ភ្នំពេញ: រឿង សោភ័ណ្ឌ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​ថា ទិត្យ សោភ័ណ្ឌ បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​មួយ​ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ប្រដាល់​ថៃហ្វៃ នៅ​ទីក្រុង​បាងកក​មួយ​លើក និង​ចេញ​ទៅ​ប្រកួត​ថ្នាក់​អាស៊ី-អីរ៉ុប នៅ​ប្រទេស​បារាំង​ចំនួន ៣ លើក ក្នុង​រយៈពេល ៣ ខែ។

នេះ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រប់គ្រង​របស់​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ដែលជា​ក្លិប​របស់​រឿង សោភ័ណ្ឌ។ ការ​ចុះ​កុងត្រា​ប្រកួត​នេះ​បាន​កើត​ឡើង ក្រោយ​ពី​អ្នក​លេង​កណ្តាប់ដៃ សោភ័ណ្ឌ បាន​ឈ្នះ​ខ្សែក្រវាត់​គោជល់ លើក​ទី ៨ នៃ​សង្វៀន CNC កាល​ពី​​ខែ​មករា ឆ្នាំ ២០១៨ កន្លង​មក ដែល​ជា​ខ្សែក្រវាត់​ទី ៦ ក្នុង​អាជីព​ប្រដាល់​រយៈពេល​ត្រឹម​ជាង ១០ ឆ្នាំ​របស់​គេ។

រឿង សោភ័ណ្ឌ បានឈ្នះ​ខ្សែក្រវាត់​ចុងក្រោយ​របស់​គេ កាល​ពី​ខែ​មករា ឆ្នាំ ២០១៨ ព្រឹត្តិការណ៍​ភេសជ្ជៈ​គោជល់ ទម្ងន់ ៦៩ គីឡូក្រាម នៅ​សង្វៀន CNC ដែល​អម​ដោយ​ទឹក​ប្រាក់​ចំនួន ៥០០០ ដុល្លារ​អាមេរិក ផង​ដែរ។

រឿង សោភ័ណ្ឌ បានផ្តល់​សម្ភាស​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​បាន​ជាប់​កិច្ច​សន្យា​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ចំនួន ៣ ប្រទេស​គឺ​ប្រកួត​នៅ​សង្វៀន​ក្នុង​ប្រទេស​យើង នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​បារាំង»។

កីឡាករ​រូបនេះ​បាន​ប្រាប់​បន្តថា៖ «ក្នុង​រយៈពេល ៤ ខែ​នេះ ខ្ញុំ​បាន​ជាប់​កិច្ចសន្យា​ប្រកួត​ចំនួន ៧ លើក ក្នុង​នោះ ៣ ប្រកួត​នៅ​ក្នុង​ស្រុក​ខ្មែ នៅ​ថ្ងៃទី ១៨ ខែ​កុម្ភៈ នៅ​សង្វៀន CNC។ ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ និង​ថ្ងៃទី ៣ ខែ​មីនា នៅ​សង្វៀន CNC ម្តង​ទៀត»។

សោភ័ណ្ឌ បាន​បញ្ជាក់ថា៖ «បន្ទាប់​ពីនេះ នៅ​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០១៨ ខ្ញុំ​នឹង​ប្រកួត​ក្នុង​កម្មវិធី​ថៃហ្វៃ នៅ​ទីក្រុង​បាងកក ហើយ​នៅ​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០១៨ ខ្ញុំ​ប្រកួត​នៅ​ប្រទេស​បារាំង ៣ ប្រកួត ក្នុង​រយៈពេល ៣ ខែ ទើប​ត្រឡប់​មក​មាតុ​ប្រទេស​វិញ»។

រឿង សោភ័ណ្ឌ បាន​បន្ថែម​ថា៖ «ការ​ប្រកួត​នៅ​ប្រទេស​បារាំង​ចំនួន ៣ ប្រកួត​នោះ​សុទ្ធតែ​ដណ្តើម​ខ្សែ​ក្រវាត់​ជាមួយ​ពួក​អាស៊ី និង​អីរ៉ុប ហើយ​ខ្ញុំ​រំពឹង​ថា យ៉ាង​ហោច​ណាស់​ក៏​អាច​ឈ្នះ​ខ្សែក្រវាត់ ១ មក​មាតុ​ភូមិ​ដែរ»។

លោក​មៀម ស៊ីសារ៉ា ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​នៅ​ប្រទេស​បារាំង និង​ជា​ប្រធាន​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា៖ «តាម​គម្រោង ខ្ញុំ​នឹង​ដឹកនាំ​កីឡាករ​រឿង សោភ័ណ្ឌ ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​ដោយ​ចេញ​ដំណើរ​នៅ​ដើម​ខែ​មេសា ឆ្នាំ ២០១៨»។

លោក​បាន​បន្តថា៖ «ព្រឹត្តិការណ៍​នេះ​ធ្លាប់​ប្រកួត​ជា​រៀងរាល់​ឆ្នាំ ដែល​មាន​ប្រទេស​មកពី​អាស៊ី និង​ប្រទេស​ក្នុង​អឺរ៉ុប ហើយ​រឿង សោភ័ណ្ឌ គ្រោង​នឹង​ហ្វឹកហាត់ និង​ប្រកួត​នៅ​ប្រទេស​បារាំង​ចំនួន ៣ ប្រកួត​ក្នុង​រយៈពេល ៣ ខែ​ទើប​ត្រឡប់​មក​វិញ»។

លោក​បន្តថា ក្រៅពី​រឿង សោភ័ណ្ឌ នឹងមាន​កីឡាករ​ម៉ន សាម៉េត មក​ពី​ក្លិប​កងចក្រ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ​ម្នាក់​ទៀត ត្រូវ​ធ្វើ​ការ​ប្រកួត​ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម ប៉ុន្តែ​គិត​មក​ត្រឹម​ពេល​នេះ មិន​ទាន់​ច្បាស់​ដោយសារ​ខាង​អ្នករៀបចំ​នៅ​ប្រទេស​បារាំង​ពុំទាន់​មាន​ទម្ងន់​ស្រាល​នេះ​នៅ​ឡើយ។ លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ បាន​ប្រាប់​ថា៖ «សហព័ន្ធ​គុន​ខ្មែរ​នឹង​សម្រួល​រៀបចំ​ឯកសារ​ចេញ​ទៅ​ប្រកួត​ជូន​តាម​ការ​ស្នើសុំ​របស់​ភាគី​សហព័ន្ធ​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង»។

លោក​បាន​បន្ថែមថា៖ «យើង​នឹង​បំពេញ​បែប​បទ​តាម​ទម្រង់​ច្បាប់​ដោយ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជូន​ដំណឹង​ទៅ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងនោះ​ទាំង​សាមី​ខ្លួន​កីឡាករ ទាំង​ក្លិប ត្រូវ​យល់​ព្រម»៕