ភ្នំពេញៈ ទិវាជំនួបរវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំកីឡា គ្រូបង្វឹក កីឡាករកីឡាការិនី និងស្ថាប័នពាក់ព័ន្ធវិស័យកីឡា ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ គ្រោងនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ នៅមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងសហព័ន្ធកីឡាជាតិចំនួន ៥២ និងស្ថាប័នដឹកនាំគ្រប់គ្រងកីឡាចំនួន ១៧ បានត្រៀមបញ្ជីឈ្មោះរួចរាល់ហើយ សម្រាប់ជំនួបសំណេះសំណាល និងបាយសាមគ្គី ជាមួយគ្នា ដែលសរុបមានចំនួន ៣៩៩០ នាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ ថា៖ «គណៈកម្មការបានរៀបរយរួចហើយ គឺមានកីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ ចំនួន ២០៩៥ នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន ៥២ និងចំនួន ១៨៩៥ នាក់ មកពីប្រតិបត្តិមន្ត្រីបុគ្គលិក NOCC និងអង្ភភាពពាក់ព័ន្ធចំនួន ១៧ ស្ថាប័ន គឺសរុបមានចំនួន ៣៩៩០ នាក់»។
យ៉ាងណាក៏ដោយ ការទទួលបានឱកាសទៅជួបលោក ហ៊ុន សែន ដោយមានការរៀបចំបាយសាមគ្គី និងបានប្រាក់រង្វាន់ម្នាក់ ១០ ម៉ឺនរៀលនេះ ធ្វើឲ្យមានការថ្នាំងថ្នាក់ដល់អ្នក ដែលមិនបានចូលរួម។ អ្នកស្រី ឡុង រ៉ាវី ប្រធានក្លិបកីឡាគុនខ្មែរឈ្មោះខ្លារខិន បាននិយាយថា៖ «សហព័ន្ធប្រដាល់គុនខ្មែរ ផ្តល់ឱកាសឲ្យកីឡាករមិនគ្រប់គ្នាទេ គឺមាននិយមបក្ខពួក ព្រោះមានកីឡាករឆ្នើម និងគ្រូបង្វឹកខ្លះ មិនត្រូវគេដាក់ឈ្មោះទៅនោះទេ»។
ដូចគ្នានេះដែរ លោក ម៉ៃ សុភា គ្រូបង្វឹកកីឡាប្រដាល់មកពីក្លិបយុវជនច្បារអំពៅ និយាយថា៖ «អត្ថន័យធំ នាជំនួបរបស់សម្តេច ហ៊ុន សែនគឺកីឡាករ និងគ្រូបង្វឹក ប៉ុន្តែកីឡាករខ្លះ និងគ្រូខ្លះ ដូចរូបខ្ញុំ ជាដើម គឺគ្មានឈ្មោះនៅក្នុងបញ្ជីសហព័ន្ធកីឡាប្រដាល់ទេ ប៉ុន្តែកន្លងមកខ្ញុំមានឱកាសទៅចូលរួមបាន ដោយសារចុះឈ្មោះក្នុងសហព័ន្ធកីឡាផ្សេងទៅវិញ»៕