ភ្នំពេញៈ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ ដែល​គ្រោង​កីឡា​ចំនួន ៩ ប្រភេទ ឲ្យ​ប្រកួត​គ្នា​នោះ បាន​បន្ថែម​ឲ្យ​មាន​ការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា និង​ថៃ ទៅ​លើ​ប្រភេទ​កីឡា​គុន​ខ្មែរ ហើយ​គូ​អន្តរជាតិ​នោះ គឺ​តម្រូវ​ទៅ​លើ​ជើង​ខ្លាំង​របស់​កម្ពុជា រឿង សោភ័ណ្ឌ និង​អ្នក​ប្រយុទ្ធ​របស់​ថៃ ឃុនផែន ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍។

ការវិល​មកជួប​គ្នា ក្នុង​ទម្ងន់ ៧០ គ.ក្រ រវាង រឿង សោភ័ណ្ឌ និង ឃុន​ផែន ក្នុង​បុណ្យ​ទន្លេ នៅ​ក្រុង​តាខ្មែរ ខេត្ត​កណ្តាល នា​ថ្ងៃទី​ថ្ងៃ​ទី ៩ ដល់​ទី ១១ ខែ​មីនា ខាង​មុខ​នេះ វា​បាន​ផ្តល់​ឱកាស​ឲ្យ ឃុនផែន សង​សឹក រឿង សោភ័ណ្ឌ ព្រោះ​ការ​ជួប​គ្នា ៤ លើក​កន្លង​មក​នេះ សោភ័ណ្ឌ បាន​ឈ្នះ ២ ចាញ់ ១ និង​ស្មើ ១ ដង ហើយ​ចុង​ក្រោយ សោភ័ណ្ឌ បាន​ម៉ាត់​ឲ្យ ឃុនផែន សន្លប់​ធំ​នៅ​សង្វៀន CNC។

លោក វ៉ា​ត់ ចំរើន អគ្គលេខា​ធិការ NOCC និង​ជា​ប្រធាន​អនុគ​ណៈកម្មការ​កីឡា​ប្រចាំ​បុណ្យ​ទន្លេ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ នៅ​បុណ្យ​ទន្លេ យើង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ចំនួន ២ ថ្ងៃ គឺ​ថ្ងៃ​សុក្រ និង​ថ្ងៃ​អាទិត្យ ទី ៩ និង​ទី ១១ ខែ​មីនា ឆ្នាំ ២០១៨ ដែល​មាន​ទីតាំង​នៅ​ជាប់​មាត់​ទន្លេ​ក្បែរ​អ្នក​តាចិន ខាង​កើត​ស្ពាន​ដែក​តាខ្មៅ ដោយ​ក្នុង​នោះ ល្ងាច​សុក្រ យើង​មាន​ប្រកួត​ចំនួន ៧ គូ និង​ថ្ងៃ​អាទិត្យ ដែល​មាន​គូ​អន្តរជាតិ​នោះ មាន ៧ គូ​ទៀត​ដូចគ្នា។

លោក​បន្តថា៖ «យើង មាន​គូ​ប្រដាល់​ពិសេស​ឆ្នើម​ប្រចាំ​នៅ​កម្ពុជា គឺ​រឿង សោភ័ណ្ឌ ត្រូវ​ប្រកួត​ជាមួយ​ថៃ ឃុន​ផែន ក្រៅ​ពី​នោះ​មាន​គូ​ប្រដាល់​សកល​អាជីព​ជម្រើស​ជាតិ និង​គូ​ប្រកួត​ថ្នាក់​ជាតិ​ជាច្រើន ដើម្បី​ឲ្យ​មហាជន បាន​ទស្សនា​ដោយ​សេរី»។

ជុំវិញ​ការបន្ថែម​ឲ្យ​មានការ​ប្រកួត​អន្តរជាតិ ១ គូ​នេះ លោក ចំរើន បញ្ជាក់​ថា៖ «ពី​ដំបូង​យើង​ត្រៀម​រៀបចំ​ប្រកួត​តែ​កម្រិត​ថ្នាក់​ជាតិ​ទេ គឺ​ធ្វើ​ទៅ​តាម​លទ្ធភាព និង​ថវិកា​ប៉ុន្តែ​កីឡាករ​លំដាប់​ជម្រើស​ជាតិ​មួយ​ចំនួន​របស់​យើង​ជាប់​ប្រកួត​តាម​ប៉ុស្តិ៍ អ៊ីចឹង​យើង​ត្រូវតែ​បង្ខំ​ចិត្ត បន្ថែម​គូ​អន្តរជាតិ តាម​សំណូមពរ​របស់​បង​ប្អូន​មហាជន និង​ដើម្បី​ញ៉ាំង​កម្មវិធី​ឲ្យ​បាន​ល្អ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​ផង»។

