ភ្នំពេញ: អ្នក​ប្រយុទ្ធ​កម្ពុជា មាស ម៉ើ នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី ៣ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​វាយ​ដាក់​ទ្រុង​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គភាព​រៀបចំ​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ (MMA) ឈាន​មុខ​គេ​ប្រចាំ​ទ្វីប​អាស៊ី ONE Championship (ONE) នៅ​ពេល​ដែល​រូបគេ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ហ្វីលីពីន នៅ​ចុង​ខែ​នេះ។

កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​នឹង​កីឡាករ​ម្ចាស់ផ្ទះ​ពោរ​ពេញ​ដោយ​បទពិសោធ Edward “The Ferocious” Kelly ក្នុង​ទម្ងន់​ចន្លោះ​ពី ៦៥,៩ ដល់ ៧០,៣ គីឡូក្រាម នា​ព្រឹត្តិការណ៍ ONE: GLOBAL SUPERHEROES នៅ​សង្វៀន Mall of Asia Arena ក្នុង​ទីក្រុង​ម៉ានីល នៅ​ថ្ងៃ​សុក្រ ទី ២៦ ខែ​មករា ខាងមុខ។

មាស ម៉ើ មាន​កំណត់​ត្រា​ក្នុង​យុទ្ធគុន​ចម្រុះ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​រូបគេ​បាន​កត់ត្រា​ជ័យជម្នះ​ក្នុងការ​ប្រកួត​អាជីព​ដល់​ទៅ ៦ លើក មិន​ដែល​ចាញ់ ហើយ​រូបគេ​បាន​ធ្វើការ​បង្ហាញ​ខ្លួន​ជា​លើក​ទី ១ របស់​គេ​ក្នុង ONE Championship កាល​ពី​ឆ្នាំ ២០១៤ ដែល​នៅ​ពេល​នោះ​រូបគេ​បាន​យក​ឈ្នះ​លើ​កីឡាករ​ចាន់ ហេង តាមរយៈ​ការ​ប្រើប្រាស់​ស្នៀត​ក្លេ​បំពង់​ខ្យល់​ក្នុង​ទឹក​ទី ១។

អតីត​ម្ចាស់​ខ្សែក្រវាត់ KW 2 Champion រូបនេះ បង្ហាញ​ពី​ការ​ដណ្តើម​បាន​ជ័យជម្នះ​ម្តង​ទៀត ក្នុង​ការ​ប្រកួត​មួយ​ផ្សេង​ទៀត​របស់ ONE នៅ​រោង​មហោស្រព​កោះពេជ្រ តាមរយៈ​ការ​យក​ឈ្នះ​លើ​កីឡាករ​ចាន់ សំអាត កាល​ពី​ឆ្នាំ ២០១៥ ដោយ​ការ​វាយ​ឲ្យ​ដៃគូ​សន្លប់​ក្នុង​ទឹក​ទី ១។

ប៉ុន្តែ ទោះបី​មាន​ស្នៀត​ប្រយុទ្ធ​ទាំង​យុទ្ធគុន​ចម្រុះ និង​គុន​ខ្មែរ​ដ៏គួរ​ឲ្យ​កត់​សម្គាល់​ក៏ដោយ ប៉ុន្តែ មាស ម៉ើ នឹង​ត្រូវ​ជួប​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ ព្រោះ Kelly ជា​កីឡាករ​ពោរ​ពេញ​ដោយ​បទពិសោធ​ម្នាក់។

កីឡាករ​របស់​ហ្វីលីពីន​វ័យ ៣៣ ឆ្នាំ​រូបនេះ ជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់ ៧០,៣ កីឡូក្រាម ខណៈ​ដែល​រូបគេ​មាន​ទេពកោសល្យ​ទៅ​លើ​ផ្នែក​ប្រើប្រាស់​ស្នៀត​ក្លេ និង​ស្នៀត​ប្រដាល់។ Kelly មាន​កំណត់​ត្រា​ឈ្នះ​ដល់​ទៅ ៩ លើក និង​ចាញ់​តែ ៤ លើក​គត់ ខណៈដែល​ការ​ប្រកួត​របស់​គេ​ភាគ​ច្រើន​បាន​កើត​ឡើង​ក្នុង​ព្រឹត្តិការណ៍​របស់ ONE Championship។

ស្របពេល​ជាមួយគ្នានេះ Geje “Gravity” Eustaquio សញ្ជាតិ​ហ្វីលីពីន នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡាករ Kairat Akhmetov របស់​កាហ្សាក់ស្ថាន ក្នុងការ​ប្រកួត​គូឯក​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ដែល​នៅ​ទំនេរ​របស់ ONE ក្នុង​ទម្ងន់ ៦១,២ គីឡូក្រាម។

Eustaquio គឺជា​កីឡាករ​យុទ្ធគុន​ចម្រុះ​ជើង​ខ្លាំង​ម្នាក់ ខណៈ​ដែល​ក្រៅ​ពី​ជា​អ្នក​ប្រយុទ្ធ​ក្នុង​កីឡា​វ៉ូស៊ូ រូបគេ​ក៏មាន​ទេពកោសល្យ​ទៅ​លើ​ផ្នែក​ប្រដាល់​ផងដែរ ហើយ​រូបគេ​មាន​កំណត់​ត្រា​ឈ្នះ​ដល់​ទៅ ៩ លើក និង​ចាញ់ ៦ លើក។

ដោយ​ឡែក Akhmetov ដែល​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​នេះ គឺជា​អ្នក​ប្រយុទ្ធ​ជើងចាស់​ម្នាក់ ខណៈ​ដែល​កីឡាករ​វ័យ ៣០ ឆ្នាំ​រូបនេះ មាន​កំណត់​ត្រា​ឈ្នះ​ដល់​ទៅ ២៤ លើក និង​ចាញ់​តែ ១ លើក​គត់​ក្នុង​អាជីព MMA ដ៏​ជោគជ័យ​របស់​គេ។

នេះ​នឹង​ក្លាយជា​ការ​ប្រកួត​សងសឹក​មួយ ខណៈ​កីឡាករ​ទាំង​ពីរ​បាន​ជួបគ្នា​រួច​ជា​ស្រេច​កាល​ពី​ឆ្នាំ ២០១៧ ដែល​នៅ​ពេល​នោះ​កីឡាករ Eustaquio បាន​ចាញ់ Akhmetov ដោយ​ពិន្ទុ​ទាំង​ប្រផិត​ប្រផើយ។

ក្នុងការ​ប្រកួត​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត តារា​ឆ្នើម​ទើប​តែ​រះ Joshua Pacio វ័យ ២២ ឆ្នាំ របស់​ហ្វីលីពីន ក៏​ត្រៀម​ផ្តល់​ភាព​រំភើប​ដល់​អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ​របស់​ខ្លួន​ផងដែរ នៅ​ពេល​ដែល​រូបគេ​ធ្វើ​ដំណើរ​ទៅ​កាន់​សង្វៀន​ដាក់​ទ្រុង​ដើម្បី​ជួប​ជាមួយ​នឹង​ជើង​ខ្លាំង​ថៃ Pongsiri Mitsatit វ័យ ២១ ឆ្នាំ ក្នុង​ទម្ងន់ ៥៦,៧ គីឡូក្រាម។

ONE បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​យុទ្ធនាការ​ជា​លើក​ទី ២ ក្នុង​ឆ្នាំ ២០១៨ បន្ទាប់​ពី​ព្រឹត្តិការណ៍​បើក​ឆាក​នៅ​ឥណ្ឌូនេស៊ី៕