Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ជា ប៊ុនហេង​ វាយ​បក​ការ​ចោទ​ថា ក្រុម​សូហ្វតិន្នីស​កម្ពុជា គេ​ចែក​មេដាយមាសឲ្យ

Content image - Phnom Penh Post
លោក ជា ប៊ុនហេង ពេល​ថ្លែង​ក្នុង​សន្និសីទ​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ស្រេង ម៉េងស្រ៊ុន

លោក ជា ប៊ុនហេង​ វាយ​បក​ការ​ចោទ​ថា ក្រុម​សូហ្វតិន្នីស​កម្ពុជា គេ​ចែក​មេដាយមាសឲ្យ

ភ្នំពេញ៖ អគ្គលេខាធិការ​សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង ​បាន​ធ្វើ​ការ​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​ប្រព័ន្ធផ្សព្វ​ផ្សាយ និង​មនុស្ស​​មួយ​ចំនួន ដែល​ថា ការ​ឈ្នះ​មេដាយ​មាស​របស់​ក្រុម​កីឡាសូហ្វតិន្នី​សកម្ពុជា ​ ពី​ការ​ប្រកួត​កីឡាសូហ្វតិន្នីស​ជើងឯក​អាស៊ាន លើក​ទី​២ នៅ​ប្រទេស​ហ្វីលីន កាល​ពី​ពេលថ្មីៗ​នេះ ជា​មេដាយ​គេ​ចែក​ឲ្យ ដោយ​លោក​បាន​ចាត់​ទុក​អ្នក​ទាំង​នោះ ជាអ្នកគិត​បែប​អគតិ មិន​អាច​ទទួល​យក​បាន។

លោក ជា ប៊ុនហេង ដែលជា​ប្រធានប្រតិភូដឹក​នាំ​ក្រុម​អត្តពលិក​ទៅ​ចូល​រួមការ​ប្រកួត ខាង​លើ​នេះ បាន​ថ្លែង​ក្នុងសន្និសីទកាសែត នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ព្រឹក​ម៉ោង​១០ ថ្ងៃអង្គារ​នេះ​ថា៖​«ទម្រាំង​ទទួល​បាន​​មេដាយមាស នៅ​ពេល​នេះ យើង​បាន​ខិតខំ​ប្រឹងប្រែ​ង​យ៉ាង​ខ្លាំង ​​ទាំង​គ្រូ​បង្វឹក ថ្នាក់​ដឹកនាំ និងអត្តពលិក គឺ​មិនមែន​គេ​ចែក​មេដាយ​ឲ្យ​យើង ដូចការ​ចុះ​ផ្សាយ​​មួយ​ចំនួន និងការ​យល់​ឃើញ​របស់​​មនុស្ស​មួយ​ចំនួន ដែល​មិន​បានយល់ច្បាស់​ពីកីឡាសូហ្វតិន្នីសនោះទេ»។

លោក​បាន​បញ្ជាក់​ថា៖​«បើ​សិន​ជាគេ​មាន​មេដាយ​ចែក​ឲ្យមែន​នោះ ខ្ញុំ​ទិញ​គេ​តែ​ម្តង មិន​ចាំ​បាច់​ខំប្រឹង​ប្រកួតឲ្យ​ហត់នោះ​ទេ ព្រោះ​ខ្ញុំ​មាន​លុយច្រើន​អាច​ទិញ​បាន។ ខ្ញុំ​គិត​ថា ការ​ចោទប្រកាន់ទាំង​នោះ ជា​ភាសាអគតិ ដែល​មិន​អាច​ទទួល​យក​បាន ព្រោះ​យើង​បាន​ប្រឹង​ប្រែង​ខ្លាំងណាស់​ ទាំង​កម្លាំង​កាយ​ចិត្ត និង​ថវិកា ដោយ​ចេញ​ប្រកួត​​មួយ​លើកៗ យើង​ចំណាយ​អស់​ជាង​១ម៉ឺន​ដុល្លារ ហើយ​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ សូម្បី​លុយ​ហោប៉ាវ ក្រសួងអប់រំ យុវជន និង​កីឡា មិនទាន់​ឲ្យយើង​​ផង»។

គួរ​បញ្ជាក់​ថា សម្រាប់​ការចេញ​ទៅ​​ប្រកួត​កីឡាសូហ្វតិន្នីស​ជើងឯក​អាស៊ាន​លើក​ទី​២​នៅ​​ប្រទេស​ហ្វីលីពីន ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា កន្លង​មក​នេះ សហព័ន្ធ​កីឡាសូហ្វតិន្នីស​កម្ពុជា ​​បាន​​បញ្ជូន​អត្តពលិក​១៤​នាក់(ស្រី​៦​នាក់) ទៅ​ចូល​រួម​ប្រកួត។

ជា​លទ្ធផល​នៃ​ការ​ប្រកួត ដែល​មាន​៥​ប្រទេស​ចូល​រួម ខណៈ​ប្រទេស​​ថៃ និង​ឥណ្ឌូនេស៊ី បាន​ដក​ខ្លួន​ចេញ​នោះ គឺ​ក្រុម​សូហ្វតិន្នីស​កម្ពុជា ដណ្តើម​បានមេដាយមាស២​ លើ​ការ​ប្រកួត​ជា​ក្រុម និង​វាយគូបុរស ដោយ​បាន​ឈ្នះ​ក្រុមម្ចាស់ផ្ទះហ្វីលីពីន ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដូច​គ្នា។ ប៉ុន្តែ​ការ​ប្រកួត​ជា​ក្រុម​នារី​កម្ពុជា បានចាញ់​ក្រុមហ្វីលីពីន ២-១ វិញ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ទទួលបាន​ត្រឹម​មេដាយ​ប្រាក់៕

Content image - Phnom Penh Post
លោក ជា ប៊ុនហេង បាន​ថត​រូបជាមួយ​គ្រូ​បង្វឹក អ្នក​តំណាងមក​ពី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា និងក្រុម​អត្តពលិក ដែល​ឈ្នះបាន​មេដាយ​មាស ប្រាក់ ពី​ប្រទេស​ហ្វីលីពីន។ ស្រេង ម៉េងស្រ៊ុន

0

Comments

Please, login or register to post a comment