ភ្នំពេញ: ការ​ប្រកួត​ជម្រុះ​រក​បេក្ខជន​ស្តេច​អុក​ឆ្នាំ ២០១៨ នៅ​មណ្ឌល​សៀមរាប បាន​រក​ឃើញ​អ្នក​ឈ្នះ​ចំនួន ៣ នាក់ ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី ១៨ ខែ​មីនា ឆ្នាំ ២០១៨ ក្នុង​នោះ​រក​ឃើញ​បេក្ខជន​ស្តេច​អុក​ចំនួន ៣ នាក់​នៅ​មណ្ឌល​សៀមរាប ក្រោយ​ពី​ការ​ប្រកួត​ជម្រុះ​តាម​រូបមន្ត​ពេញ​មួយ​ថ្ងៃ​រួច​មក។

លោក ឈាវ បូរ៉ា ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា និង​ជា​ម្ចាស់​ស្តេច​អុក ២ សម័យ​កាល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «មណ្ឌល​សៀមរាប​មាន​ខេត្ត ៥ រួម​មាន​សៀមរាប បន្ទាយ​មានជ័យ ឧត្តរមានជ័យ កំពង់ធំ និង​ព្រះវិហារ»។

លោក​បាន​ប្រាប់​បន្តថា៖ «ប៉ុន្តែ​វត្តមាន​ប្រកួត​ជាក់ស្តែង​មាន​តែ ២ ខេត្ត​ប៉ុណ្ណោះ ដែល​មក​ប្រកួត​ប្រជែង​គឺ​ខេត្ត​សៀមរាប មាន​ចំនួន ២១ នាក់ និង​ខេត្ត​បន្ទាយ​មានជ័យ​ចំនួន ៤ នាក់ ខណៈ​ខេត្ត ៣ ទៀត​មិន​ហ៊ាន​ដាក់​បេក្ខជន​មក​ប្រកួត​នោះ​ទេ»។

លោក​ឈាវ បូរ៉ា បាន​បន្តថា៖ «ការ​ប្រកួត​ប្រជែង​វគ្គ​ជម្រុះ​តាម​រូបមន្ត​វិលជុំ ដែល​បាន​ឯកភាព​គ្នា​នោះ ត្រូវ​ជ្រើស​យក​បេក្ខភាព​ចំនួន ៣ នាក់ ចាប់​ពី​លេខ ១ ដល់​លេខ ៣ ក្នុង​នោះ បេក្ខជន​ជាប់​ចំណាត់​ថ្នាក់​សុទ្ធ​តែ​ថ្មី»។

លទ្ធផល​ផ្លូវការ​ពី​គណៈ​កម្មការ​ប្រកួត​កាលពី​ថ្ងៃ អាទិត្យ ២ កើត ខែ​ចេត្រ នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ ២០១៨ នៅ​សម្រាប់​មណ្ឌល​សៀមរាប ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​លើ​កីឡាករ​ជា ស៊ីដេត មក​ពី​ខេត្ត​បន្ទាយ​មានជ័យ។ ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​លើ​កីឡាករ ជៀក ផល្លី មក​ពី​ខេត្ត​សៀមរាប និង​ចំណាត់​ថ្នាក់​លេខ ៣ បាន​ទៅ​លើ​កីឡាករ អេង សេង​ហៀក មក​ពី​ខេត្ត​សៀមរាប។

លោក​គ្រួច ចន្ថារិទ្ធ គណៈ​កម្មការ​បច្ចេកទេស​ប្រកួត បាន​ឲ្យ​ដឹង​ថា៖ «ក្រោយ​ការ​ជ្រើស​រើស​ទាំង ៧ មណ្ឌល​ទូទាំង​ប្រទេស ដែល​មាន​មួយ​មណ្ឌល កីឡាករ​សរុប ២៤ នាក់​នេះ នឹង​ត្រូវ​ទៅ​ជួប​ប្រកួត​គ្នា​ថ្នាក់​ជាតិ​នៅ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុង​ពេល​ខាង​មុខ ដើម្បី​ចម្រាញ់​យក ៨ នាក់​ទៅ​ប្រកួត​ជម្រុះ​វគ្គ ៣ បន្ត​នៅ​មហា​សង្គ្រាន្ត ខេត្ត​សៀមរាប មុខ​ប្រសាទ​អង្គរ​នា​ថ្ងៃ​ចូល​ឆ្នាំ ដើម្បី​រក​ជើង​ខ្លាំង​ស្តេច​អុក​ប្រចាំ​ឆ្នាំ ២០១៨ តែ​ម្តង»៕