ភ្នំពេញ: ការ​ប្រកួត​ជម្រុះ​រក​បេក្ខជន​ស្តេច​អុក​ឆ្នាំ ២០១៨ នៅ​មណ្ឌល​កំពង់ស្ពឺ បាន​រក​ឃើញ​អ្នក​ឈ្នះ​ចំនួន ៣ នាក់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី ២៥ ខែ​កុម្ភៈ​ឆ្នាំ ២០១៨ ក្នុង​នោះ​ស្តេច​អុក​ចត្រង្គ​ប្រចាំ​ឆ្នាំ ២០១៧ ហេង សៅឌី ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ប្រចាំ​មណ្ឌល​នោះ។

លោក ឈាវ បូរ៉ា ជា​អគ្គលេ​ខាធិការ​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា និង​ជា​ម្ចាស់​ស្តេច​អុក ២ សម័យ​កាល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «មណ្ឌល​កំពង់ស្ពឺ​មាន​ខេត្ត​ចំនួន ៤ ចូលរួម​ប្រកួត​គឺ​មក​ពី​កំពង់ស្ពឺ​ចំនួន ២ នាក់ មក​ពី​ខេត្ត​កណ្តាល​ចំនួន ១០ នាក់ មក​ពី​ខេត្ត​តាកែវ​ចំនួន ១ នាក់ និង​មក​ពី​ខេត្ត​កំពង់ឆ្នាំង​ចំនួន ២ នាក់»។

លោក​ឈាវ បូរ៉ា បាន​បន្តថា៖ «ការ​ប្រកួត​ប្រជែង​វគ្គ​ជម្រុះ​តាម​រូបមន្ត​វិលជុំ ដែល​បាន​ឯកភាព​គ្នា​នោះ ជ្រើស​រើស​បាន​បេក្ខភាព​ចំនួន ៣ នាក់​ចាប់​ពី​លេខ ១ ដល់​លេខ ៣ ក្នុង​នោះ​ជើង​ឯក​ស្តេច​អុក​ចត្រង្គ​គ្រង​ឆ្នាំ ២០១៧ ជាប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ២ បន្ទាប់​ពី​ចាញ់​កីឡាករ​ស៊ីវ សិន មក​ពី​ខេត្ត​តាកែវ»។

ក្នុងការ​ប្រកួត​មណ្ឌល​កំពង់​ស្ពី ដែលមាន​បេក្ខជន​ចូលរួម​​ប្រកួត​ប្រជែង​ចំនួន ១៥ នាក់​នោះ ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​លើ​កីឡាករ​ស៊ីវ សិន មក​ពី​ខេត្ត​តាកែវ។ ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​ស្តេច​អុក​ចត្រង្គ​ឆ្នាំ ២០១៧ ហេង សៅឌី មក​ពី​ខេត្ត​កណ្តាល និង​ចំណាត់​ថ្នាក់​លេខ ៣ បាន​ទៅ​កីឡាករ​មាស សិភត្តិ មក​ពី​ខេត្ត​កណ្តាល។

លោក​គ្រួច ចន្ថារិទ្ធ គណៈកម្មការ​រៀបចំ បាន​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​នឹង​បន្ត​ទៅ​មណ្ឌល​ខេត្ត​កំពង់ចាម មាន​បេក្ខជន ១២ នាក់ មណ្ឌល​ខេត្ត​បាត់ដំបង មាន​បេក្ខជន មាន ១៦ នាក់ មណ្ឌល​ខេត្ត​សៀមរាប មាន​បេក្ខជន ១៥ នាក់ មណ្ឌល​ខេត្ត​ក្រចេះ មាន​បេក្ខជន ៦ នាក់ ហើយ​ចុង​ក្រោយ​ត្រឡប់​មក​មណ្ឌល​ភ្នំពេញ​វិញ ដែល​ជា​មណ្ឌល​ចុង​ក្រោយ មាន​បេក្ខជន ៦៧ នាក់»។

លោក​គ្រួច ចន្ថា​រិ​ទ្ធ បាន​បញ្ជាក់​ថា៖ «រូបមន្ត​ប្រកួត ត្រូវធ្វើ​ដូចគ្នា​ទាំងអស់​គ្រប់​មណ្ឌល ប៉ុន្តែ​មាន​ការ​សំណូមពរ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឲ្យ​ជ្រើស​រើស​យក​បេក្ខជន​ចំនួន ៦ នាក់​នៅ​មណ្ឌល​ភ្នំពេញ ព្រោះ​មណ្ឌល​ភ្នំពេញ មាន​បេក្ខភាព​ចូល​រួម ៦៧ នាក់ និង​ប្រជុំ​សុទ្ធ​តែ​ជើង​ខ្លាំង»៕