Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋបាល​កីឡា ផ្តល់នូវ​វគ្គ​បំប៉ន​ជូន​មន្ត្រី​ពាក់ព័ន្ធ​ជិត ១០០ នាក់

Content image - Phnom Penh Post
លោក​វ៉ាត់ ចំរើន (កណ្តាល) និង​លោក Ken Gadaffi (ស្តាំ) ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​។ ស្រេង ម៉េងស្រ៊ុន

រដ្ឋបាល​កីឡា ផ្តល់នូវ​វគ្គ​បំប៉ន​ជូន​មន្ត្រី​ពាក់ព័ន្ធ​ជិត ១០០ នាក់

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​អង្គការ​សាមគ្គី​អូឡាំពិក (OS) បាន​បើក​សិក្ខាសាលា​ផ្តល់​ជូន​មន្ត្រី​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​កីឡា​ជិត ១០០ នាក់​មក​ពី ២១ សហព័ន្ធ​ជាតិ និង​ស្ថាប័ន​កីឡា ក៏ដូចជា​អ្នក​យក​ព័ត៌មាន​ផ្នែក​កីឡា​ចំនួន ៤១ នាក់​ផងដែរ។

សិក្ខាសាលា​នេះ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ចាប់​ពី​ថ្ងៃ ១១ ដល់​ទី ១៤ ខែ​តុលា ឆ្នាំ ២០១៧ ដោយ​មាន​វាគ្មិន​ជំនាញ​សំខាន់ៗ​ដូចជា​លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក Ken Gadaffi ទីប្រឹក្សា​អម NOCC លោក​ជា ច័ន្ទ​បរិបូណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន វេជ្ជបណ្ឌិត​ស្តើង ជា អនុគណៈកម្មការ​សុខាភិបាល​អម NOCC លោក​ច័ន្ទ សំណព្វ អ្នកជំនាញ​អក្សរសាស្ត្រ​មកពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើបទ​បង្ហាញជូន​សិក្ខាកាម។

លោក​វ៉ាត់ ចំរើន មាន​ប្រសាសន៍​ថា៖ «វគ្គ​សិក្ខាសាលា​នេះ​ជា​កម្មវិធី​ប្រចាំ​ឆ្នាំ​មួយ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​កម្មវិធី​នេះជា​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​ថោង ខុន ប្រធាន NOCC ព្រមទាំង​មានការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អ្នកជំនាញ​ជាច្រើន ដែល​នឹង​ផ្តល់​ជូន​ដល់​សិក្ខាកាម​នូវ​សារៈ​សំខាន់ៗ ដើម្បី​អភិវឌ្ឍ​ក្នុង​វិស័យ​កីឡា ក្នុង​នោះ​មាន​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកទេស សុខភាព តម្លាភាព ការគ្រប់គ្រង​សហព័ន្ធ​កីឡា​ជាតិ ភាព​ជាអ្នក​ដឹកនាំ ព្រមទាំង​ប្រភព​ចំណូល និង​ចំណាយ​ឲ្យ​មាន​តម្លាភាព​ដល់​ម្ចាស់​ជំនួយ»។

យោងតាម​កម្មវិធីសិក្សា​នូវ​មេរៀន​សំខាន់ៗ​ចំនួន ៣ ថ្ងៃ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នោះ គឺ​នៅ​ថ្ងៃទី ១ លោក វ៉ាត់ ចំរើន ឡើង​ធ្វើ​វាគ្មិន​ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​សហព័ន្ធ​កីឡា​ជាតិ និង​បទដ្ឋាន​កីឡា​ផ្សេងៗ ព្រមទាំង​ភាពជា​អ្នកដឹកនាំ។

លោក Ken Gadaffi ឡើង​ធ្វើ​វាគ្មិន​ពី​រចនាសម្ព័ន្ធ​កីឡា និង​អភិបាលកិច្ច​ល្អ ហើយ​លោក ច័ន្ទ​បរិបូណ៍ ឡើង​ធ្វើ​វាគ្មិន​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ពិសេស​ផ្តោត​ទៅ​លើ​អ្នកព័ត៌មាន​កីឡា។

ចំណែក​ថ្ងៃទី ២ តំណាង​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ឡើង​ធ្វើបទ​បង្ហាញ​ពី​នីតិវិធី និង​យន្តការ​ហិរញ្ញប្បទាន និង​យន្តការ​គ្រប់គ្រង​សាច់​ប្រាក់​ដល់​សហព័ន្ធ​កីឡា​ជាតិ។ នៅ​ថ្ងៃទី ៣ លោក​វេជ្ជបណ្ឌិត​ស្តើង ជា ឡើង​ធ្វើ​បទ​បង្ហាញ​ពីការ​ប្រើប្រាស់ និង​ការហាម​ឃាត់​នៃការ​ប្រើប្រាស់​សារធាតុ​ជំនួយ​កម្លាំង (Doping)។

នៅ​ក្នុង​ថ្ងៃ​បើក​សិក្សា​សាលា​ថ្ងៃ​ដំបូង​លោក​វ៉ាត់ ចំរើន បាន​បើក​ឲ្យ​មាន​វេទិកា​លើក​ជា​យោបល់​ពី​សិក្ខាកាម​ទាំងអស់​ដើម្បី​គ្រោង​បង្កើត​ឲ្យ​មាន​ស្ថាប័ន​សុខភាព​មួយ​ដើម្បី​ថែទាំ និង​ព្យាបាល​កីឡាករ-កីឡាការិនី​កម្រិត​ខ្ពស់ ខណៈ​ដែល​សិក្ខាកាម​ទាំងអស់​បាន​មាន​មតិ​គាំទ្រ​នូវ​គំនិត​ថ្មី​នេះ៕

0

Comments

Please, login or register to post a comment