ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ដៃគូ​សហការ គ្រោង​នឹង​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​កៀងគរ​អ្នក​ទេសចរ​ចិន ឲ្យ​ចូលរួម​ក្នុង​ការ​ប្រកួត​ទិវា​រត់​ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ារ៉ាតុង លើក​ទី ៧ នៅ​ក្រុង​ព្រះសីហនុ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០១៨ នេះ​ឲ្យ​បាន​ច្រើន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត កាល​ពី​ម្សិលមិញ​ថា នៅ​ឆ្នាំ ២០១៨ នេះ យើង​បាន​កត់​សម្គាល់​ឃើញ​ថា ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង នៅ​ខេត្ត ព្រះសីហនុ នឹង​មាន​ចំនួន​កើន​ឡើង ខណៈ​ការ​រៀបចំ​ជាង ៦ ឆ្នាំ​កន្លង​មក ចំនួន​អ្នក​ចូលរួម​មិន​ច្រើន​ដូច​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ នៅ​អង្គរវត្ត នោះ​ឡើយ បើ​ទោះបី​ជា​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវ​ទេសចរ​ចិន និង​ចិន​រស់នៅ​ច្រើន ក៏ដោយ។

លោក​បាន​បន្ថែម​ថា៖ «នេះ​ជា​បញ្ហា ដែល​យើង​ត្រូវមាន​នយោបាយ​ទាក់ទាញ​ជាមួយ​ភាគី​ពាក់​ព័ន្ធ អ៊ីចឹង​នឹង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី មន្ទីរ​ទេសចរណ៍​ខេត្ត និង​កាស៊ីណូ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​គេ​ជួយ​ទាក់​ទាញ​អ្នក​ទេសចរណ៍ ចិន​មក​ចូលរួម​រត់ ទោះ​បី​គេ​រត់​កម្សាន្ត​ចម្ងាយ ៣ គីឡូ​ម៉ែត្រ ជា​លក្ខណៈ​គ្រួសារ ក៏បាន​ដែរ។ បើសិន​ជា​យុទ្ធនាការ​នេះ ទទួល​បាន​លទ្ធផល​ជោគជ័យ យើង​អាច​វាយ​តម្លៃ និង​ដំឡើង​ព្រឹតិ្តការណ៍​នេះ ឲ្យ​ទៅ​ជា​ម៉ារ៉ាតុង ដែល​មាន​ចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ តែម្ដង»។

គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​បាន​ចំនួន ១២៥០ នាក់​ហើយ ក្នុង​នោះ​មាន​ជន​បរទេស ១៥៦ នាក់ មក​ពី ២៨ ប្រទេស ខណៈ​ជនជាតិ​ជប៉ុន​ច្រើន​ជាង​គេ ក្រៅ​ពី​នោះ​មាន​អាមេរិក និង​អង់គ្លេស ហើយ​សកម្មភាព​កីឡា​នេះ ដើម្បី​ការងារ​មនុស្សធម៌ ប្រមូល​ថវិកា ទៅ​ប្រើ​ប្រាស់​ក្នុង​គោល​ដៅ​មនុស្សធម៌។

ចំណែក​លោក សែម ផល្លា នាយក​ប្រតិបត្តិ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​ថ្លែង​ថា៖ «ផ្លូវ​រត់​ឆ្នាំ​នេះ ត្រូវ​បាន​ផ្លាស់​ប្ដូរ អ៊ីចឹង​ខ្ញុំ​ត្រូវ​ស្នើ​ទៅ​អង្គការ​ម៉ារ៉ាតុង​អន្តរជាតិ​ឲ្យ​មក​ជួយ​វាស់​ផ្លូវ​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ខុស​បច្ចេកទេស។ ចំពោះ​វិញ្ញាសា​ដាក់​ឲ្យ​ប្រកួត​វិញ មាន​រត់​ចម្ងាយ ២១ គីឡូម៉ែត្រ រត់ ១០ គ.ម និង​រត់​កម្សាន្ដ លក្ខណៈ​គ្រួសារ​ចម្ងាយ ៣ គីឡូម៉ែត្រ»។

ចំណែក​លោកស្រី ប៊ុយ សុធា តំណាង​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ បាន​និយាយ​ថា៖ «ស្រា​បៀរ​អង្គរ បាន​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តការណ៍​រត់​ប្រណាំង អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង ក្រុង​ព្រះសីហនុ​នេះ ចំនួន ៦ ឆ្នាំ​កន្លង​មក​ហើយ ហើយ​នៅ​ឆ្នាំ​ទី ៧ យើង​នៅ​តែ​បន្ត​គាំទ្រ​ជា​រៀង​រហូត ជា​ដៃគូ​ជាមួយ NOCC»៕