ឥណ្ឌូនេស៊ី៖ កីឡាករ​កម្ពុជា រិន សារ័ត្ន បាន​បង្ហាញ​ពី​ភាព​ជឿ​ជាក់ ក្នុងការ​ប្រើ​ក្បច់​ក្លេ យក​ឈ្នះ​លើ​អ្នក​ប្រយុទ្ធ​របស់​ ឥណ្ឌូនេស៊ី Sunoto Peringkat ដើម្បី​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ​ពី​ភាព​​ខ្លាំង​របស់​ក្បាច់​គុនខ្មែរ ក្នុងការ​ប្រកួត​យុទ្ធគុន​ចម្រុ (MMA) នៃ​ព្រឹត្តិការណ៍ ONE: Kings Of Courage ដែល​នឹង​ត្រូវ​ធ្វើ នៅ​ប្រទេស​ ឥណ្ឌូនេស៊ី នា​យប់​​ថ្ងៃ​សៅរ៍ ស្អែក​នេះ ប៉ុន្តែ Sunoto ក៏​បាន​ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌូនេស៊ី មាន​ការ​ភ្ញាក់​ផ្អើល ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​គេ​ផងដែរ។

ការ​សម្រេច​ដាក់​ឲ្យ​កីឡាការិនី Tiffany Teo មក​ពី​សិង្ហបុរី ប្រកួត​ដណ្តើម​យក​ខ្សែ​ក្រវាត់​ពិភព​លោក ផ្នែក​នារី ក្នុង​ទម្ងន់​ចន្លោះ​ពី​ ៥២,៣ ទៅ ៥៦,៧ ​គីឡូក្រាម ជាមួយ​​កីឡាការីនី​ជើង​ខ្លាំង​របស់​ចិន Jing Nan Xiong វា​បាន​ធ្វើ​ឲ្យ​​ការ​ប្រកួត ONE: King Of Courage ក្លាយ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថ្មី​មួយ​ទៀត ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​លើ​កកម្ពស់​នារី ក្នុង​ការ​ប្រកួត MMA នេះ ហើយ​លោក Chatri Sityodtong ជា CEO របស់ ONE Championship បាន​បញ្ជាក់​ថា ដើម្បី​ធ្វើ​ឲ្យ​ ONE Championship ឆ្ពោះ​ទៅ​រក​ភាព​ល្បី​ល្បាញ នៅ​ទូទាំង​ពិភព​លោក។

ចំណែក ការ​ជួប​គ្នា​រវាង​កីឡាករ​កម្ពុជា រិន សារ័ត្ន និង​កីឡាករ​ម្ចាស់​ផ្ទះ Sunoto បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ​ចំពោះ​ប្រជាជន​ឥណ្ឌូនេស៊ី ក្នុង​ចំណោម​គូ​ប្រកួត​ទាំង ១០ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: King Of Courage នៅ​ទីក្រុង Jakarta នេះ ព្រោះ​អ្នក​ទាំង​ ២ ​នេះ សុទ្ធតែ​បាន​អះអាង​ពី​ការ​ប្តេជ្ញា​ចិត្ត ដើម្បី​លើក​មុខ​មាត់​ក្បាច់​គុន​ឲ្យ​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន។

កីឡាករ Sunoto ដែល​ធ្លាប់​បាន​ផ្តួលអ្នក​ប្រដាល់​ចាស់​វស្សា​របស់​ កម្ពុជា ចាន់ ហេង ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​ ១ ក្នុង​ការ​ប្រកួត ONE Championship នៅ​ក្រុង Jakarta ប្រទេស ឥណ្ឌូនេស៊ី​នេះ កាល​ពី​ខែ មករា ឆ្នាំ​ ២០១៧ បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​ប្រើ​បច្ចេក​ទេស ដែល​ខ្ញុំ​មាន ដើម្បី​បង្ហាញ​ដល់​អ្នក​ទាំងអស់​គ្នា ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ខ្ញុំ​នឹង​ព្យាយាម​យក​ឈ្នះ រិន សារ័ត្ន ដើម្បី​មុខ​មាត់​របស់​ប្រជាជន​នៅ​ឥណ្ឌូនេស៊ី»។

