ក្រុង​ឡុងដ៍: លោក Antonio Conte អ្នក​ចាត់​ការ​ទូ​ទៅ​របស់​ក្រុម Chelsea ជឿជាក់​ថា ក្រុម​ម្ចាស់​ជើង​ឯក​របស់​អង់​គ្លេស​មួយ​នេះ អាច​ធ្វើ «រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ» តាមរយៈ​ការ​ទម្លាក់​ក្រុម Barcelona ឲ្យ​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Champions League នៅ​កីឡដ្ឋាន Camp Nou នៅ​ថ្ងៃ​ទី​១៤ ខែមីនា ខាង​មុខ​នេះ បើ​ទោះ​បី​បាន​​បោះ​បង់​ការ​នាំមុខ ដើម្បី​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ក្នុង​ការ​ប្រកួត​ជើង​ទី​​ ១ នៃ​វគ្គ​​ ១៦ ក្រុម​ចុងក្រោយ​របស់ពួក​គេ​ក៏ដោយ​។

Willian បាន​ផ្តល់​ផល​តប​ស្នង​ចំពោះ​ការ​​​ជ្រើស​រើស​យកក្រុម​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក Conte កាល​ពី​ថ្ងៃ​អង្គារ តាមរយៈ​ការ​​ជួយ​ឲ្យ​ក្រុម​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ នាំមុខ​មុន បន្ទាប់​ពី​នាទី ទី​ ៦០ ក្រោយ​ពី​បាន​ស៊ុត​បាល់​ប៉ះ​របារ​ទី ​២ ​ដង​ក្នុង​តង់​ទី​ ១​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម Barca បានដ​ណ្តើម​យក​ប្រៀប​ទៅ​​លើ​ការ​ប្រព្រឹត្ត​កំហុស​ដ៏កម្រ​​របស់​ក្រុម Chelsea នៅ​រាត្រី​នោះ ខណៈ​ដែល Andres Iniesta បាន​រត់​ដណ្តើម​បាល់​ពី​ការ​បញ្ជូន​របស់​ខ្សែ​ការ​ពារ Andreas Christensen និង​បាន​​បោះ​បាល់​ទៅ​ឲ្យ Lionel Messi ដែល​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី​១​របស់​គេ​ក្នុង​ចំណោម​ការ​ប្រកួត​៩​លើក​ជាមួយនឹងក្រុម Chelsea។

លោក Conte បាន​ឲ្យ​ដឹង​ថា៖ «យើង​ត្រូវ​តែ​​មាន​ភាព​ប្រា​កដ​និយម​។ យើង​កំពុង​តែ​និយាយ​ពី Barcelona​។ ពួក​​គេ​បង្ហាញ​ថា ពួកគេ​ជាក្រុម​ដ៏ខ្លាំង និង​អស្ចារ្យ​នៅ​រាត្រី​នេះ​»​។

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​ រូបនេះ​បាន​បន្ថែម​ទៀត​​ថា៖ «យើង​បាន​បង្ហាញ​ថា ប្រសិន​បើ​​យើង​ត្រៀម​លក្ខណៈ​រួច​រាល់ ក្នុង​ការ​ខិត​ខំព្យាយាម​ធ្វើ​ការ​រួម​គ្នា​នៅ​តំបន់​ការ​ពារ ប៉ុន្តែ បន្ត​រក្សា​មាន​អារម្មណ៍​ល្អ នៅ​ពេល​ដែល​​អ្នក​ទទួល​បាន​បាល់ និង​នៅពេល​ដែល​យើង​មាន​ឱកាស​ក្នុង​ការ​រក​គ្រាប់​បាល់ យើង​អាច​​បង្កើត​រឿង​ដ៏​មិន​គួរ​​ឲ្យ​ជឿ​នៅ​កីឡដ្ឋាន Nou Camp​»​៕ IS

ខ្សែ​បម្រើ Willian (កណ្តាល) របស់ Chelsea ព្យា​យាម​គ្រប់​គ្រង​បាល់​ក្រោម​សម្ពាធ​ពី Sergi Roberto (ឆ្វេង) និង Sergio Busquets របស់ Barcelona​។ AFP