ទាក់ទង​នឹង​ការប្រកួត​នេះ កីឡាករ រឿង សោភ័ណ្ឌ បាន​និយាយថា៖ «ខ្ញុំ​មាន​កិត្តិយស​ដែល​ត្រូវ​បាន​គណៈ​កម្មការ​ជ្រើសរើស​ឲ្យ​ទៅ​ប្រកួត នៅ​បុណ្យ​ទន្លេ នៅ​ឆ្នាំ​នេះ ទោះបី​តម្លៃ​ខ្លួន​ប្រកួត បាន​តិច​ជាង​ការ​ប្រកួត​តាម​សង្វៀន​ប៉ុស្តិ៍​ឯកជន ក៏ដោយ ហើយ​ដៃគូ ដែល​ខ្ញុំ​ត្រូវ​ជួប​លើក​នេះ ខ្ញុំ​ធ្លាប់​ស្គាល់ និង​ធ្លាប់​ប្រកួត​គ្នា ៤ លើក​ហើយ ដោយ​ខ្ញុំ​ឈ្នះ ២ ចាញ់ ១ និង​ស្មើ ១ ដង»។

ម្ចាស់​ខ្សែក្រវាត់ ៦ ស្ថាប័ន​រូបនេះ បាន​បន្ថែម​ថា៖ «កីឡាករ​ថៃ ឃុនផែន រូបនេះ​ល្អ​ជង្គង់ និង​កម្លាំង​ខ្លាំង ហើយ​ជា​កីឡាករ​លំដាប់​ល្អ​មួយ​រូប លំបាក​ប្រកួត​ណាស់ ប៉ុន្តែ​គេ​នឹង​លំបាក​ទប់ទល់​ជាមួយ​កណ្តាប់​ដៃ​របស់​ខ្ញុំ​មិន​ខាន»។

ទោះជា​យ៉ាងណា សោភ័ណ្ឌ មិន​ហ៊ាន​អះអាង​ពី​លទ្ធផល​ឈ្នះ​នោះ​ឡើយ ដោយ​រូបគេ​បញ្ជាក់​ថា៖ «ការ​ឈ្នះ​ឬ​ចាញ់ អាស្រ័យ​ពេល​ប្រកួត​ជាក់​ស្តែង ដែល​យើង​អាច​មើល​ឃើញ​ចន្លោះ​ដៃគូ​ថា មាន​ចំណុច​ខ្សោយ​កន្លែង​ណា ឬ​ខ្លាំង​កន្លែង​ណា ទើប​យើង​ត្រូវ​ផ្តាច់​យក​ជ័យ​ជម្នះ តាម​របៀប​ណា»។

ក្រៅពី រឿង សោ​ភ័​ណ្ឌ និង​ថៃ មាន​កីឡាករ​ល្អៗ​ជាច្រើន​ទៀត ត្រូវ​ប្រកួត​គ្នា ក្នុង​បុណ្យ​ទន្លេ ឆ្នាំ​នេះ​ដែរ ដូចជា ប្រាក់ ឌីណា ត្រូវ​ប៉ះ សរ សួ ខណៈ លី តឿន ជួប គឿម សុវណ្ណ​នឿត។ រីឯ ខេម ចាន់ ត្រូវ​តទល់​នឹង សង គង់ ហើយ ម៉ន សាម៉េត ប៉ះ មាស សារៈ, សោម វិច្ឆ័យ ប្រកួត​ជាមួយ រិទ្ធ មុន្នី,ហ៊ឹម សារ៉ាន់ ប៉ះ ធា នុរាជ និង ឡូញ វណ្ណឌី ត្រូវ​ជួប សំ ភក្តី ជាដើម។

លោក ខ្វៃ អាទិត្យា អគ្គនាយក​ទូរទស្សន៍​អប្សរា បាន​ប្រាប់​ភ្នំពេញ​ពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «សកម្មភាព​ប្រកួត​ប្រដាល់​គុន​ខ្មែរ នៅ​បុណ្យ​ទន្លេ ទូរទស្សន៍​អប្សរា ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈ​កម្មការ​បុណ្យ ផ្សាយ​ផ្ទាល់​ពី​ក្រុង​តាខ្មៅ​ទាំង ២ ថ្ងៃ ពី​ម៉ោង ៤ ដល់​ម៉ោង ៦ ល្ងាច ដើម្បី​ចែក​ជូន​ដល់​បងប្អូន បាន​ទស្សនា​ទូទាំង​ប្រទេស និង​បាន​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា និង​វប្បធម៌​ជាតិ​ទាំង​អស់​គ្នា»៕