Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រឿង សោភ័ណ្ឌ ផ្តួល​ថៃ Souy Gnam យក​ប្រាក់ ១ លាន​រៀល

Content image - Phnom Penh Post
រឿង សោភ័ណ្ឌ (ឆ្វេង) និង​កីឡាករ​ថៃ Souy Gnam។ យឺន ពន្លក

រឿង សោភ័ណ្ឌ ផ្តួល​ថៃ Souy Gnam យក​ប្រាក់ ១ លាន​រៀល

ភ្នំពេញ: រឿង សោភ័ណ្ឌ មក​ពីក្លិប​មកុដ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រើ​កណ្តាប់ដៃ​ផ្តួល​ជើង​ខ្លាំង​របស់​ថៃ Souy Gnam ឲ្យ​សន្លប់ធំ​នៅ​ទឹកទី ៣ ដើម្បី​បាន​ប្រាក់​បន្ថែម​ពី​ក្រុមហ៊ុន​ស្រា​អាឡិចហ្សង់វីស្គី​ចំនួន ១ លានរៀល បន្ថែម​ពីលើ​តម្លៃ​ខ្លួន​ប្រកួត​ធម្មតា ក្នុងការ​ប្រកួត​ប្រដាល់​គុនខ្មែរ​គូ​មិត្តភាព​អន្តរជាតិ​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ ទី ១៦ ខែ​កក្កដា ឆ្នាំ ២០១៧ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​កម្រិត​គូឯក​ប្រចាំ​សប្តាហ៍។

ការប្រកួត​របស់​រឿង សោភ័ណ្ឌ មិន​ថាស​ង្វៀន​ណា​នោះទេ តែបាន​ផ្តល់​នូវការ​ទាក់ទាញ​អ្នកទស្សនា​រាប់ពាន់​នាក់​សឹងតែ​រក​កន្លែង​ឈ​មិន​បាន ដោយសារ​តែ​ទេពកោសល្យ​ជំនាញ​ប្រើ​កណ្តាប់ដៃ​ផ្តួល​ដៃគូ ព្រមទាំង​មិនចេះ​បន្ធូរដៃ​ឲ្យ​ដៃគូ​ម្តងណា​ឡើយ។

នៅក្នុង​ជំនួប​ប្រកួត ២ ទឹក​ដំបូង កីឡាករ​ទាំងពីរ​ហាក់​ស្ថិត​ក្នុង​ភាព​ប្រទាញ​ប្រទង់ ស្របពេល​ដែល Souy Gnam មាន​កម្ពស់​ខ្ពស់​ជាង និង​ល្អ​លើ​ក្បាច់​ឱប​ឡើង​ជង្គង់​ថែម​ទាំង​កម្លាំង​នៅ​រឹងមាំ​នោះ។ នៅ​ទឹក​ទី ៣ រឿង សោភ័ណ្ឌ បាន​ប្តូរ​យុទ្ធសាស្ត្រ​ពីវាយ​កណ្តាប់ដៃ តាមរយៈ​ការវាយ​ចូល​តំបន់​ក្បាល​ពោះ​វិញ​ម្តង។

ការបញ្ជូន​កណ្តាប់ដៃ​ឆ្វេង​ផ្ទួនៗ​ចូល​គោលដៅ​បាន​ល្អ ធ្វើឲ្យ Souy Gnam ចាប់ផ្តើម​ខ្លាច និង​រួញ​ខ្លួន​ដកថយ​ក្រោយ​ជារឿយៗ​ដែលជា​ឱកាស​មាស​របស់​រឿង សោភ័ណ្ឌ ចូល​វាយ​សម្រុក​កាន់តែ​ខ្លាំង​ឡើង។

ក្នុង​រយៈពេល ២ នាទី​ក្នុង​ទឹក​ទី ៣ រឿង សោភ័ណ្ឌ​បាន​វាយ​បង្ខំឲ្យ​អាជ្ញាកណ្តាល​ម៉ាក់ សាមឿន ពន្យារ​ពេល​រាប់ឲ្យ​កីឡាករ​ថៃ Souy Gnam ដល់ ៨ ចំនួន​ពីរ​លើក ហើយ​ឈាន​ចូល​នាទី​ទី ៣ ក្នុង​ទឹកទី ៣ ដដែល កណ្តាប់ដៃ​ឆ្វេង​បាន​បន្ថែម​ចូល​គុម្ព​ក្រចៀក Souy Gnam បណ្តាល​ឲ្យដេក​ស្អាត​ងើប​លែងរួច​តែម្តង ហើយ​តំណាង​ក្រុមហ៊ុន​ស្រាអាឡិចហ្សង់វីស្គី បាន​ផ្តល់​ប្រាក់​ភ្លាមៗ​ចំនួន ១ លាន​រៀល​បន្ថែម​លើ​តម្លៃ​ខ្លួន។

តំណាង​ក្រុមហ៊ុនស្រា​អាឡិចហ្សង់វីស្គី បាន​ប្រកាស​ផ្តល់​ប្រាក់​ចំនួន ១ លាន​រៀលរាល់​ព្រឹក​ថ្ងៃ​អាទិត្យ ដល់​កីឡាករ​កម្ពុជា​ណា ដែល​ផ្តួល​កីឡាករ​បរទេស​ឲ្យ​សន្លប់​ក្នុង​ចន្លោះ​ពី​ទឹកទី ១ ដល់​ទឹកទី ៣ ពីលើ​តម្លៃ​ខ្លួន។ កន្លង​មក​ប្រាក់​រង្វាន់ ១ លាន​រៀល​នេះ​ប្រហែល ៣ ទៅ ៤ សប្តាហ៍​ទើប​មាន​អ្នក​ឈ្នះ ខណៈដែល​តំណាង​ក្រុមហ៊ុន​នៅតែ​ប្រកាស​ជូន​ជានិច្ច។

លោក​ញាន សុធី អ្នកគ្រប់គ្រង​កម្មវិធី​កីឡា​ប្រដាល់​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ បាន​ឲ្យដឹ​ងថា៖ «រឿង សោភ័ណ្ឌ ជាកីឡាករ​ដែល​មាន​ប្រិយភាព​ខ្លាំង​បំផុត​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍។ តាមរយៈ​សមត្ថភាព និង​ទឹកចិត្ត​ប្រកួត​មោះមុត​ក្លាហាន សោភ័ណ្ឌ ត្រូវបាន​ក្រុមហ៊ុន​កក់​ទុក​សម្រាប់​ខែ​សីហា ជាច្រើន​លើក​ផងដែរ ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​មកពី​ក្រៅ​ប្រទេស»៕

0

Comments

Please, login or register to post a comment