោះទៅកាន់ការប្រជែងយកទឹកប្រាក់ចំនួន ៥០០០ ដុល្លារ»។
លោកបនុ្តថា៖ «កីឡាករថៃ Dem Den Phichhit យើងមិនអាចមើលស្រាលបានទេ។ គេពូកែគេច និងលំបាកប្រកួត។ យើងកុំថា ស៊ីគេផុយឲ្យសោះវាជាឧបសគ្គមួយផងដែរមុននឹងយើងយកជ័យជម្នះបាននោះ»។
លោកថៃ អ៊ូ ប្រតិភូនាំកីឡាករថៃ បាននិយាយឲ្យដឹងថា៖ «តាមយើងដឹងគឺភាគរយឈ្នះរបស់ផាន់ គ្រាន់ ខ្ពស់ជាង ប៉ុន្តែការប្រកួតគ្នា វាជារឿងជាក់ស្តែង វានឹងកើតឡើងយ៉ាងណាដែលយើងមិនអាចទាយត្រូវ ១០០ ភាគរយនោះឡើយ។ ទោះជាយ៉ាងណា ខ្ញុំមានសង្ឃឹមតិចបំផុតដែល Den Phichhit អាចទប់ទល់បានចំនួន ៥ ទឹក ឬយកឈ្នះផាន់ គ្រាន់ បាននោះ»។
គូខ្សែក្រវាត់មួយគូទៀត Loom Leng ធ្លាប់ឈ្នះមាស ច័ន្ទមាន ដោយពិន្ទុ និងផ្តួលឲ្យសន្លប់ក្នុងទឹកទី ៤ ហើយកីឡាករថៃរូបនេះ ក៏ធ្លាប់ឈ្នះខ្សែក្រវាត់ពីសង្វៀនអាស៊ីអាគ្នេយ៍នេះ ផងដែរ។
បើនិយាយពីសមត្ថភាព កម្លាំង ព្រមទាំងស្មារតីប្រកួត និងកម្ពស់វិញ Loom Leng មានប្រៀបលើមាស ច័ន្ទមាន ច្រើនផ្នែក។ អំឡុងខ្សែក្រវាត់នេះ Loom Leng ឈ្នះទាំង ២ ប្រកួតមាន ៦ ពិន្ទុ ក្រោយពីឈ្នះវ៉េង សុភ័ក្ត្រ និងឌុម កែវដា។ មាស ច័ន្ទមាន ឈ្នះ ១ និងចាញ់ ១ មាន ៤ ពិន្ទុ៕