កីឡាការិនី​របស់​សិង្ហបុរី (ឆ្វេង) Tiffany Teo ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជាមួយ​នារី​ជើង​ខ្លាង​មក​ពី​ចិន Jin Nan Xiong។ រូបថត ឈន ណន

ការ​ប្តេជ្ញា​ចិត្ត​របស់ Sunoto បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​មន្រ្តី​កីឡា​របស់​ ឥណ្ឌូនេស៊ី ដែល​បាន​ចូល​រួម ក្នុង​សន្និសីទ​កាសែត​ស្តីពី​ការ​ប្រកួត ONE: King Of Courange នៅ​ទីក្រុង Jakarta កាល​ពី​ល្ងាច​ថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​រំពឹង​ថា Sunoto នឹង​អាច​ផ្តួល រិន សារ័ត្ន ​បាន​ដូច​ការ​ប្តេជ្ញា​ចិត្ត​របស់​គេ។

យ៉ាង​ណា​ក៏​ដោយ ចំពោះ រិន សារ័ត្ន ​ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការ​ប្តេជ្ញា​ចិត្ត​របស់ Sunoto ផង​ដែរ។

រិន សារ័ត្ន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​សន្និសីទ កាសែត​ថា៖ «គេ​ប្តេជ្ញា​ចិត្ត​យក​ឈ្នះ​ខ្ញុំ ដើម្បី​ប្រជាជន​របស់​គេ ចំណែក​ខ្ញុំ​ក៏​នឹង​ប្រឹងប្រែង ផ្តួល​រូប​គេ ដើម្បី​ប្រជាជន​កម្ពុជា និង​ផ្សព្វផ្សាយ​ក្បាច់​គុន​ខ្មែរ ឲ្យ​ពិភព​លោក​បាន​ឃើញ​ផង​ដែរ»។

ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​នេះ រិន សារ័ត្ន បាន​បន្ថែម​ថា៖​ «កីឡាករ​របស់​ឥណ្ឌូនេស៊ី ម្នាក់​នេះ គេល្អ​ចាប់ និង​​ពូកែក្លេ​ជើង​ក្រោម ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ហ្វឹក​ហាត់ ដើម្បី​ទប់​ទល់​ក្បាច់​សម្លាប់​របស់​គេ​​ដែរ ហើយ​ខ្ញុំ​នឹង​ប្រើ​ក្បាច់​ក្លេ​សង​ទៅ​លើ​គេ​វិញ»។

ទាក់​ទងទៅ​នឹង​គម្រោង​ប្រើ​ក្បាច់​ក្លេ ចង់​ផ្តួល Sunoto នេះ រិន សារ័ត្ន បាន​បញ្ជាក់​ថា៖ «ច្បាស់​ណាស់ គេ​នឹង​ចូល​ចាប់​ក្រោម ដើម្បី​ផ្តួល​ខ្ញុំ រួច​វ៉ៃ​ប្រហារ​មកលើ​ខ្ញុំ ប៉ុន្តែ​គាត់​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​ជាមួយ​ក្បាច់ក្លេ​របស់​ខ្ញុំ នោះ​ទេ ហេតុនេះ​ខ្ញុំ​នឹង​ប្រើ​ក្បាច់​ក្លេ​សង​ទៅ​លើ​គាត់​វិញ ដើម្បី​យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ម្នាក់​នេះ គឺ​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពីសមត្ថភាព ហើយ​ខ្ញុំ​មាន​សង្ឃឹម​ ៧០ ​ភាគរយ​ថា ខ្ញុំ​នឹង​ធ្វើ​បាន​ ដើម្បី​យក​ឈ្នះ​លើ​គាត់»៕