ភ្នំពេញៈ ការប្រកួតជម្រុះកីឡាអុកចត្រង្គ ប្រចាំមណ្ឌលខេត្តព្រះសីហនុ ដែលមានបេក្ខជនកីឡាអុកចត្រង្គមកពីខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ចូលរួមនោះ បានរកឃើញអ្នកឈ្នះចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ ដើម្បីត្រៀមឡើងមកប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៨ ជាផ្លូវការហើយ ប៉ុន្តែមណ្ឌលចំនួន ៦ ទៀត នៅមិនទាន់បើកការប្រកួត និងរកឃើញអ្នកខ្លាំងនៅឡើយទេ។
ទាក់ទងនឹងការប្រកួតប្រចាំមណ្ឌលខេត្តព្រះសីហនុនេះ លោក គ្រួច ចន្ថារិទ្ធ គណៈកម្មការរៀបចំការប្រកួតអុកចត្រង្គរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ប្រាប់ថា ឆ្លងតាមរយៈការប្រកួតប្រជែងតាមរូបមន្តជម្រុះវិលជុំ មានចំនួន ៧ ប្រកួតនោះ យើងទទួលបានលទ្ធផលជាផ្លូវការ គឺចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករ ម៉ម ស៊ីថា មានស្រុកកំណើតមកពីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមានមុខរបរជាស្ថាបត្យករ។
លោកបន្តថា ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាករ សុខ សំបូរ មានលំនៅបច្ចុប្បន្ននៅក្រុងកំពត ខេត្តកំពត មានមុខរបរជាគ្រូពេទ្យ ហើយលេខ ៣ បានទៅ ឃឹម ឃឹម មានទីលំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានមុខរបរ ជាអ្នករកស៊ី។
សម្រាប់ការប្រកួតនៅមណ្ឌលជាបន្តទៀត លោក ឈាវ បូរ៉ា ជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានប្រាប់កាលពីថ្ងៃពុធ ថា៖ «ក្រោយពីការបញ្ចប់ការប្រកួតនៅមណ្ឌល ខេត្តព្រះសីហនុនេះ គឺនៅថ្ងៃទី ២៥ ខែកុម្ភៈ ខាងមុខនេះ គណៈកម្មការបច្ចេកទេសរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នឹងធ្វើដំណើរទៅបើកការប្រកួតនៅមណ្ឌលខេត្តកំពង់ស្ពឺ ដែលមានបេក្ខជនមកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ចូលរួម ដើម្បីប្រជែងកៅអីប្រចាំ មណ្ឌលនេះ»។
បើតាមមន្ត្រីរៀបចំការប្រកួតរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានឲ្យដឹងថា មណ្ឌលខេត្តកំពង់ស្ពឺនេះ មានបេក្ខជនបានចុះឈ្មោះចូលរួមប្រកួត ចំនួន ១៣ នាក់ហើយ ចំណែកមណ្ឌលចំនួន ៥ ទៀត ដែលត្រូវប្រកួតជម្រុះជាបន្តបន្ទាប់គ្នានោះ មានមណ្ឌលខេត្តកំពង់ចាម មណ្ឌលខេត្តបាត់ដំបង មណ្ឌលខេត្តសៀមរាប មណ្ឌលខេត្តក្រចេះ និងមណ្ឌលភ្នំពេញ។
នៅតាមមណ្ឌលទាំង ៧ នេះ គណៈកម្មការកំណត់យក ១ មណ្ឌលតែ ៣ នាក់ទេ លើកលែងតែមណ្ឌលភ្នំពេញ ដែលអាចយកច្រើនជាង ៣ នាក់ សម្រាប់ឡើងទៅប្រកួតកីឡាអុកចត្រង្គជើងឯកថ្នាក់ជាតិ រួចបន្តយកជើងខ្លាំង ៨ នាក់ ដែលឈ្នះការប្រកួតថ្នាក់ជាតិ ឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ ដណ្តើមយកតំណែងស្តេចអុកចត្រង្គ ឆ្នាំ ២០១៨ ដែលនឹងធ្វើនៅមហាសង្ក្រាន្ត មុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