Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ពាក់កណ្តាល​ម៉ារ៉ាតុង ឆ្នាំ​នេះ រំពឹង​មាន​អ្នក​ចូលរួម​ច្រើន

Content image - Phnom Penh Post
លោកវ៉ាត់ ចំរើន (កណ្តាល) អំឡុង​សន្និ​សីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​។ ស្រេង ម៉េងស្រ៊ុន

ពាក់កណ្តាល​ម៉ារ៉ាតុង ឆ្នាំ​នេះ រំពឹង​មាន​អ្នក​ចូលរួម​ច្រើន

ភ្នំពេញ: ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ឲ្យដឹង​ថា៖ «ទិវា​អង្គរ​ពាក់កណ្តាល​ម៉ារ៉ាតុង​នៅ​ខេត្ត​សៀមរាប នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី ៣ ខែ​ធ្នូ ឆ្នាំ ២០១៧ ខាងមុខ»។

បើតាម​ការរំពឹង ព្រឹត្តិការណ៍​នេះ នឹង​មាន​អ្នកចូលរួម​ច្រើន​ជាង​ឆ្នាំមុន ពោល​គឺ​អាច​កើន​ដល់ ១០០០០ នាក់។ លោក​បាន​បន្ថែម​ថា តាម​ទិន្នន័យ​ដែល​ទទួល​បាន អ្នក​ដែល​ចុះ​ឈ្មោះ​រួច​ហើយ មាន​ចំនួន​ច្រើន​ជាង​គេ​មាន​មក​ពី​ចក្រភព​អង់គ្លេស បារាំង និង​សហរដ្ឋអាមេរិក។ អ្នក​ចុះ​ឈ្មោះ​មក​ពី​ចក្រភព​អង់គ្លេស មាន​រហូត​ដល់​ទៅ​ចំនួន ៦០០ នាក់​ហើយ ខណៈ​ដែល​ប្រទេស​បារាំង ក៏មាន​ប្រហែល​ជា ៦០០ នាក់​ដែរ។

ដោយ​ឡែក អ្នក​ចុះ​ឈ្មោះ​មក​ពី​អាមេរិក មាន​ចំនួន​ជាង ៤០០ នាក់ ហើយ​បើ​ធ្វើការ​សរុប​បណ្តោះ​អាសន្ន​ត្រឹម​ពេល​នេះ មាន​ប្រទេស​ចំនួន ៧៦ ហើយ​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​រត់នា​ថ្ងៃ​អាទិត្យ ទី ៣ ខែ​ធ្នូ ឆ្នាំ ២០១៧ ឆ្នាំ ២០១៧ ខាងមុខ​នេះ។

សម្រាប់​តំបន់​អង្គរវត្ត វា​ត្រូវបាន​គេ​វាយ​តម្លៃ​ថា មិន​អាច​មាន​សមត្ថភាព​ទទួល​អ្នក​ចូលរួម​រត់​ច្រើន​ជាង ១៥០០០ នាក់​ឡើយ ហេតុនេះ​ប្រសិន​បើ​ចំនួន​អ្នក​ចូលរួម​រត់​កើន​ដល់​ចំនួន​នេះ គណៈកម្មការ​រៀបចំ នឹង​ផ្ដល់​អាទិភាព​ដល់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​មុន​គេ។

ការរត់​ឆ្នាំ ២០១៧ នេះ មាន​អ្នករត់​ម​កពី​ចក្រភព​អង់គ្លេស បារាំង និង​អាមេរិក​មក​ច្រើន​នោះ ដោយសារ​សន្តិសុខ​ល្អ ប្រព័ន្ធ​សុវត្ថិភាព​រៀបចំ​ល្អ មាន​លក្ខណៈ​ទាក់ទាញ និង​មាន​កម្លាំង​សន្តិសុខ​ដាក់​ពង្រាយ​មិន​ឲ្យ​ដាច់​ឡើយ។

