ភ្នំពេញៈ អ្នកលេង​កណ្តាប់ដៃ រឿង សោភ័ណ្ឌ កំពុង​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឡើង​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​គោជល់ ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Opor នៅ​លើ​សង្វៀន CNC នា​យប់​ថ្ងៃ​សៅរ៍នេះ ខណៈ​ការ​ប្រកួត​នេះ សោភ័ណ្ឌ មាន​ទំនុកចិត្ត​ខ្ពស់​បំផុត។

វា​មិនមែនជា​លើក​ទី ១ នោះ​ទេ ដែល រឿង សោភ័ណ្ឌ និង Opor បាន​ជួបគ្នា គឺ​ពួកគេ​បាន​ប្រកួត​គ្នា ៤ ទៅ ៥ លើក​មក​ហើយ និង​ធ្លាប់​ឈ្នះ ចាញ់ គ្នា​ទៅ​វិញ​ទៅ​មក។

យ៉ាងណា​ក៏ដោយ គេ​នៅ​ចាំបាន​ថា Opor ធ្លាប់​បាន​ធ្វើ​ឲ្យ រឿង សោភ័ណ្ឌ ខក​ចិត្ត​ខ្លាំង តាមរយៈ​ការ​ទម្លាក់ សោភ័ណ្ឌ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ នៅ​លើ​សង្វៀន SEATV កន្លង​មក។

ចំណែក​ការជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​គោជល់ វគ្គ ៨ ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម នៅ​លើ​សង្វៀន CNC នេះ រឿង សោភ័ណ្ឌ ត្រូវបាន​គណៈកម្មការ​ប្រកាស​ឲ្យ​ឈ្នះ​ពិន្ទុ Opor ទាំង​ចម្រូង​ចម្រាស ព្រោះ​ការ​ប្រកួត​នោះ សោភ័ណ្ឌ បាន​ចាញ់​ប្រៀប Opor ច្រើន ហើយ សោភ័ណ្ឌ ក៏​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់ ១ លើក​ផងដែរ។

យ៉ាងណាក៏ដោយ រឿង សោភ័ណ្ឌ ដែល​កំពុង​គ្រប់គ្រង​ខ្សែក្រវាត់​ចំនួន ៥ ស្ថាប័ន​ផ្សេងៗ​គ្នា​តែ​ម្នាក់​ឯង​នោះ មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត ក្នុងការ​ឈ្នះ​ខ្សែក្រវាត់​ទី ៦ នេះ។

សោភ័ណ្ឌ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ការ​ហ្វឹកហាត់ និង​ការ​តាំង​ចិត្ត​ប្រកួត ដើម្បី​ឈ្នះ ហើយ​នេះ​ជា​ចំណុច ដែល​ខ្ញុំ​គិត​ថា មិន​អាច​ឲ្យ​ខ្សែ​ក្រវាត់​នេះ របូត​ពី​ដៃ​ខ្ញុំ​បាន​ទេ គឺ​ខ្ញុំ​បាន​ប្តេជ្ញា​ថា ខ្ញុំ​នឹង​ឈ្នះ​ខ្សែក្រវាត់​ទី ៦ ក្នុង​ដើម​ឆ្នាំ ២០១៨ នេះ ជា​មិន​ខាន»។

ចំណែក​លោក ឈិន ក្វាន់ចៃ គ្រូបង្វឹក រឿង សោភ័ណ្ឌ បាន​ប្រាប់ កាល​ពី​ម្សិលមិញ​ថា ៖ «ការ​ជួប​គ្នា​កន្លង​មក រឿង សោភ័ណ្ឌ ហាត់​មិនសូវ​បាន​ពេញចិត្ត​ទេ ព្រោះ​គេ​មាន​ជំងឺ​ក្រពះ ផង និង​ឈឺ​ពោះ​វៀន​ផង ប៉ុន្តែ​ការ​ជួប​គ្នា​លើក​នេះ រឿង សោភ័ណ្ឌ បង្កើន​ការ​ហ្វឹក​ហាត់​បាន ៨០ ភាគរយ​ហើយ ហើយ​ខ្ញុំ​មាន​សង្ឃឹម​រហូត​ដល់ ៨៥ ភាគរយ​ថា រឿង សោភ័ណ្ឌ នឹង​អាច​យក​ឈ្នះ Opor ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នេះ»។

គ្រូបង្វឹក​រូបនេះ បាន​បញ្ជាក់​ថា៖ «តាមរយៈ​ការ​ហ្វឹកហាត់​នេះ រឿង សោភ័ណ្ឌ នឹង​វាយ​ចេញ​បាន​ធ្ងន់​ទាំង​កណ្តាប់ដៃ និង​កែង ហើយ​គុណភាព​កម្លាំង​របស់​គេ ក៏​ពេញ​ផងដែរ ចំណែក​យុទ្ធសាស្ត្រ​វ៉ៃ​លើក​នេះ យើង​នឹង​ចេញ​កណ្តាប់ដៃ​ឲ្យ​បាន​ច្រើន រួច​ថែម​ដោយ​ការ​វាយ​កែង​តែម្តង គឺ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ Opor ចាប់​បុក​ជង្គង់ ព្រោះ​ថៃ​ម្នាក់​នេះ គេ​ពូកែ​ខាង​ចាប់​បុក​ជង្គង់​ខ្លាំង​ណាស់»។

បើ​ទោះបី​ជា​មានការ​ជឿជាក់ និង​អះអាង​យ៉ាង​នេះ​ក្តី ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ រឿង សោភ័ណ្ឌ ឬ Opor ជា​ម្ចាស់​ខ្សែក្រវាត់​នោះ​ទេ? ព្រោះ Opor ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្លាំង មិន​អាច​នឹង​ចាញ់​កីឡាករ​ណា​ម្នាក់​ដោយ​ងាយ​ឡើយ ហើយ​គេ​ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​កម្ពុជា កន្លង​មក​ផងដែរ។

ចំណែក​កីឡាករ​ថៃ Natthakeat និង Farmaengkorn ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ៣ និង​លេខ ៤ នៅ​យប់​ថ្ងៃ​សៅរ៍​នោះ​ដែរ ខណៈ​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កន្លង​មក​នេះ Natthakeat បាន​ចាញ់ Opor ឯ Farmaengkorn ចាញ់​ពិន្ទុ រឿង សោភ័ណ្ឌ។ រីឯ កីឡាករ​កម្ពុជា ផាន់ គ្រាន់ ត្រូវ​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ Peyman Ordouzadeh ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម នៅ​ថ្ងៃ​សៅរ៍ នោះ​ដែរ៕