ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួតដណ្តើមពានអន្តរជាតិ «កំពូល អ្នកប្រដាល់កណ្តាប់ដៃដែក ISI PAlM» ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម នឹងចាប់ផ្តើមប្រកួតសន្សំពិន្ទុ នៅលើសង្វៀន CNC នារសៀលថ្ងៃអាទិត្យ ខាងមុខនេះ ដោយក្នុងនោះកីឡាករកម្ពុជា ឆៃ សារ៉ា ត្រូវប៉ះឡាវ ឯ ពុទ្ធ ឆាយរិទ្ធី ត្រូវជួបជើងខ្លាំងរបស់ថៃ។ រីឯ ឡុង សំណាង និង វេង សុភ័ក្រ ក៏ត្រូវដាក់ឲ្យប្រកួតដណ្តើមយកប្រាក់លាន ជាមួយអ្នកប្រយុទ្ធរបស់ថៃ នាល្ងាចថ្ងៃសៅរ៍ លើសង្វៀននេះដែរ។
ការប្រកួតសន្សំពិន្ទុសប្តាហ៍ទី ១ នេះ ឆៃ សារ៉ា ត្រូវជួបអ្នកប្រដាល់របស់ឡាវ Phanchai ដែលមានកម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់ប្រកួត ៧០ ដង ឈ្នះ ៥៥ ចាញ់ ១២ និងស្មើ ៣ ដង។ ប្រវត្តិនេះ គឺតិចជាងកីឡាករកម្ពស់ ១,៧០ ម៉ែត្រ ឆៃ សារ៉ា ដែលធ្លាប់ប្រកួតបាន ៨៣ ដង ឈ្នះ ៦២ ចាញ់ ១៩ និងស្មើ ២ ដង។
យ៉ាងណាក៏ដោយ លោក ធន់ សុភា ដែលជាគ្រូបង្វឹករបស់ ឆៃ សារ៉ា បានប្រាប់ កាលពីថ្ងៃពុធថា ការហ្វឹកហាត់របស់ សារ៉ា មិនសូវបានល្អទេ។ អតីតកីឡាករជើងខ្លាំងរូបនេះ បានបញ្ជាក់ថា៖ «ឆៃ សារ៉ា អត់សូវឃើញមកហាត់ទេ! ខ្ញុំបាន Call ហៅគេឲ្យមកហាត់ដែរ ប៉ុន្តែដោយសារគេទើបប្រកួត កាលពីថ្ងៃអាទិត្យមុននេះ ទើបគេនៅឈឺសាច់ មិនទាន់បានមកហ្វឹកហាត់»។
លោក ធន់ សុភា បានបន្ថែមថា៖ «ការបានឡើងប្រកួតរាល់សប្តាហ៍ អាចនឹងជួយឲ្យ ឆៃ សារ៉ា មានស្ទុះលឿន ប៉ុន្តែការប្រកួតលើកនេះ គឺវាអាស្រ័យទៅលើគេផ្ទាល់ ថារូបគេនឹងប្រឹងប្រែងការប្រកួតបានកម្រិតណា? ព្រោះការហ្វឹកហាត់ មិនបាន គ្រប់គ្រាន់ វាអាចនឹងឲ្យរូបគេមានកម្លាំងមិនពេញ ក៏ថាបាន ហើយគូប្រកួតរបស់គេ ក៏មានសមត្ថភាពមិនអន់នោះដែរ»។
ចំណែកកីឡាករជើងចាស់ ពុទ្ធ ឆាយរិទ្ធី ត្រូវប្រឈមជាមួយជើងខ្លាំងរបស់ថៃ Neungtrakan។ ឆាយរិទ្ធី ចាញ់ប្រៀបថៃម្នាក់នេះទាំងកម្ពស់ និងបទពិសោធប្រកួត ដោយក្នុងនោះ ឆាយរិទ្ធី មានកម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់ប្រកួតបាន ៨៦ ដង ឈ្នះ ៦០ ចាញ់ ២៣ និងស្មើ ៣ ហើយ Neungtrakan មានកម្ពស់ ១,៧២ ម៉ែត្រ ធ្លាប់ប្រកួត ១១០ ដង ឈ្នះ ៩០ ចាញ់ ១៥ និងស្មើ ៥ ដង។
ជាមួយនឹងការចាញ់ប្រៀបនេះ ពុទ្ធ ឆាយរិទ្ធី របស់ក្លិបពុទ្ធសេរីវង្សេពោធិ៍សែនជ័យ អាចនឹងជួបការលំបាកច្រើន ក្នុងការស្វែងរក ៣ ពិន្ទុ ព្រោះ Neungtrakan ជាកីឡាករដែលមានក្បាច់សម្លាប់ល្អ ហើយគេក៏ធ្លាប់ឈ្នះចាញ់ជាមួយម្ចាស់មេដាយមាស ឃីម ឌីម៉ា នៅលើសង្វៀន CNC នេះផងដែរ។
ដោយឡែកកីឡាករកម្ពុជា ឡុង សំណាង និង វេង សុភ័ក្រ ត្រូវបានឲ្យប្រកួតម៉ារ៉ាតុងជាមួយកីឡាករថៃ ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម ដើម្បីដណ្តើមយកប្រាក់លាន ក្នុងកម្មវិធីគោជល់ នាល្ងាចថ្ងៃសៅរ៍ ដោយក្នុងនោះ ឡុង សំណាង ត្រូវជួប Phitnoy ដែលធ្លាប់ប្រកួត ៧៤ ដង ឈ្នះ ៥៦ ចាញ់ ១២ និងស្មើ ៣ ដង ហើយ វេង សុភ័ក្រ ត្រូវប៉ះ Maisut ដែលធ្លាប់ប្រកួត ៨៤ ដង ឈ្នះ ៦២ ចាញ់ ១៩ និងស្មើ ៣ដង។
នៅក្នុងវគ្គជម្រុះនេះ មានការប្រកួតតែ ៣ ទឹកទេ ដោយ ១ ទឹកមាន ៣ នាទី ហើយអ្នកឈ្នះពីការប្រកួតវគ្គនេះនឹងត្រូវឡើងទៅប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រ ក្នុងថ្ងៃជាមួយគ្នានោះតែម្តង ដោយការប្រកួតមាន ៥ ទឹក ( ១ ទឹកមាន ២ នាទី) ដើម្បីរកអ្នកឈ្នះ ដែលត្រូវទទួលបានទឹកប្រាក់ចំនួន ៤ លានរៀល និងអ្នកចាញ់ទទួលបានប្រាក់រង្វាន់ ២ លានរៀលផងដែរ ពីព្រឹត្តិការណ៍នេះ៕