ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង រឿង សោភ័ណ្ឌ បាន​ផ្តួល​គូ​សត្រូវ​ចាស់មក​ពី​ប្រទេស​ថៃ Rong Keat ឲ្យ​សន្លប់​ធំ លឿន​បំផុត សម្រាប់ការ​វិល​មក​ជួប​គ្នាជាថ្មី នៅ​លើ​សង្វៀន CNC កាល​ពីល្ងាច​​ថ្ងៃ​អាទិត្យនេះ ចំណែក ពុទ្ធ ឆាយរិទ្ធី ​បាន​រក​ឃើញ​​ការ​ឈ្នះ​ក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ ដណ្តើម​​ពាន​អន្តរជាតិ នៅ​ថ្ងៃ​នេះដែរ ប៉ុន្តែ ឆៃ សារ៉ា ​បាន​ចាញ់ជើង​ខ្លាំង​របស់​ថៃ Noeng Trakan។

វា​មិន​មែន​ជា​លើកទី​​ ១ ​នោះ​ទេ ដែល រឿង សោភ័ណ្ឌ បាន​ផ្តួល​ជើង​ខ្លាំង​ថៃ Rong Keat ឲ្យ​សន្លប់ ប៉ុន្តែ​ការ​បុក​ជង្គង់​ឲ្យសន្លប់​ក្នុង​ទឹក​ទី ​២ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​​ប្រាក់​លាន កាល​ឆ្នាំ​ ២០១៧ ត្រូវបាន Rong Keat អះអាង​ថា ដោយសាររូប​​គេ​ភ្លាត់​ស្នៀត ពិសេស​មាន​ទម្ងន់​តិច​ជាង សោភ័ណ្ឌ ឆ្ងាយពេក។

យ៉ាង​ណា​ក៏​ដោយ ការ​វិល​មក​ជួបគ្នា​ជា​ថ្មី ​នៅ​លើ​សង្វៀន CNC កាល​ពី​ល្ងាច​​​អាទិត្យ​នេះ Rong Keat មិន​ទាន់​តែ​បាន​វាយ​បក​មក​លើ រឿង សោភ័ណ្ឌ ផង ក៏​ត្រូវ​បាន សោភ័ណ្ឌ ទាត់​ចូល​ពេញៗ រួច​ស្ទុះ​ចូល​បុក​កែង​ឆ្វេង​ចំថ្គាម​ស្តាំបណ្តាល​ឲ្យ​សន្លប់​ត្រឹម​ពាក់កណ្តាល​ទឹក​ទី​១។ រីឯ ហ៊ីម សេរី ក៏​បាន​ឈ្នះ​ Loukyod ក្នុង​ទឹក​ទី ​១ ​ដែរ ដោយ​សារថៃ​ម្នាក់ បាន​ជាប់​សរសៃ​ស្មា​ស្តាំ ពេល​រូប​គេ​ស្ទុះ​ចូល​ប្តូរកែង​ជាមួយ សេរី។

សម្រាប់​ការ​ប្រកួត​នៅ​សង្វៀន CNC ​នា​រសៀល​ថ្ងៃ​អាទិត្យ នោះ​ដែរ ពុទ្ធ ឆាយរិទ្ធី បាន​រក​ឃើញ​ការ​ឈ្នះ​ជា​លើក​ដំបូង​ ក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ​ដណ្តើម​​ពាន​អន្តរជាតិ កំពូល​អ្នក​ប្រដាល់​កណ្តាប់​ដៃ​ដែក ISI PALM ទម្ងន់​៦៧​គីឡូក្រាម តាម​រយៈ​ការវាយ​កែង និង​ម៉ាត់​ឡាវ Phan Chhai ឡើងគាំងរហូត​អាជ្ញា​កណ្តាល​បញ្ឈប់​នៅ​ចុង​ទឹក​ទី​ ៤ ​តែ​ម្តង។

ការ​ចាញ់​ពិន្ទុ​ជើង​ខ្លាំង Noeng Trakan ក្នុងការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃទី ​៤ ខែកុម្ភៈ បាន​ជំរុញ​ឲ្យ ពុទ្ធ ឆាយរិទ្ធី ខំ​ប្រឹង​ប្រកួតខ្លាំង សម្រាប់​ការ​ជួប Phan Chhai លើក​ទី ​២ ​​នេះ ហើយការ​វាយ​កែង និង​ម៉ាត់​ផ្ទួនៗ​ជា​ច្រើន​ដៃ​របស់​គេ ធ្វើ​ឲ្យ​ឡាវ​ម្នាក់​នេះ​​គាំងតដៃ​មិន​កើត និងត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​ នៅ​ចុង​ទឹក​ទី ​៣។

ឈាន​ចូល​ទឹក​ទី ​៤ ឆាយរិទ្ធី ​បានបង្កើត​​ការ​ម៉ាត់ និង​វាយ​កែង កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ Phan Chhai គាំង និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​ជា​លើក​ទី ​២ និង​ឈាន​ដល់​បញ្ឈប់​ការ​ប្រកួត​នៅ​ចុង​ទឹក​ទី​៤​នេះ​តែ​ម្តង ខណៈ ឆាយរិទ្ធី បាន​បន្ត​វាយ​កែង និង​ម៉ាត់ បណ្តាល​ឲ្យ Phan Chhai ងើប​មុខ​លែង​រួច ជាមួយ​អាការ​ស្ទើ​តែ​សន្លប់​ឈរ​នោះ។

ជាមួយ​លទ្ធផល​នេះ ជួយឲ្យ ពុទ្ធ ឆាយរិទ្ធី មាន​សង្ឃឹម​ឡើង​វិញ ក្នុងការ​ប្រជែង​​យកឱកាស​ឡើងទៅ​ប្រកួត​នៅ​វគ្គ​​បន្ត ប៉ុន្តែ ឆៃ សារ៉ា ដែល​​ឈ្នះ Phan Chhai ដោយ​ពិន្ទុ ​កាល​ពីប្រកួត​បើក​ឆាក​នោះ បាន​មកចាញ់ Noeng Trakan ដោយ​ពិន្ទុ​ដាច់ សម្រាប់​ការ​ប្រកួត​លើក​ទី​២​នេះ ធ្វើ​ឲ្យ​រូបគេ​មាន​៤ពិន្ទុ​ស្មើ ឆាយរិទ្ធី ឯ Noeng Trakan ឡើង​ទៅ​ឈរ​នៅ​លេខ​១​ជា​បណ្តោះ​អាសន្ន ដោយ​មាន​ ៦ ពិន្ទុ​ពេញ៕