ភ្នំពេញៈ ក្រុម​ហ្វុតសាល​ប្រចាំ​នៅ​មណ្ឌល​ក្រុង​ព្រះសីហនុ នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា នៅ​លើ​ទីលាន ក្នុង​ក្លិប​កីឡា​ជេក (ផ្លូវ​អូរ ២) នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន ២ ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ ការ​ប្រកួត​ហ្វុតសាល​ដណ្តើម​ពាន​រង្វាន់​ស្ពនស័រ លើក​ទី ៦ ឆ្នាំ ២០១៧ (Sponsor Futsal Cup 2017) នៅ​ភ្នំពេញ នា​ថ្ងៃ​ទី ២០ និង ២១ ខែ​មករា ខាងមុខ​នេះ។

តាម​អ្នកគ្រប់គ្រង​ការ​ប្រកួត Sponsor Futsal Cup នេះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ជម្រុះ​មណ្ឌល​ក្រុង​ព្រះសីហនុ​នេះ មាន​ក្រុម​ដាក់​ពាក្យ​ចូលរួម​ច្រើន ហើយ​ការ​កើន​ឡើង​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​លេខ ២ ឆ្នាំ​ចាស់ តោ​មាស មិន​បាន​ចូលរួម​នៅ​ឆ្នាំ​នេះ​ទេ ព្រោះ​ដាក់​ពាក្យ​ក្រោយ​គេ តែ​ក្រុម​លេខ ១ យុវជន​នគរបាល បាន​ដាក់​ពាក្យ​រួច​រាល់​ហើយ។

លោក​សឹម សាន​ត្រាន តំណាង​ភេសជ្ជៈ​ស្ពនស័រ និង​ជា​អ្នក​គ្រប់គ្រង​ការ​ប្រកួត​នេះ បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ «ក្រុម​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត នៅ​មណ្ឌល​នេះ​មាន​ច្រើន ប៉ុន្តែ​យើង​កំណត់​យក​តែ ៤០ ក្រុម ហើយ​ក្នុង​នោះ​ក្រុម​លេខ ២ ឆ្នាំ​ចាស់ តោ​មាស ក៏​មិន​បាន​ចូលរួម​ប្រកួត នៅ​ឆ្នាំ​នេះ​ដែរ»។

ជាមួយនឹង​ការ​ទទួល​បាន​ក្រុម​ចូលរួម​ចំនួន ៤០ គ្រប់​តាម​ការ​កំណត់​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត បាន​កំណត់​យក​រូបមន្ត​ការ​ប្រកួត​មណ្ឌល ក្រុង​ព្រះសីហនុ​នេះ ដូចគ្នា​ទៅ​នឹង​មណ្ឌល​ភ្នំពេញ កន្លង​មក​នេះ គឺ​ត្រូវ​ចាប់​ឆ្នោត​យក ១៦ ក្រុម​ឲ្យ​ប្រកួត​ជម្រុះ យក​ក្រុម​ឈ្នះ ៨ ឡើង​មក​ប្រកួត​ក្នុង​វគ្គ ៣២ ក្រុម ជាមួយ​ក្រុម​ចំនួន ២៤ ទៀត ដែល​ចាប់​ឆ្នោត ឡើងមក​វគ្គ​នេះ​ដោយ​ស្វ័យប្រវត្តិ។

បើតាម​លោក សឹម សានត្រាន បាន​ឲ្យ​ដឹង​ថា ពិធី​ចាប់​ឆ្នោត នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្លិប​កីឡា​ជេក នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ហើយ​ចាប់​ពី​ការ​ប្រកួត​វគ្គ ៣២ ក្រុម​ទៅ គឺ​ត្រូវ​ប្រកួត​ដោយ​ប្រើ​រូបមន្ត​ចាញ់​ធ្លាក់ៗ រហូត​ដល់​ឃើញ​ក្រុម​ខ្លាំង​ចំនួន ២ ប្រចាំ​មណ្ឌល​នេះ ត្រៀម​ឡើង​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ជាមួយ​ក្រុម​ខ្លាំង​ចំនួន ៨ មក​ពី​មណ្ឌល​ចំនួន ៤ ទៀត​មាន​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប និង​មណ្ឌល​ខេត្ត​ព្រៃវែង ដែល​បាន​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ។

លោក សឹម សាន​ត្រាន បាន​បន្ថែម​ថា៖ «តាម​បទពិសោធ​នៃ​ការ​ប្រកួត​កន្លង​មក គឺ​ក្រុម​ស្ថិត​នៅ​មណ្ឌល​ព្រះសីហនុ​នេះ មាន​កម្រិត​លេង​បាន​ល្អ​ស្មើ​ទៅ​នឹង​មណ្ឌល​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ គុណភាព​លេង​របស់​ក្រុម​នៅ​មណ្ឌល​នេះ អាច​នឹង​មាន​ការ​រីក​ចម្រើន​ជាង​មុន ហើយ​អ្នកគាំទ្រ​ក៏​អាច​ច្រើន​ជាង​មុន​ដែរ ព្រោះ​បច្ចុប្បន្ន ក្រុង​ព្រះសីហនុ មាន​ទីលាន​ប្រកួត​ច្រើន ហើយ​ចំនួន​ក្រុម​ក៏​កើន​ឡើង​ច្រើន ខុស​ពី​ឆ្នាំ​មុន គឺ​ប្រមូល​ទាំងអស់​ប្រចាំ​មណ្ឌល​ព្រះសីហនុ​នេះ បាន​តែ ៣៦ ក្រុម​ទេ»៕