លោក​សែម ផល្លា នាយក​ប្រតិបត្តិ​រៀបចំ​ព្រឹត្តិការណ៍​នេះ ថ្លែង​ថា កាល​ពី​ឆ្នាំំ ១៩៩៦ ដែល​ព្រឹត្តិការណ៍​ចាប់ផ្ដើម​ជា​លើក​ដំបូង​នោះ មាន​អ្នកចូលរួម​រត់​ត្រឹម​តែ​ជាង ៦០០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​រយៈពេល ២១ ឆ្នាំ​កន្លង​មក ដូចជា​ឆ្នាំ ២០១៦ មាន​អ្នក​ចូលរួម​ចំនួន​ជាង ៩០០០ នាក់​មក​ពី ៨៥ ប្រទេស ហេតុនេះ ទំហំ​អ្នក​ចូលរួម​រត់​កាន់​តែ​ច្រើន ហើយ​ព្រឹត្តិការណ៍​នេះ​ក៏កាន់​តែ​មាន​ភាព​ល្បីល្បាញ ផងដែរ។ កាល​ពី​ឆ្នាំ ២០១៦ ថវិកា​ដែល​បាន​មក​ពី​ព្រឹត្តិការណ៍​នេះ បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​មនុស្សធម៌​ដូច​រៀងរាល់​ឆ្នាំ​ដែរ ដែល​ក្នុង​នោះ​ក្រុមហ៊ុន Manulife ជា​អ្នក​ឧបត្ថម្ភ​ធំ​ជាង​គេ។

លោក​វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ «កាល​ពី​ឆ្នាំ ២០១៦ ថវិកា​បាន​ម​កពី​សប្បុរសជន​ក្នុង​ព្រឹត្តិការណ៍​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រើប្រាស់​ថវិកា​ក្នុង​គោលដៅ​មនុស្សធម៌ ដោយ​ទឹក​ប្រាក់​ចំនួន ១៤ ម៉ឺនដុល្លារ បាន​ជូន​ដល់​អង្គការ​សង្គម និង​មន្ទីរពេទ្យ​កុមារ​ចំនួន ៨ ស្ថាប័ន»។

លោក Robert Elliortt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា​រ៉ាប់រង Manulife ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា៖ «ក្នុង​ព្រឹត្តិការណ៍​កីឡា​រត់​ម៉ារ៉ាតុង​ដ៏ធំ​ខាងមុខ​នេះ ក្រុមហ៊ុន​របស់​យើង​ពេញ​ចិត្ត​នឹង​ចូលរួម ដោយ​សោមនស្ស​រីករាយ​ពីព្រោះ​កីឡា​ប្រភេទ​នេះ​ទាក់​ទាញ​អ្នក​ចូល​លេង និង​មក​ទស្សនា​ច្រើន​ជាង​គេ​បំផុត ហើយ​ជា​កីឡា​មួយ​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ និង​គ្រប់​វ័យ​ចូលរួម​សប្បាយ និង​មាន​ឱកាស​ជួយ​សង្គម»។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖ «កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦ ក្រុមហ៊ុន​យើង​បាន​ចំណាយ​ប្រាក់​សម្រាប់​មនុស្សធម៌​ជាង ៣០ ម៉ឺនដុល្លារ ក្នុង​នោះ​សម្រាប់​កម្មវិធី​ពាក់កណ្តាល​ម៉ារ៉ាតុង​ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​ចំនួន ១១ ម៉ឺនដុល្លារ ដែល​បាន​មក​ពី​ការ​រៃអង្គាស​ពី​បុគ្គលិក​សប្បុរសជន ដែល​ចូល​រត់​ម៉ារ៉ាតុង ហើយ​បើ​គិត​ដល់​ឆ្នាំ ២០១៧ នេះ យើង​ចំណាយ​សម្រាប់​មនុស្សធម៌​ជិត ៥០ ម៉ឺនដុល្លារ​ឯណោះ»៕

0

Comments

Please, login or register to post a comment